ន័រវែស កក់កៅអី World Cup លើកដំបូងតាំងពីឆ្នាំ១៩៩៨ រីឯ Ronaldo នឹងបង្ហាញខ្លួនលើកទី៦ ជាមួយព័រទុយហ្កាល់

បាត់មុខពីការប្រកួតបាល់ទាត់ពិភពលោក ៦លើកចុងក្រោយ ប៉ុន្តែនៅពេលនេះ ន័រវែសបានកក់កៅអី ស្វ័យប្រវត្តិ វិលទៅប្រជែង FIFA World Cup ឆ្នាំ២០២៦ លើកដំបូងក្នុងពេល ២៨ឆ្នាំ និងជាលើកទី៤ តាមរយៈការយកឈ្នះអ៊ីតាលី ៤-១ នៅក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប(UEFA) ថ្ងៃទី១៦ វិច្ឆិកា។ ព័រទុយហ្កាល់ ដែលគ្មានវត្តមាន Cristiano Ronaldo បានលត់អាមេនី ៩-១ កក់សំបុត្រទៅអាម៉េរិក កាណាដា និងម៉ិក ស៊ិកឆ្នាំក្រោយ។

ន័រវែស បង្ហាញខ្លួននៅ World Cup លើកចុងក្រោយ នៅឆ្នាំ ១៩៩៨ ដែលកាលនោះបានធ្វើឡើង នៅប្រទេសបារាំង។ ន័រវែស បង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកចុងក្រោយ មុនពេលការចាប់កំណើតរបស់កីឡាករ Erling Haaland ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធកំពូល និងសំខាន់បំផុតប្រចាំក្រុមន័រវែស។ ចំណែកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ សម្រាប់ន័រវែស បន្ទាប់ពីពួកគេបានបង្ហាញខ្លួន ៣លើក នៅ ១៩៣៨, ១៩៩៤ និង ១៩៩៨។

នៅក្នុងការប្រកួត ដែលន័រវែសវាយបកឈ្នះ អ៊ីតាលី ៤-១ ក្នុងជំនួបចុងក្រោយពូល I ខ្សែប្រយុទ្ធ Haaland បន្តរកបាន២គ្រាប់ម្នាក់ឯង អមដោយមិត្តរួមក្រុមរបស់គេ ២នាក់ទៀត។ ដំបូងអ៊ីតាលី ជាអ្នករកបានគ្រាប់បាល់បើកឆាកមុននៅនាទី១១ ចេញពីការស៊ុតរបស់កីឡាករ Pio Esposito។ ប៉ុន្តែន័រវែសជាក្រុមខ្លាំងក្នុងពូល I មិនបណ្តោយឱ្យចាញ់ការប្រកួតងាយៗឡើយ ដោយចូលវគ្គទីពីរ គ្រាប់បាល់ ៤គ្រាប់បានវាយបកលើអ៊ីតាលី ដោយកីឡាករ Antonio Nusa ស៊ុតនៅនាទី៦៣, Haaland ២គ្រាប់ នាទី៧៨ និង ៧៩ និងកីឡាករ Strand Larsen នាទី៩០+៣។

អ៊ីតាលី ដែលចាញ់ការប្រកួតនោះ បានត្រឹមតែរក្សាឱកាសបន្តប្រជែងវគ្គ Playoffs ទ្វីបអឺរ៉ុប ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ២ ពូល I។ ក្រុមអ៊ីស្រាអែល អេស្តូនី និងម៉ុលដាវី ដែលនៅក្នុងពូលជាមួយគ្នានេះ បានបាត់បង់ឱកាសទៅកាន់ World Cup នៅត្រឹមវគ្គជម្រុះនេះ។

ឆ្លងកាត់កាត់ ៨ប្រកួតក្នុងពូល I ដដែល ន័រវែសរកបាន ២៤ពិន្ទុ ឈរពីលើអ៊ីតាលី នៅលេខ​២ មាន ១៨ពិន្ទុ, អ៊ីស្រាអែល លេខ ៣ មាន ១២ពិន្ទុ, អេស្តូនី លេខ ៤ មាន ៤ពិន្ទុ និងម៉ុលដាវី មានត្រឹមតែ ១ពិន្ទុ ឈរលេខ ៥។

ដោយឡែកនៅការប្រកួតពូល F ព័រទុយហ្កាល់ ដែលគ្មានវត្តមានប្រធានក្រុម Cristiano Ronaldo  ដណ្តើមបានកៅអីស្វ័យប្រវត្តិ បន្ទាប់ពីលត់ក្រុមអាមេនី លទ្ធផល ៩​-១។ ៩គ្រាប់របស់ព័រទុយហ្កាល់ ធ្វើបានដោយកីឡាករ Renato Veiga, Goncalo Ramos, Francisco Conceicao ហើយកីឡាករ Joao Neves និង Bruno Fernandes ស៊ុតម្នាក់ ៣គ្រាប់ដូចគ្នា។ 

ជ័យជម្នះនោះបានជួយឱ្យព័រទុយហ្កាល់ កាន់តំណែងកំពូលតារាងពូល F ដោយឆ្លងកាត់ ៦ប្រកួត រកបាន ១៣ពិន្ទុ ដែលនេះជួយក្រុមបានកក់កៅអីស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ព័រទុយហ្កាល់ បានកៅអីបាល់ទាត់ពិភពលោកជាលើកទី៨ ស្របពេល Ronaldo វ័យ៤០ឆ្នាំ នឹងបង្ហាញខ្លួនជាលើកទី៦ ច្រើនជាងគេក្នុងកំណត់ត្រា។

ចំណែកអៀរឡង់ ដែលបានឈ្នះព័រទុយហ្កាល់ កាលសប្តាហ៍មុន ពេលនេះ ពួកគេក៏រក្សាបានកៅអីបន្តទៅប្រកួតវគ្គ Playoffs ទ្វីបអឺរ៉ុប បន្ទាប់ពីយកឈ្នះហុងគ្រីទាំងលំបាក ក្នុងលទ្ធផល ៣-២។ 

ឈ្នះទល់ហុងគ្រី ក្រុមអៀរឡង់ រកបាន ១០ពិន្ទុ ពីការប្រកួត ៦លើក ឈរនៅលេខ ២ ខណៈហុងគ្រីនៅលេខ ៣ មាន ៨ពិន្ទុ អស់ឱកាសទៅ World Cup ឆ្នាំ ២០២៦ ជាមួយអាមេនី ជាក្រុមបាតតារាង រកបាន ៣ពិន្ទុ។

ការប្រកួតនៅពូល D បន្ទាប់ពីបារាំងដណ្តើមបានកីអីស្វ័យប្រវត្តិចេញពីពូលនេះរួចមក ពេលនេះ ក្រុមអ៊ុយក្រែន ជាក្រុមដែលដណ្តើមបានឱកាសទៅបន្តប្រជែងនៅវគ្គ Playoffs។ អ៊ុយក្រែន បានផ្តួលក្រុមអ៊ីស្លង់ លទ្ធផល ២-០ ដណ្តើមបាន ៣ពិន្ទុ នៅការប្រកួតបង្ហើយ ស្របពេលបារាំងបង្ហើយការប្រកួតយកឈ្នះក្រុមអាស៊ែបៃហ្សង់ លទ្ធផល ៣​-១។ 

សម្រាប់ពូល B វិញ ស៊្វីស និងកូសូវូ កំពុងតែប្រជែងគ្នាសម្រាប់កៅអីស្វ័យប្រវត្តិទៅការប្រកួតបាល់ទាត់ពិភពលោក ខណៈក្រុមស្លូវេនី និងស៊ុយអែត អស់ឱកាសប្រជែងកៅអីទៅ World Cup ឆ្នាំ ២០២៦ ហើយ។ ស្វ៊ីសបច្ចុប្បន្ននៅលេខ ១ កាន់ ១៣ពិន្ទុក្នុងដៃ តាមពីក្រោយដោយកូសូវូ​ រីឯស្លូវេនី លេខ ៣ មានត្រឹមតែ ៣ពិន្ទុ និងស៊ុយអែត ដែលមានខ្សែប្រយុទ្ធខ្លាំងៗ រកបានត្រឹមតែ ១ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួត ៥លើក។ ការប្រកយតពូល B នៅសល់ការប្រកួត ១លើកបង្ហើយចុងក្រោយនៅក្នុងសប្តាហ៍នេះ។ ការប្រកួតពូល A, C, E, G, H, J និង L នឹងរកឃើញក្រុមឈ្នះកៅអីស្វ័យប្រវត្តិ និងបន្តទៅប្រកួតវគ្គ Playoffs ក្នុងសប្តាហ៍នេះតែម្តង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top