អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ​ ទទួល​ស្គាល់​កំហុស​ខ្លួនឯង​សុំ​ការ​យោគយល់ពី​គ្រូ​​ដើម្បី​ចេញ​ទៅ​នៅ​ក្លឹប​ថ្មី​

ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ស្រាល​ ឡុង​ ពិសិដ្ឋ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុក​របស់​ខ្លួន​បញ្ជាក់​ពី​ការ​ដឹង​កំហុស​ដែល​បាន​ធ្វើ​ខុស​កន្លង​មក​ និង​សុំ​ការ​យោគយល់​ពី​លោក​ រិគី​ អនុញ្ញាត​ឲ្យ​ខ្លួន​បាន​ចេញ​ទៅ​នៅ​ក្លឹប​ផ្សេង​ដើម្បី​មាន​ឱកាស​ប្រកួត​ចិញ្ចឹម​គ្រួសារ។​

បន្ទាប់​ពី​មាន​ការ​រកាំរកូស​គ្នា​កាល​ពី​ជាង​ ២ខែ​មុន​រវាង​ លោក​ រិគី​ និង​ ឡុង​ ពិសិដ្ឋ​ នៅ​ពេល​នោះ​គឺ​រហូត​មាន​ការ​ឆ្លងឆ្លើយ​គ្នា​​ និង​ប្រកាស​ឈប់​ពី​ប្រដាល់​ទៀត​ផង​។​ ក្រោយ​មក​ក៏​បាត់​មុខ​ ឡុង​ ពិសិដ្ឋ​ ឈឹង​ទើប​តែ​​ថ្ងៃ​នេះ​ឃើញ​រូប​គេ​បង្ហោះ​សារ​ដឹង​ពី​កំហុស​របស់​ខ្លួន​ និង​សុំ​ការ​អនុញ្ញាត​ពី​លោក​ រិគី​ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​ចូល​ហ្វឹកហាត់​ឡើង​វិញ។​

សំណេរ​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​លំបាក​មួយ​ចំនួន​ផង​ដែរ​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដូច្នេះ​រូប​គេ​សុំ​ទៅ​រក​ក្លឹប​ថ្មី​ដើម្បី​បាន​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​វិញ​មាន​ឱកាស​ឡើង​ប្រកួត​តាម​កម្មវិធីផ្សេងៗ​ទទួល​បាន​ថវិកា​ចិញ្ចឹម​ក្រុម​គ្រួសារ។​ ពិសិដ្ឋ​ បន្ថែម​ទៀត​ថា​បើ​គ្រូ​អស់​និស្ស័យ​ជា​មួយ​សិស្ស​​ហើយ​បើក​ផ្លូវ​ឲ្យ​រូប​គេ​ទៅៗ។​

យ៉ាងណា​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ពីលោក​ រិគី​ ដែល​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប្រដាល់​ខ្លារខិន​នៅ​ឡើយ​ទេ។​ មាន​តែ​រង់ចាំ​មើល​ថា​រវាង​អ្នក​ទាំង​ពីរ​អាច​ស្រុះស្រួល​គ្នា​វិញ​ ឬ​បន្ត​គ្មាន​ច្រក​ចេញដដែល​។​

បញ្ជាក់​ដែរ​ថា​ ឡុង​ ពិសិដ្ឋ​ ជា​​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា។​ រូប​គេ​ក៏​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​​ លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ​ងដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top