Euro 2028៖ ទីក្រុង Cardiff  រៀបចំប្រកួតបើកឆាក ឯកីឡដ្ឋាន Wembley ទទួលវគ្គផ្តាច់ព្រ័ត្រ

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសដាក់ទីក្រុង Cardiff រដ្ឋធានីប្រទេសវែលស៍​ ជាទីតាំងប្រកួតបើកឆាកព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់អឺរ៉ុប ឆ្នាំ ​២០២៨ (Euro 2028)។ ចំណែកឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋានធំជាងគេបង្អស់ប្រចាំប្រទេសអង់គ្លេស Wembley។

ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ ​២០២៨ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ កក្កដា ហើយការប្រកួតក៏នឹងធ្វើឡើងនៅលើទឹកដីប្រទេសអង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់។ 

ក្រុមខ្លាំងៗប្រចាំអឺរ៉ុបចំនួន ២៤ក្រុម នឹងប្រមូលផ្តុំគ្នានៅជុំផ្តាច់ព្រ័ត្រ ប្រជែងគ្នាដណ្តើមជើងឯកប្រចាំទ្វីបអឺរ៉ុប និងក្រុមខ្លះតាមប្រមាញ់កំណត់ត្រាថ្មីរៀងៗខ្លួនក្នុងការប្រកួតនោះ។ 

ការប្រកួតសរុបទាំងអស់ចំនួន ៥១ប្រកួត នឹងធ្វើឡើងក្នុងកីឡដ្ឋានចំនួន ៩ តាមបណ្តាទីក្រុងចំនួន ៨ ដូចជា London កីឡដ្ឋាន Wembley និង Tottenham Hotspur, Birmingham កីលដ្ឋាន Villa Park, Dublin កីឡដ្ឋាន Dublin Arena, Glasgow កីឡដ្ឋាន Hempdem Park, Cardiff កីឡដ្ឋានជាតិវែលស៍, Liverpool កីឡដ្ឋាន Anfield, Manchester កីឡដ្ឋាន Old Traffordនិង Newcastle កីឡដ្ឋាន St James’ Park។

ចាប់ពីវគ្គ ៨ក្រុមចុងក្រោយ ការប្រកួតនឹងរៀបចំនៅទីក្រុង Dublin, Glasgow និង Cardiff។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នឹងធ្វើឡើងតែនៅក្នុងកីឡដ្ឋាន Wembley តែមួយប៉ុណ្ណោះ។ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយវិញ គឺបន្តរៀបចំនៅតាមកីឡដ្ឋានទាំងអស់ ដែលនឹងរៀបចំការប្រកួត។ នេះបើតាមការប្រកាសរបស់អ្នករៀបចំព្រឹត្តិការណ៍ Euro 2028 ថ្ងៃទី១២ វិច្ឆិកា។

បើតាមការប្រកាសរបស់អ្នករៀបចំ ក្រុមម្ចាស់ផ្ទះដែលទទួលបានកៅស្វ័យប្រវត្តិសម្រាប់ការប្រកួតនោះ ពួកគេនឹងរៀបចំការប្រកួតវគ្គចែកពូល លើទឹកដីពួកគេដោយផ្ទាល់។

នៅថ្ងៃប្រកាសអំពីទីក្រុងដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍ Euro 2028 ដដែលនេះ លោក Alexander Ceferin ប្រធានសហព័ន្ធ UEFA បានបង្ហាញក្តីរំពឹងថា ការប្រកួតនឹងទាក់ទាញអ្នកគាំទ្ររាប់លានអ្នកឱ្យទៅទស្សនាការប្រកួតតាមប្រទេសទាំង ៤។ ក្តីរំពឹងរបស់មេ UEFA ដូច្នេះ ព្រោះតែការប្រកួតនឹងរៀបចំនៅតាមកីឡដ្ឋានរបស់ក្លិបបាល់ទាត់ធំៗ និងល្បីៗលើពិភពលោក តួយ៉ាង កីឡដ្ឋាន Anfield និង Old Trafford ជាដើម។

​រំលឹកកាលពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បញ្ចប់ត្រឹមនាមជាក្រុមរងជើងឯក ដោយចាញ់ក្រោមថ្វីជើងអេស្ប៉ាញ។ ចំណែកស្កុតឡែន វិញបានចូលរួមការប្រកួតប្រជែងនោះ ប៉ុន្តែពួកគេធ្លាក់ចេញត្រឹមវគ្គចែកពូល។ ប្រទេសវែលស៍ និងអៀរឡង់ មិនចូលរួមការប្រកួតដែលធ្វើឡើងនៅលើទឹកដីអាល្លឺម៉ង់នោះឡើយ ព្រោះតែពួកគេបានធ្លាក់នៅវគ្គជម្រុះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top