អតីតកីឡាកជម្រើសជាតិ កម្ពុជា លោក Chhunly Pagenburg បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ Transfer Market ជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតម្នាក់គ្រប់ពេលវេលាក្នុងតំបន់ អាស៊ី។
កាលពីថ្ងៃ អង្គារ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថាប័ន Transfer Market បានចុះផ្សាយអំពីកីឡាកររបស់ប្រទេសនីមួយៗក្នុងតំបន់ អាស៊ី ដែលមានតម្លៃខ្លួនថ្លៃបំផុតគ្រប់ពេលវេលា។ រឿងដ៏គួរឱ្យចាប់អារម្មណ៍ គឺ កម្ពុជា មានលោក Chhunly Pagenburg ម្នាក់ ដែលជាអតីតកីឡាករក្រុម 1.FC Nuremberg នៃលីគកំពូល អាល្លឺម៉ង់ ស្ថិតនៅក្នុងបញ្ជីនោះផងដែរ ដោយនៅឆ្នាំ ២០០៧ លោកមានតម្លៃខ្លួនថ្លៃបំផុត ៥០ ម៉ឺនអឺរ៉ូ ឬប្រមាណជា ៥៨ ម៉ឺនដុល្លារអាមេរិក។
រម្លឹកត្រួសៗអំពីប្រវត្តិរបស់អតីតកីឡាករវ័យ ៣៩ ឆ្នាំរូបនេះ លោកគឺលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល មានជំនាញជើងស្តាំ និងមានកម្ពស់ ១.៧៧ ម៉ែត្រ។ បុរសកូនកាត់ខ្មែរ-អាល្លឺម៉ង់ រូបនេះ ជាយុវជនថ្នាលរបស់ក្លិប FC Nuremberg ហើយនៅឆ្នាំ ២០០៥ លោកត្រូវបានក្លិបអតីតលីគកំពូល អាល្លឺម៉ង់ និងបច្ចុប្បន្នស្ថិតនៅលីគទី ២ មួយនេះតម្លើងមកកាន់ក្រុមធំជាលើកដំបូង។
លុះលេងនៅទីនោះដល់ឆ្នាំ ២០០៨ លោកក៏ត្រូវបានក្លិបដាក់ឱ្យក្លិប 1860 Munich ខ្ចីជើងកន្លះរដូវកាល។ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើង លោកបានត្រឡប់មកកាន់ទ្រនំចាស់ FC Nuremberg វិញរយៈពេល ១ ឆ្នាំមុនពេលផ្លាស់ទ្រនំថ្មីៗជាបន្តបន្ទាប់ ដូចជាក្លិប Rot-Weib Erfurt, Eintract Trier និង FSV Frankfurt។ នៅឆ្នាំ ២០១៥ លោក Chhunly Pagenburg បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់តែម្តង ដោយពេលនោះមានវ័យ ២៨ ឆ្នាំ បន្ទាប់ពីប្រកបអាជីពបានរយៈពេល ១០ ឆ្នាំ ដោយសារតែរបួសញាំញីខ្លាំងពេក។
ក្រឡេកមកកាន់ក្រុមជម្រើសជាតិវិញ លោកធ្លាប់បានជាប់នៅក្រុមអាយុក្រោម ១៩ ឆ្នាំ និង អាយុក្រោម ២០ ឆ្នាំរបស់ជម្រើសជាតិ អាល្លឺម៉ង់ ប៉៉ុន្តែនៅពេលជ្រើសរើសលេងតំណាងឱ្យជម្រើសជាតិក្រុមធំ លោកបានលេងឱ្យ កម្ពុជា វិញ។ យ៉ាងណា លោកលេងបានតែ ៣ ប្រកួតប៉ុណ្ណោះ ដោយលេងលក្ខណៈមិត្តភាពក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំ ២ ប្រកួត និងការប្រកួតផ្លូវការក្នុងក្រុមធំ ១ ប្រកួតនៅឆ្នាំ ២០១៣៕
ប្រភព៖ KAMPUCHEATHMEY



