លោក Peter Koo មើល​ឃើញ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ឡើង​ខ្លាំង

លោក Peter Koo នាយក​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន​ ខេមបូឌានព្រីមៀរលីគ (CPL) បាន​ចាត់​ទុក​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​រីក​​ចម្រើន​ បន្ទាប់​ពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ និង​មាន​ក្លិប​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​អាច​​ប្រកួត​ប្រជែង​ជា​មួយ​ក្លិប​នៅ​ក្នុង​តំបន់។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» បុរសសញ្ជាតិកូរ៉េ Peter Koo ដែលបានរស់នៅកម្ពុជាតាំងពីតូច បានលើកឡើងថា ជនបរទេសភាគច្រើនអត់សូវបានដឹងពីកីឡាបាល់ទាត់កម្ពុជាទេ ប៉ុន្តែកាលពីឆ្នាំមុន ពួកគេបានចាប់អារម្មណ៍ពីបាល់ទាត់កម្ពុជា បន្ទាប់ពីក្លិប ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់អាស៊ី។

លោកថា ៖«ខ្ញុំបានប្រាប់ប្រទេសជិតខាងដែរថា អ្នកនឹងដឹង មិនយូរទេ តិចទៀតអ្នកនឹងកាន់តែដឹងពីបាល់ទាត់កម្ពុជា។ ខ្ញុំធ្លាប់ធ្វើបទបង្ហាញនៅក្រៅប្រទេសអំពីបាល់ទាត់កម្ពុជាដែរ។ តាមពិតទៅ បើយើងគិតលើទំហំសេដ្ឋកិច្ច ប្រទេសជាច្រើននៅលើពិភពលោក បាល់ទាត់ និងសេដ្ឋកិច្ច ដើរទន្ទឹមគ្នា។ បើយើងមើល GDP ឬសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង ប្រៀបធៀបជាមួយប្រទេសផ្សេងៗ គឺ បាល់ទាត់យើងល្អមែនទែន»។

បុរស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ថា ៖«កាល​ពី​ឆ្នាំ​មុន ក្លិបកម្ពុជា​យើង​បាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League។ ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​​ភ្ញាក់​ផ្អើល​ មាន​អ្នក​ផ្សេង​​ច្រើន​បាន​ភ្ញាក់​ផ្អើល ហើយ​​​ប្រាប់​ខ្ញុំ​ថា លីគ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​ខ្លាំង​មែន​ទែន។​​ ទាំង​គុណភាព​ ក្រុម​​​ កីឡាករ ទី​លាន​​ ហើយ​ឆ្នាំ​នេះ ខ្ញុំ​យល់​ឃើញ​ថា កាន់​តែ​ពិសេស​ប្លែក​ជាង​ឆ្នាំ​មុន​ទៀត​ ពីព្រោះ​ក្លិប​នីមួយ​ៗ​នាំ​ចូល​កីឡាករ​ល្អៗ។ ​ក្លិប​​ក្រោម​ៗ​ក៏​អភិវឌ្ឍ​ខ្លាំង​ដែរ ដូច្នេះ​ការ​ប្រកួត​ប្រជែង​លីគ​កាន់​តែ​ខ្លាំង។ ខ្ញុំ​ជឿ​ជាក់​ថា ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ឡើង​ខ្លាំង»។

លោក Peter Koo ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ទូទៅ ក្រុម​ហ៊ុនខេមបូឌានព្រីមៀរលីគ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២៤ បន្ទាប់​ពី​លោក​ធ្លាប់​ធ្វើ​​ជា​​អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វ ខេត្ត​ព្រះសីហនុ។

លោក​​​ដែល​​រស់​នៅ​កម្ពុជា​ជា​មួយ​ឪពុក​ម្តាយ​តាំង​ពីទើប​អាយុ ២ ឆ្នាំ បានរៀនសាលាបឋមសិក្សា និងវិទ្យាល័យនៅរាជធានីភ្នំពេញ មុន​ពេល​ចេញ​ទៅ​សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងកីឡា Sport Management និង​អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសហរដ្ឋអាមេរិក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top