ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញស្ទើរតែបានកក់សំបុត្រទៅកាន់ FIFAWorld Cup ឆ្នាំ ២០២៦ ទៅហើយបន្ទាប់ពីលត់ហ្សកហ្ស៊ីយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា។ ក្រុមជម្រើសជាតិតួកគីយេ បានពន្យារពេលការអបអររបស់អេស្ប៉ាញ តាមរយៈការយកឈ្នះប៊ុលហ្ការីក្នុងលទ្ធផល ២-០។ កូសូវូ ក៏បានបង្អាក់ដំណើររបស់ស្វ៊ីសផងដែរ បន្ទាប់ពីក្រុមទាំងពីរសុទ្ធតែឈ្នះរៀងខ្លួន។
អេស្ប៉ាញ រក្សាជ័យជម្នះរបស់ខ្លួនទាំង៥ប្រកួត និងថែមទាំងមិនឱ្យគូប្រជែងទម្លុះសំណាញ់ទីខ្លួនបានថែមទាំងទៀត។ ក្នុងជំនួបទី៥ ពូល E ក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ ២០១០ បន្តឈ្នះហ្សកហ្ស៊ី ៤-០ ដែលធ្វើឱ្យពួកគេឈរចំណាត់ថ្នាក់កំពូលតារាង ដោយមាន១៥ពិន្ទុពេញ។ យ៉ាងណាក៏ដោយជ័យជម្នះទាំង៥ប្រកួតនេះ មិនទាន់អាចជួយអេស្ប៉ាញបានកៅអីស្វ័យប្រវត្តិទៅ អេម៉េរិក កាណាដា និងម៉ិកស៊ិក ឆ្នាំ២០២៦ នៅឡើយទេ ដ្បិតតួកគីយេ ដែលឈ្នះប៊ុលហ្ការី ២-០ ដេញតាមពីក្រោយដោយមានគម្លាត៣ពិន្ទុ ស្របពេលសល់មួយប្រកួតចុងក្រោយ។
ពូល E នេះ ហ្សកហ្ស៊ី និង ប៊ុលហ្ការី អស់ឱកាសទៅហើយ ស្របពេលអេស្ប៉ាញ និងតួកគីយេ ត្រូវជួបគ្នានៅជំនួបចុងក្រោយ ដើម្បីកាត់ក្តីថាក្រុមណាបានកៅអីស្វ័យប្រវត្តិ និងកៅអីវគ្គជម្រុះ play-off។
ស្វ៊ីស ក៏ត្រូវបានកូសូវូ បង្អាក់ដំណើរសម្រាប់កៅអីស្វ័យប្រវត្តិផងដែរ បើទោះមានគម្លាត៣ពិន្ទុពីគ្នាក៏ដោយ។ នៅជំនួបទី៥ ពូល B ស្វ៊ីស ឈ្នះស៊ុយអែត ៤-១ស្របពេល កូសូវូ ឈ្នះ ស្លូវេសនី ២-០។ ស៊ុយអែត និង ស្លូវេសនី ត្រូវរង់ចាំ៤ឆ្នាំដើម្បីមានឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ស្របពេលស៊្វីស និង កូសូវូ ត្រូវតតាំងគ្នានៅជំនួបចុងកក្រោយ ដើម្បីយកមួយក្រុមទៅក្រោយ និងមួយបន្តទៅវគ្គ play-off។
ក្រៅពីពូល E និង B ៧ពូលផ្សេងទៀតនៅតំបន់អឺរ៉ុប សុទ្ធតែត្រូវកាត់ក្តីនៅជំនួបចុងក្រោយដើម្បីរក១ក្រុមបានកៅអីស្វ័យប្រវត្តិ លើកលែងតែពូល D K និង lដែលមានបារាំង អង់គ្លេស និងក្រូអាស៊ី កក់កៅអីមុនគេ។
ពូល A អាល្លឺម៉ង់ និងស្លូវាគី មាន១២ពិន្ទុដូចគ្នា ត្រូវប៉ះគ្នានៅជំនួបចុងក្រោយ។ ដាណឺម៉ាក ដែលឈរកំពូលតារាងមាន១១ពិន្ទុ ត្រូវជួបស្កុតឡែន ដែលមាន១០ពិន្ទុ នៅចំណាត់ថ្នាក់លេខ២ នៅជំនួបចុងក្រោយពូល C។
ពូល G ហូឡង់ ដែលមាន១៧ពិន្ទុ ប្រទាញប្រទង់ជាមួយប៉ូឡូញ ដែលមាន១៤ពិន្ទុ ដោយពួកគេត្រូវជួបគ្នានៅជំនួបចុងក្រោយទី៨។ អូទ្រីស និង ប៊ូស្នី ត្រូវកាត់ក្តីនៅជំនួបចុងក្រោយដើម្បីប្រជែងតំណែងកំពូលតារាងពូល H។
ន័រវេស ដែលឈ្នះទាំង៧ប្រកួត និងឈរកំពូលតារាងពូល I ក៏ត្រូវកាត់ក្តីចុងក្រោយជាមួយអ៊ីតាលី សម្រាប់កៅអីស្វ័យប្រវត្តិផងដែរ។ ពូល J បែលហ្ស៊ិក ឈរកំពូលតារាងមាន១៥ពិន្ទុពីការប្រកួត៧លើក នាំមុខម៉ាសេដ្វានខាងជើងដែលនៅលេខពីរ និងវេលិ៍ ដែលនៅលេខ៣ ចំនួន២ពិន្ទុ។ ជំនួបចុងក្រោយ បែលហ្ស៊ិក ជួប លីចថេនស្តាញស្របពេល វេលិ៍ ប៉ះ ម៉ាសេដ្វានខាងជើង៕
ប្រភព៖ THMEYTHMEY



