វីដេអូ Ronaldo ផឹកសូដា មុនព័រទុយហ្កាល់ប្រកួតចាញ់អៀរឡង់ ផ្ទុះការវែកញែកពីអ្នកគាំទ្រ

ឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញសកម្មភាពរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាន ផឹកទឹកសូដា ក្នុងច្រកផ្លូវចេញចូលទីលានការប្រកួត នៅមុនពេលក្រុមបាល់ទាត់ជម្រើស ជាតិព័រទុយហ្កាល់ ចាញ់អៀរឡង់ ២-០ កាលពីសប្តាហ៍មុន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រជុំវិញពិភពលោក។ ​ការវែកញែករបស់អ្នកគាំទ្រ គឺផ្តោតលើ​ការផ្សព្វផ្សាយ​អំពី​កត្តាសុខភាព ប្រឆាំង​នឹងការប្រើភេសជ្ជៈប៉ូវកម្លាំង ដែលកីឡារវ័យ៤០ឆ្នាំ ធ្លាប់បានធ្វើ កាលពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ 

នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ទ្វីបអឺរ៉ុប (UEFA) កាលពីសប្តាហ៍មុន ក្នុង​ជំនួបពូល F ព័រទុយហ្កាល់ចាញ់អៀរឡង់ ២​-០។ តែនៅពេលនេះមានវីដេអូឃ្លីបថ្មីមួយ​ត្រូ​វបានគេបង្ហោះ ហើយផ្ទុះការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ដោយបង្ហាញពី​សកម្មភាព Ronaldo ចាប់យកកំប៉ុងទឹកសូដា ពីមិត្តរួមក្រុម Joao Felix យកមកផឹក​មុនដើរ​ចេញ ទៅហ្វឹកហាត់លើទីលានមុនការប្រកួត។

សកម្មភាពនេះហើយ នាំឱ្យផ្ទុះការវែកញែក ចំពោះការផ្សព្វផ្សាយអំពីកត្តាសុខភាព ដែល ប៉ះ​ពាល់ពីការផឹកភេសជ្ជប៉ូវកម្លាំង ដែលកីឡាករប្រធាក្រុមព័រទុយហ្កាល់ ធ្លាប់បានធ្វើ កាល​ពីព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប (Euro) កាលពីឆ្នាំ២០២០។ អ្នកគាំទ្រខ្លះចោទកីឡាករក្រុម Al Nassr ថាបានបំពានច្បាប់វិន័យផ្ទាល់ខ្លួន ចំពោះការផឹកភេសជ្ជៈប៉ូវកម្លាំង។

ឯខ្លះថា រឿងនេះតូចតាច មិនប៉ះពាល់ដល់ឆន្ទៈ ផ្សព្វផ្សាយពីបញ្ហាសុខភាព ដែលអតីត​កី​ឡាករ Real Madrid ធ្លាប់បានធ្វើនោះទេ។

អ្នកគាំទ្រ Ronaldo ផ្សេងទៀត បានចេញមុខការពារអតីតកីឡាករក្រុម Man Utd, Juventus ថា រូបភាពនោះហាក់​មិនជះឥទ្ធិពលអ្វីធំ ដល់យុវជនជំនាន់ក្រោយ ដែលស្រលាញ់ចង់​ធ្វើ​តាមគេនោះឡើយ។

កាលពី Euro 2020 នៅក្នុងសន្និសីទកាសែតមុនការប្រកួតនាទីក្រុង Budapest ប្រទេស​ហុង​ គ្រី ​Ronaldo បានលើកដបភេសជ្ជៈកូកាកូឡាចេញពីមុខរបស់គេ មុននឹងគេ និយាយ​ប្រាប់អ្នកកាសែតថា ការទទួលទានទឹកបរិសុទ្ធ គឺល្អបំផុតសម្រាប់សុខភាព។ សកម្មភាព​នោះ បានធ្វើឱ្យ Ronaldo ទទួលបានការសរសើរយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ ហើយក៏មានអ្នក គាំទ្រជាច្រើន​ ធ្វើតាមការណែនាំរបស់គេថែមទៀត។ កីឡាករបាល់ទាត់មួយចំនួន ក៏យក​គំរូ​តាមកីឡាករម្ចាស់ពាន ​Ballon d’Or ៥សម័យថែមទៀត​។

យ៉ាងណាមិញ ឃ្លីបវីដេអូដែល Ronaldo ផឹកទឹកសូដាពេលថ្មីនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកគាំទ្ររាប់លាននាក់ចុចតាមដាន។ វីដេអូឃ្លីបនោះ ត្រូវបានថតបាន អំឡុង​ពេលក្រុមជម្រើសជាតិព័រទុយហ្កាល់ ត្រៀមខ្លួនចេញហ្វឹកហាត់កម្តៅសាច់ដុំ​មុនការ​ប្រកួតទល់អៀរឡង់មកដល់។

ចំណែកឯការប្រកួតនោះ តារាបាល់ទាត់ព័រទុយហ្កាល់ ក៏ទទួលបានកាតក្រហមបណ្តេ​ញ​​ចេញពីការប្រកួត ក្រោយគេប្រើកែងដៃ វាយកីឡាករអៀរឡង់ ក្រោយក្រុមត្រូវអៀរឡង់​នាំមុខ លទ្ធផល ២-០។ នោះជាកាតក្រហមលើដំបូងសម្រាប់ Ronaldo។

ទោះជាបែបនេះក្តី មិនទាន់មានប្រភពច្បាស់ការណាមួយ​ចេញមុខអះអាង ថាវី​ដេអូឃ្លីប​នោះ ជាសកម្មភាពពិតរបស់កីឡាករ​ដែលស៊ុតបានគ្រាប់បាល់ច្រើនជាងគេបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ៩៥៣គ្រាប់បច្ចុប្បន្ន ឬជាវីដេអូប្រឌិតឡើង ក្នុងន័យបង្កាច់បង្ខូចឈ្មោះ​នៅឡើយ។ វីដេអូ​នោះ ក៏នៅតែមានការបន្តចែកចាយ និង​មានការវែកញែកជាបន្តបន្ទាប់៕​

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top