កីឡាករ ម៉ាឡេស៊ី ម្នាក់ត្រូវក្លិបផ្តាច់កុងត្រា ក្រោយ FIFA ចោទរឿងបន្លំសញ្ជាតិ

ក្លិប America de Cali របស់ប្រទេស កូឡុំប៉ី បានបញ្ចប់កិច្ចសន្យា​ជាមួយ​កីឡាករជម្រើសជាតិ ម៉ាឡេស៊ី Rodrigo Holgado បន្ទាប់ពីរូបគេត្រូវ FIFA ដាក់ពិន័យ ដោយហាមឃាត់ពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ ឆ្នាំ។

ការដាក់ពិន័យនេះបានកើតឡើង បន្ទាប់ FIFA រកឃើញសមាគមបាល់ទាត់ម៉ាឡេស៊ី បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករចំនួន ៧ នាក់ ហើយក្នុងចំណោមនោះមានកីឡាករ Rodrigo Holgado ផងដែរ។ ករណីនេះ សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបាន FIFA ពិន័យជាប្រាក់ជាង ៤៣ ម៉ឺនដុល្លារ ខណៈកីឡាករទាំង ៧ នាក់នោះ ត្រូវហាមឃាត់មិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ និងជាប្រាក់ ២៥០០ ដុល្លារអាមេរិកក្នុងម្នាក់។

យ៉ាងណាមិញ សមាគមបាល់ទាត់ម៉ាឡេស៊ី ក៏បានធ្វើការប្តឹងឧទ្ធរណ៍ ជំទាស់វិញដែរ ប៉ុន្តែចុងក្រោយត្រូវបាន FIFA ច្រានចោលការប្តឹងឧទ្ធរណ៍នេះ។ ជំហានបន្ទាប់ ម៉ាឡេស៊ី មិនទាន់បញ្ចប់ត្រឹមនេះនោះទេ ដោយពួកគេនឹងប្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡាបន្តទៀត ដើម្បីជំនុំជំរះរកភាពយុត្តិធម៌អំពីរឿងនេះ។

ទោះបីជា FIFA មិនទាន់បានសម្រេចអំពីការពិន័យជាផ្លូវការក៏ដោយ ប៉ុន្តែកាលពីថ្ងៃ អង្គារ៍ ទី ១១ ខែ វិច្ឆិកា កន្លងទៅ ក្លិប America de Cali បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យារបស់កីឡាករ Holgado តែម្តង ស្របពេលកិច្ចសន្យារបស់កីឡាកររូបនេះនៅសល់លើសមួយឆ្នាំទៀត៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top