World Cup៖ ឈ្នះ៧ប្រកួត រកបាន២០គ្រាប់ និងមិនរបូតគ្រាប់ស៊ុត, តើអង់គ្លេស អាចរក្សាភាពល្អឥតខ្ចោះនៅជំនួបទី ៨ឬទេ?

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឆ្លងផុតវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ យ៉ាងរលូន ដោយឈ្នះទាំង៧ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២០គ្រាប់ និងមិនរបូតគ្រាប់បាល់សោះ។ នៅសល់មួយប្រកួតចុងក្រោយ តើតោកំណាចអាចរក្សាភាពល្អឥតខ្ចោះក្នុងវគ្គជម្រុះតំបន់អឺរ៉ុប បានដែរឬទេ?

ប្រសិនបើក្រុមរបស់លោក Thomas Tuchel យកឈ្នះអាល់បានីក្នុងវគ្គជម្រុះចុងក្រោយពូល K នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ហើយរក្សាសំណាញ់ទី (Clean Sheet) បានទៀតនោះ ពួកគេនឹងក្លាយជាក្រុមអឺរ៉ុបដំបូងគេដែល ឈ្នះទាំងអស់ដោយមិនរបូតគ្រាប់បាល់។

ដោយមិនរាប់បញ្ចូលការប្រកួតជម្រុះបឋមមួយចំនួនតូច មានតែប្រទេសអឺរ៉ុបចំនួន៤ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយកំណត់ត្រាឈ្នះ ១០០ភាគរយនៅវគ្គជម្រុះតាមតំបន់ កីឡាបាល់ទាត់ពិភពលោក។

អាល្លឺម៉ង់ ជាក្រុមចុងក្រោយដែលឈ្នះទាំង១០ប្រកួត ដើម្បីទៅកាន់ FIFA World Cup ឆ្នាំ ២០១៨ ទោះបីជាពួកគេធ្លាក់ត្រឹមវគ្គចែកពូកដ៏គួរឱ្យភ្ញាក់ផ្អើលនៅរុស្ស៊ីក៏ដោយ។ អេស្ប៉ាញ និងហូឡង់ ដែលបានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១០ សុទ្ធតែបានឡើងទៅលេងនៅអាហ្វ្រិកខាងត្បូងយ៉ាងល្អឥតខ្ចោះ ក៏ដូចជាអាល្លឺម៉ង់ខាងលិចសម្រាប់ការប្រកួតឆ្នាំ ១៩៨២ ផងដែរ។ ប៉ុន្តែយ៉ាងណា ក្រុមទាំង៤នេះ មិនបានរក្សាសំណាញ់ទីឡើយ។

នៅវគ្គជម្រុះតំបន់អឺរ៉ុប ឆ្នាំ ២០២៦ មិនមែនតែក្រុមអង់គ្លេសទេ ដែលនឹងឈានចូលរួមក្នុងបញ្ជីក្រុមល្អបំផុត។អេស្ប៉ាញ និងន័រវែស ក៏រកបានជ័យជម្នះទាំងអស់របស់ពួកគេផងដែរ។ 

អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente មិនទាន់របូតគ្រាប់បាល់មួយគ្រាប់នៅឡើយទេ ក្នុងការប្រកួត៤លើក ចំណោមប្រកួតទាំង៦លើក ក្នុងពូល E។ ពីរប្រកួតចុងក្រោយ អេស្ប៉ាញត្រូវជួបហ្សកហ្ស៊ី នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និងប៉ះតួកគីយេ នៅ៣ថ្ងៃបន្ទាប់។

ន័រវែស ឈ្នះទាំង៧ប្រកួត ប៉ុន្តែមិនអាចរក្សាសំណាត់ទីបានឡើយ។ ក្រុមដែលមានខ្សែប្រយុទ្ធឆ្នើម Erling Haaland ត្រូវជួបក្រុមខ្លាំងអ៊ីតាលីនៅជំនួបចុងក្រោយពូល Iដើម្បីរក្សាជ័យជម្នះទី៨របស់ខ្លួន និងដើម្បីទទួលបានកៅអីស្វ័យប្រវត្តិទៅ World Cup លើកដំបូងរបស់ខ្លួន ក្រោយខកខាន២៨ឆ្នាំផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top