ក្រសួងទេសចរណ៍ និងកីឡា ថៃ (MOTS) ព្យាករថាថៃ នឹងទទួលបានប្រាក់ចំណូលប្រមាណ ១៦០ លានដុល្លារ ពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១៦។
MOTS រំពឹងថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៥ នឹងបង្កើតការងារចំនួន ១២ ០០០ ទៅ ១៤ ០០០ កន្លែង ក្នុងវិស័យសំណង់ សេវាកម្ម ដឹកជញ្ជូន និងកីឡា។
លោក Atthakorn Sirilathayakornរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានប្រាប់កាសែតក្នុងស្រុកថា៖«នឹងមានអត្តពលិក គ្រូបង្វឹក និងបុគ្គលិកមិនតិចជាង ១២ ០០០នាក់ មកពីប្រទេសនានាក្នុងតំបន់ ទៅកាន់ប្រទេសថៃ។ នេះនឹងបង្កើតការប្រែប្រួលសេដ្ឋកិច្ចអំឡុងការប្រកួតកីឡានៅក្នុងក្រុង និងខេត្តម្ចាស់ផ្ទះរួមមានបាងកក សុងក្លា និងឈុនបូរី។
ការព្យាករណ៍ប្រាក់ចំណូលសរុបប្រមាណ ១៦០លានដុល្លារ ក្នុងនោះ ៦០ម៉ឺនដុល្លារពីការឧបត្ថម្ភ និង ៥៥លានដុល្លារ ពីទំនិញ និងសេវាកម្ម ដូចជាឧបករណ៍កីឡា និងភេសជ្ជៈ។ ថ្លៃចុះឈ្មោះ SEA Gamesប្រមាណ ៤១លានដុល្លារ ?????និងប៉ារ៉ាហ្គេម ចំនួន ៥១ម៉ឺនដុល្លារ ថ្លៃសំបុត្រ ៦០ម៉ឺនដុល្លារ។ ក្រៅពីនេះ ការលក់សិទ្ធិផ្សាយការប្រកួតតាមស្ថានីយទូរទស្សន៍ ក្នុងមួយស្ថាប័ន ២ម៉ឺនដុល្លារ។
ម្ចាស់ផ្ទះថៃ គ្រោងចំណាយ ៦៣,៥លានដុល្លារ ដើម្បីដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ និងប៉ារ៉ាហ្គេមលើកទី១៦។ កាលពីឆ្នាំ ២០២៣ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ កម្ពុជា ដែលទទួលសិទ្ធិរៀបចំលើកដំបូង ដោយមិនយកថ្លៃចុះឈ្មោះកីឡាករ និងថ្លៃហូបចុកទាំងអស់ ចំណាយសរុបប្រមាណ ១៣១លានដុល្លារ។ ចំណែកស៊ីហ្គេម លើកទី៣១ វៀតណាម ចំណាយសរុប ៤៤លានដុល្លារ។
ស៊ីហ្គេម លើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម គ្រោងធ្វើចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅខេត្តនគររាជសីមា៕
ប្រភព៖ THMEYTHMEY



