កីឡាករបាល់ទាត់ដ៏ល្បី Cristiano Ronaldo បានក្លាយជាភ្ញៀវកិត្តិយសដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ នៅក្នុងពិធីទទួលទានអាហារពេលល្ងាចដ៏ប្រណីតនៅសេតវិមាន ដែលរៀបចំដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេកទស្សនៈកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman។
Ronaldo ទទួលបានឱកាសចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចនេះ ដែលមានការចូលរួមសុទ្ធតែលំដាប់មហាសេដ្ឋីកំពូលៗដូចជា លោក Elon Mask, នាយកក្រុមហ៊ុន Apple លោក Tim Cook និងបុគ្គលដ៏មានឥទ្ធិពលជាច្រើនរូបទៀត តាមរយៈរាជទាយាទ Mohammed bin Salman ខណៈអត្ថន័យធំនៃកម្មវិធីនេះ គឺបានបង្ហាញពីការរួមបញ្ចូលគ្នានៃកីឡា នយោបាយ និងទំនាក់ទំនងអន្តរជាតិ។
ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ តាំងពីចូលរួមជាមួយក្លឹប Al Nassr នៅដើមឆ្នាំ ២០២៣ បានក្លាយជាតួអង្គសំខាន់ និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ក្នុងយុទ្ធនាការរបស់ អារ៉ាប៊ីសាអ៊ូឌីត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយពីការផ្សព្វផ្សាយកិត្យានុភាពប្រទេសនេះនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត បានវិនិយោគយ៉ាងច្រើនលើវិស័យកីឡា ជាផ្នែកមួយនៃយុទ្ធសាស្ត្រ “sportswashing” ដើម្បីផ្លាស់ទស្សនៈពិភពលោកពីការរិះគន់ពីសិទ្ធិមនុស្ស និងបរិស្ថាន។
ការអញ្ជើញ Ronaldo ទៅកាន់សេតវិមាន បានក្លាយជាផ្នែកមួយនៃការលើកស្ទួយទំនាក់ទំនងជិតស្និទ្ធរវាងអាមេរិក និង អារ៉ាប៊ីសាអ៊ូឌីត ដោយប្រើតួអង្គដ៏ល្បីល្បាញក្នុងវិស័យកីឡា ដើម្បីទាក់ទាញសារព័ត៌មានធំៗក្នុងពិភពលោក និងការចាប់អារម្មណ៍ពីសាធារណជន។
បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ Ronaldo និងគូដណ្តឹងអ្នកនាង Georgina Rodríguez ក៏ទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ត្រាំ នៅសេតវិមានដោយផ្ទាល់ផងដែរ។ ក្រោយជួបសំណេះសំណាលបានបញ្ចប់ Ronaldo បានបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួនដូច្នេះ ថា៖ «អរុណ លោកប្រធានាធិបតីសម្រាប់ការអញ្ជើញ និងទទួលស្វាគមន៍យ៉ាងខ្ញុំ និងអនាគតភរិយារបស់ខ្ញុំយ៉ាងកក់ក្តៅ ទាំងប្រធានាធិបតី និងស្ត្រីទី១។ ពួកយើងមានអ្វីម្យ៉ាងដែលមានន័យផ្តល់ជូនលោក ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តអ្នកជំនាន់ក្រោយ ដើម្បីសាងអនាគតតាមរយៈភាពក្លាហាន ការទទួលខុសត្រូវ និងសន្តិភាពយូរអង្វែង»។
គួរឱ្យដឹងថា នេះជាលើកទី ១ គិតចាប់តាំងពីឆ្នាំ ២០១៦ ដែល Ronaldo បានទៅជាន់ទឹកដី អាមេរិក ជាថ្មី។ វត្តមានរបស់ Ronaldo ត្រូវបានគេដឹង ថា ក៏បានរួមចំណែកផ្សាភ្ជាប់អំពីទំនាក់ទំនងវិស័យកីឡារវាងប្រទេស សហរដ្ឋអាមេរិក និង ព័រទុយហ្គាល់ ផងដែរ ដោយនៅឆ្នាំ ២០២៦ ខាងមុខ ជម្រើសជាតិទាំង ២ នឹងមានការប្រកួតមិត្តភាពមួយជាមួយគ្នា មុនព្រឹត្តិការណ៍ World Cup ២០២៦ មកដល់៕
ប្រភព៖ KAMPUCHEATHMEY



