ជើងខ្លាំងប្រចាំទម្ងន់ស្រាល ឡុង ពិសិដ្ឋ បានបង្ហោះសារនៅលើហ្វេសបុករបស់ខ្លួនបញ្ជាក់ពីការដឹងកំហុសដែលបានធ្វើខុសកន្លងមក និងសុំការយោគយល់ពីលោក រិគី អនុញ្ញាតឲ្យខ្លួនបានចេញទៅនៅក្លឹបផ្សេងដើម្បីមានឱកាសប្រកួតចិញ្ចឹមគ្រួសារ។
បន្ទាប់ពីមានការរកាំរកូសគ្នាកាលពីជាង ២ខែមុនរវាង លោក រិគី និង ឡុង ពិសិដ្ឋ នៅពេលនោះគឺរហូតមានការឆ្លងឆ្លើយគ្នា និងប្រកាសឈប់ពីប្រដាល់ទៀតផង។ ក្រោយមកក៏បាត់មុខ ឡុង ពិសិដ្ឋ ឈឹងទើបតែថ្ងៃនេះឃើញរូបគេបង្ហោះសារដឹងពីកំហុសរបស់ខ្លួន និងសុំការអនុញ្ញាតពីលោក រិគី ដើម្បីស្វែងរកក្លឹបថ្មីចូលហ្វឹកហាត់ឡើងវិញ។
សំណេរនោះក៏បានបញ្ជាក់ពីការលំបាកមួយចំនួនផងដែរអំពីជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះរូបគេសុំទៅរកក្លឹបថ្មីដើម្បីបានចូលហ្វឹកហាត់គុនខ្មែរវិញមានឱកាសឡើងប្រកួតតាមកម្មវិធីផ្សេងៗទទួលបានថវិកាចិញ្ចឹមក្រុមគ្រួសារ។ ពិសិដ្ឋ បន្ថែមទៀតថាបើគ្រូអស់និស្ស័យជាមួយសិស្សហើយបើកផ្លូវឲ្យរូបគេទៅៗ។
យ៉ាងណាគេមិនទាន់ឃើញមានការឆ្លើយតបពីលោក រិគី ដែលជាគ្រូបង្វឹកប្រចាំក្លឹបប្រដាល់ខ្លារខិននៅឡើយទេ។ មានតែរង់ចាំមើលថារវាងអ្នកទាំងពីរអាចស្រុះស្រួលគ្នាវិញ ឬបន្តគ្មានច្រកចេញដដែល។
បញ្ជាក់ដែរថា ឡុង ពិសិដ្ឋ ជាអ្នកប្រដាល់ទម្ងន់ស្រាលល្បីឈ្មោះមួយរូបនៅកម្ពុជា។ រូបគេក៏ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
ប្រភព៖ KAMPUCHEATHMEY



