សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) និងគម្រោងរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ អំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ បញ្ជាក់ថាកម្ពុជាជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍ នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះដើម្បីរួមចំណែកផ្សព្វផ្សាយដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
“យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិកម្រិតតំបន់នៅក្នុងប្រទេសកម្ពុជា។ យើងទទួលបានសមិទ្ធផលយ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍស៊ីជម្រៅសម្រាប់កីឡាជឺជីតស៊ូនៅកម្ពុជា”។ សម្ដីលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅឯខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។ សហព័ន្ធកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន។ ជាមួយគ្នានេះដែរសហ័ន្ធកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់”។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ថ្លែងអំណរគុណដល់សហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍កីឡាជឺជីតស៊ូនៅទ្វីបអាស៊ី។ កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦ ខាងមុខនេះ។ (កែសម្រួលពីសហព័ន្ធកីឡាជឺជីតស៊ូ)
ប្រភព៖ KAMPUCHEATHMEY



