ឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញសកម្មភាពរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាន ផឹកទឹកសូដា ក្នុងច្រកផ្លូវចេញចូលទីលានការប្រកួត នៅមុនពេលក្រុមបាល់ទាត់ជម្រើស ជាតិព័រទុយហ្កាល់ ចាញ់អៀរឡង់ ២-០ កាលពីសប្តាហ៍មុន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រជុំវិញពិភពលោក។ ការវែកញែករបស់អ្នកគាំទ្រ គឺផ្តោតលើការផ្សព្វផ្សាយអំពីកត្តាសុខភាព ប្រឆាំងនឹងការប្រើភេសជ្ជៈប៉ូវកម្លាំង ដែលកីឡារវ័យ៤០ឆ្នាំ ធ្លាប់បានធ្វើ កាលពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។
នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ទ្វីបអឺរ៉ុប (UEFA) កាលពីសប្តាហ៍មុន ក្នុងជំនួបពូល F ព័រទុយហ្កាល់ចាញ់អៀរឡង់ ២-០។ តែនៅពេលនេះមានវីដេអូឃ្លីបថ្មីមួយត្រូវបានគេបង្ហោះ ហើយផ្ទុះការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ដោយបង្ហាញពីសកម្មភាព Ronaldo ចាប់យកកំប៉ុងទឹកសូដា ពីមិត្តរួមក្រុម Joao Felix យកមកផឹកមុនដើរចេញ ទៅហ្វឹកហាត់លើទីលានមុនការប្រកួត។
សកម្មភាពនេះហើយ នាំឱ្យផ្ទុះការវែកញែក ចំពោះការផ្សព្វផ្សាយអំពីកត្តាសុខភាព ដែល ប៉ះពាល់ពីការផឹកភេសជ្ជប៉ូវកម្លាំង ដែលកីឡាករប្រធាក្រុមព័រទុយហ្កាល់ ធ្លាប់បានធ្វើ កាលពីព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប (Euro) កាលពីឆ្នាំ២០២០។ អ្នកគាំទ្រខ្លះចោទកីឡាករក្រុម Al Nassr ថាបានបំពានច្បាប់វិន័យផ្ទាល់ខ្លួន ចំពោះការផឹកភេសជ្ជៈប៉ូវកម្លាំង។
ឯខ្លះថា រឿងនេះតូចតាច មិនប៉ះពាល់ដល់ឆន្ទៈ ផ្សព្វផ្សាយពីបញ្ហាសុខភាព ដែលអតីតកីឡាករ Real Madrid ធ្លាប់បានធ្វើនោះទេ។
អ្នកគាំទ្រ Ronaldo ផ្សេងទៀត បានចេញមុខការពារអតីតកីឡាករក្រុម Man Utd, Juventus ថា រូបភាពនោះហាក់មិនជះឥទ្ធិពលអ្វីធំ ដល់យុវជនជំនាន់ក្រោយ ដែលស្រលាញ់ចង់ធ្វើតាមគេនោះឡើយ។
កាលពី Euro 2020 នៅក្នុងសន្និសីទកាសែតមុនការប្រកួតនាទីក្រុង Budapest ប្រទេសហុង គ្រី Ronaldo បានលើកដបភេសជ្ជៈកូកាកូឡាចេញពីមុខរបស់គេ មុននឹងគេ និយាយប្រាប់អ្នកកាសែតថា ការទទួលទានទឹកបរិសុទ្ធ គឺល្អបំផុតសម្រាប់សុខភាព។ សកម្មភាពនោះ បានធ្វើឱ្យ Ronaldo ទទួលបានការសរសើរយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ ហើយក៏មានអ្នក គាំទ្រជាច្រើន ធ្វើតាមការណែនាំរបស់គេថែមទៀត។ កីឡាករបាល់ទាត់មួយចំនួន ក៏យកគំរូតាមកីឡាករម្ចាស់ពាន Ballon d’Or ៥សម័យថែមទៀត។
យ៉ាងណាមិញ ឃ្លីបវីដេអូដែល Ronaldo ផឹកទឹកសូដាពេលថ្មីនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកគាំទ្ររាប់លាននាក់ចុចតាមដាន។ វីដេអូឃ្លីបនោះ ត្រូវបានថតបាន អំឡុងពេលក្រុមជម្រើសជាតិព័រទុយហ្កាល់ ត្រៀមខ្លួនចេញហ្វឹកហាត់កម្តៅសាច់ដុំមុនការប្រកួតទល់អៀរឡង់មកដល់។
ចំណែកឯការប្រកួតនោះ តារាបាល់ទាត់ព័រទុយហ្កាល់ ក៏ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយគេប្រើកែងដៃ វាយកីឡាករអៀរឡង់ ក្រោយក្រុមត្រូវអៀរឡង់នាំមុខ លទ្ធផល ២-០។ នោះជាកាតក្រហមលើដំបូងសម្រាប់ Ronaldo។
ទោះជាបែបនេះក្តី មិនទាន់មានប្រភពច្បាស់ការណាមួយចេញមុខអះអាង ថាវីដេអូឃ្លីបនោះ ជាសកម្មភាពពិតរបស់កីឡាករដែលស៊ុតបានគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ៩៥៣គ្រាប់បច្ចុប្បន្ន ឬជាវីដេអូប្រឌិតឡើង ក្នុងន័យបង្កាច់បង្ខូចឈ្មោះនៅឡើយ។ វីដេអូនោះ ក៏នៅតែមានការបន្តចែកចាយ និងមានការវែកញែកជាបន្តបន្ទាប់៕
ប្រភព៖ THMEYTHMEY



