អេស្ប៉ាញ អូទ្រីស ស្វ៊ីស បែលហ្ស៊ិក និងស្កុតឡែន ចំណោមក្រុមអឺរ៉ុបទាំង១២ កក់កៅអី World Cup 2026

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អូទ្រីស ស្វ៊ីស បែលហ្ស៊ិក និងស្កុតឡែន ស្ថិតក្នុងចំណោមក្រុមទាំង១២ បានកក់កៅអីស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលទ្វីបអឺរ៉ុប (UEFA) រៀងៗខ្លួន នាថ្ងៃទី១៨ វិច្ឆិកា។ ចំណែកក្រុមដាណឺម៉ាក កូសូវូ តួកគីយេ បូស្នី និង១២ក្រុមផ្សេងទៀត បន្តប្រជែងនៅវគ្គ Playoffs។

នៅការប្រកួតបង្ហើយពូល E អេស្ប៉ាញប្រកួតបានត្រឹមស្មើក្នុងលទ្ធផល ២-២ ទល់នឹងតួកគីយេ ដែលជំនួបធ្វើឡើងក្នុងទីក្រុង Seville។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប (Euro 2024) ឆ្លងកាត់ការប្រកួត ៦លើក រកបាន ១៦ពិន្ទុ ឈរកំពូលតារាងពីលើក្រុមតួកគីយេ នៅលេខ​២ រកបាន ១៣ពិន្ទុ។ គ្រាប់បាល់ ២គ្រាប់សង្គ្រោះអេស្ប៉ាញពីការប្រជែងរបស់តួកគីយេ​ ធ្វើបានដោយកីឡាករ Dani Olmo នាទី៤ និង Mikel Oyarzabal នាទី៦២។ ដោយឡែក ២គ្រាប់របស់តួកគីយេ ធ្វើបានដោយកីឡាករ Salih Ozcan និង Deniz Gul។

ទោះជួបលទ្ធផលស្មើតែអេស្ប៉ាញម្ចាស់ពានពិភពលោកឆ្នាំ ២០១០ នឹងបង្ហាញខ្លួនលើកទី១៦ របស់ពួកគេ នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ នៅក្នុងពូល E តួកគីយេ​ សល់កៅអីវគ្គជម្រុះជុំទី២ទ្វីបអឺរ៉ុប ស្របពេលក្រុមធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល រួមមានហ្ស៊កហ្ស៊ី ឈរនៅលេខ ៣ និងប៊ុលហ្ការី បាតតារាង។ នៅថ្ងៃប្រកួតបង្ហើយប៊ុលហ្ការី ផ្តួលហ្ស៊កហ្ស៊ី ២-១។

ក្រឡែកការប្រកួតពូល H អូទ្រីស​ ដណ្តើមបានកៅអី World Cup ឆ្នាំ ២០២៦ បន្ទាប់ពីពួកគេទប់ទល់ក្រុមបូស្នីដោយលទ្ធផលស្មើ ១-១ នៅជំនួបចុងក្រោយ។ អូទ្រីស រកបាន ១៩ពិន្ទុ ពីការប្រកួត ៦លើក រីឯបូស្នី ឈរលេខ ២ រកបាន ១៧ពិន្ទុ ត្រូវបន្តទៅប្រកួតវគ្គ Playoffs ស្វែងរកឱកាសបន្ត។ 

លទ្ធផលស្មើនេះ ក៏បានរុញច្រានឱ្យអូទ្រីស វិលត្រឡប់ទៅបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup លើកដំបូង ក្រោយពួកគេខកខានចូលរួមតាំងពីឆ្នាំ​ ១៩៩៨ មក។ នេះក៏នឹងក្លាយជាការបង្ហាញលើកទី៨ សម្រាប់អូទ្រីស នៅបាល់ទាត់ពិភពលោក ហើយជាការវិលត្រលប់លើកដំបូងក្នុងពេល ២៨ឆ្នាំ សម្រាប់ពួកគេដូចគ្នា។ ក្រុមរូម៉ានី ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល ប៉ុន្តែសល់ុឱកាសវគ្គជម្រុះ Playoffs ដោយសារពួកគេទទួលបានចំណាត់ល្អនៅ​ UEFA Nations League។​ ស៊ីប និងសាំងម៉ារាំង អស់ឱកាសត្រឹមវគ្គចែកពូល H នេះ។

បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើដូចគ្នា មិនខុសពីអេស្ប៉ាញ អូទ្រីសឡើយ ក្រុមស្វ៊ីស ក៏ស្មើលទ្ធផល ១-១ ទល់នឹងក្រុមកូសូវូ ដូចគ្នា។ ស្វ៊ីសកាន់តំណែងកំពូលតារាងពូល B រកបាន ១៤ពិន្ទុ ពីការប្រកួត ៦លើក ចំណែកឯកូសូវូ វិញ រកបានកៅអីវគ្គ Playoffs បន្តទៀត ដោយពួកគេឈរលេខ ២ រកបាន ១១ពិន្ទុ។ ស្លូវេនី ជាក្រុមធ្លាក់ចេញពីការប្រកួតនេះ ស្របពេលស៊ុយអែត បើទោះពួកគេស្ថិតនៅបាតតារាង ប៉ុន្តែនៅតែឈានទៅវគ្គជម្រុះជុំទី២ ដោយសារពួកគេទទួលបានចំណាត់ល្អនៅ​ UEFA Nations League។ ​ស្វ៊ីសក៏ត្រៀមបង្ហាញខ្លួនលើកទី១៣ នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ 

ក្រុមស្កុតឡែនឯណោះវិញ ក៏ដណ្តើមបានកៅអី World Cup លើកដំបូងក្នុងពេល ២៨ឆ្នាំ របស់ពួកគេដូចគ្នាដែរ បន្ទាប់ពី កីឡាករ​ Kieran Tierney និង Kenny Mclean ស៊ុតបាល់ម្នាក់ ១គ្រាប់ នៅក្នុងនាទីបន្ថែមចុងក្រោយហៀបបញ្ចប់ការប្រកួតជួយដល់ក្រុមស្កុតឡែនដណ្តើមបាន ៣ពិន្ទុពីដាណឺម៉ាក។ ស្កុតឡែន ផ្តួលដាណឺម៉ាក លទ្ធផលសរុប ៤-២ រុញដាណឺម៉ាក ឱ្យទៅប្រកួតបន្តនៅវគ្គ Playoffs។ 

ស្កុតឡែកទៀតសោត ក៏ជាក្រុមធ្លាប់បង្ហាញខ្លួននៅ World Cup រហូតដល់ទៅ ៨លើក ហើយវត្តមានចុងក្រោយបង្អស់របស់ពួកគេ គឺព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ នៅប្រទេសបារាំង។ រកបាន ១៣ពិន្ទុ ពីការប្រកួត ៦លើក​ ក្នុងពូល C បានជួយឱ្យស្កុតឡែនបញ្ចប់ការរង់ចាំ ២៨ឆ្នាំ ក្នុងការបង្ហាញខ្លួននៅ World Cup ជាថ្មីឡើងវិញ។ ក្រុមក្រិក និងបេឡារុស ក្នុងពូលជាមួយគ្នានេះ ធ្លាក់ចេញពីការប្រកួត។

ការប្រកួតពូល J បែលហ្ស៊ិក ក៏បានកក់កៅអី World Cup ឆ្នាំ ២០២៦ បន្ទាប់ពីពួកគេផ្តួលលិចតិនស្តាញ ៧-០ ស្របពេលវែសន៍ លត់ម៉ាសេដ្វានខាងជើង ៧​-១។ បញ្ចប់ការប្រកួត ៨លើក បែលហ្ស៊ិករកបាន ១៨ពិន្ទុ ឈរកំពូលតារាង ចំណែកវែលស៌ វិញ នៅលេខ ២ រកបានចំនួន ១៦ពិន្ទុ ហើយត្រូវបន្តដំណើរទៅប្រកួតនៅវគ្គ Playoffs បន្តទៀត។ ក្នុងពូល J ដដែល ម៉ាសេដ្វានខាងជើង លិចតិនស្តាញ និងកាហ្សាក់ស្ថាន ធ្លាក់ចេញពីការប្រកួត។

បញ្ចប់ការប្រកួតជម្រុះទ្វីបអឺរ៉ុប ត្រឹមវគ្គចែកពូល ក្រុមខ្លាំងៗចំនួន​ ១២ ដណ្តើមបានកៅអីស្វីយប្រវត្តិ ស្របពេលក្រុម ១៦ផ្សេងទៀត ត្រូវបន្តដំណើរទៅ Playoffs។ 

ក្រុមឈ្នះកៅអីស្វ័យប្រវត្តិទាំង១២រួមមាន៖ អាល្លឺម៉ង់ ស្វ៊ីស ស្កុតឡែន បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ហូឡង់ អូទ្រីស ន័រវែស បែលហ្ស៊ិក អង់គ្លេស និងក្រូអាស៊ី។ ចំណែកក្រុមចំណាត់ថ្នាក់លេខ២ទាំង១២ ដែលត្រូវបន្តវគ្គ Playoffs មាន៖ ស្លូវ៉ាគី កូសូវូ ដាណឺម៉ាក អ៊ុយក្រែន តួកគី អៀរឡង់ ប៉ូឡូញ បូស្នី អ៊ីតាលី វែលស៍ អាល់បានី និងសាធារណៈរដ្ឋឆែក។ 

ដោយឡែក រូម៉ានី ស៊ុយអែត ម៉ាសេដ្វានខាងជើង និងអៀរឡង់ខាងជើង ដែលធ្លាក់វគ្គជម្រុះ World Cup ឆ្នាំ ២០២៦ លើកនេះ នៅមានឱកាសបន្តប្រជែងកៅអីនៅវគ្គ Playoffs បន្ត។ ក្រុមទាំង ៤ នេះ ជាក្រុមដែលមាន​កម្រិតប្រកួតប្រជែងល្អនៅការប្រកួតពានរង្វាន់ Nations League របស់អឺរ៉ុប ហើយសុទ្ធសឹងជាក្រុមកំពូលតារាងរៀងៗខ្លួន។ កៅអីទាំង ៤ នោះ ត្រូវបានបង្វែរផ្តល់ឱ្យពួកគេ ក្រោយពេលក្រុមដែលបានឈរនៅកំពូលតារាងការប្រកួត Nations League ដូចគ្នាជាមួយពួកគេនោះ ដណ្តើមបានកៅអីស្វ័យប្រវត្តិទៅ World Cup ឆ្នាំ ២០២៦ ក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top