ក្រុមហ៊ុនរបស់កីឡាករបាល់ទាត់អេស្ប៉ាញ Andres Iniesta ត្រូវបានចោទប្រកាន់ពីបទបោកប្រាក់លុយប្រមាណ ៦០ម៉ឺនដុល្លារនៅប្រទេសប៉េរូ។
ម្ចាស់អាជីវកម្មជាច្រើននៅប្រទេសប៉េរូបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនចំនួនពីរដែលជាកម្មសិទ្ធិរបស់វីរបុរសកីឡាបាល់ទាត់អេស្ប៉ាញ Andres Iniesta ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំប្រាក់ និងលួចទ្រព្យសម្បត្តិ។
យោងតាមកាសែតហូឡង់ Telegraaf បណ្តឹងពីសំណាក់អាជីវកម្មក្នុងប្រទេសប៉េរូ ផ្តោតលើក្រុមហ៊ុន Never Say Never Barcelona និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Never Say Never Sudamerica។ អតីតខ្សែបម្រើឆ្នើម Barcelona ជាម្ចាស់ក្រុមហ៊ុនទាំងពីរនេះ ដែលរៀបចំព្រឹត្តិការណ៍កម្សាន្តនៅប្រទេសអេស្ប៉ាញ និងអាម៉េរិកខាងត្បូង។
បណ្តឹងខាងលើចោទប្រកាន់ថា អាជីវកម្មប៉េរូបានឧបត្ថម្ភព្រឹត្តិការណ៍មួយចំនួនដែលក្រុមហ៊ុនរបស់ Iniesta បានគ្រោងរៀបចំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ទាំងនោះមិនដែលបានកើតឡើងទេ ហើយក្រុមហ៊ុនទាំងពីរនោះក៏មិនបានសងប្រាក់ឧបត្ថម្ភប្រមាណ ៦០០,០០០ ដុល្លារតឡប់ទៅវិញដែរ។
ការិយាល័យរដ្ឋអាជ្ញាប៉េរូ ដែលកំពុងដំណើរការស៊ើបអង្កេត អះអាងថាករណីនេះអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ។ រដ្ឋអាជ្ញាប៉េរូ បានចោទប្រកាន់Iniesta បានប្រើប្រាស់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដើម្បីទាក់ទាញហិរញ្ញប្បទានសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនខ្លួន។ ជុំវិញការចោទនេះ អតីតកីឡាករBarcelona, Vissel Kobe នៃលីគកំពូលជប៉ុន និង Emirates នៃលីគកំពូលអេមីរ៉ាតអារ៉ាប់រួម មិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ។
Iniesta វ័យ ៤១ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើ និងជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់។ ក្នុងអាជីពកីឡាករបាល់ទាត់ ២៤ឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ ២០២៤ Iniesta ឈ្នះពានរង្វាន់ចំនួន ៣០ ជាមួយក្រុមBarcelona រួមទាំងពានរង្វាន់Champions League ចំនួន៤ និងLa Liga ចំនួន ៩។ ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់ឈ្នះជើងឯកអឺរ៉ុប Euro 2008, Euro 2012 និង World Cup ឆ្នាំ២០១០។
បច្ចុប្បន្ន Iniesta មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ១២០ លានដុល្លារ ដែលបានមកពីអាជីពជាកីឡាករ ក៏ដូចជាការផ្សាយពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មពាណិជ្ជកម្មរបស់ខ្លួន៕
ប្រភព៖ THMEYTHMEY



