ក្រុម អាស៊ាន ប្រែប្រួលចំណាត់ថ្នាក់ FIFA Ranking ខណៈ កម្ពុជា រក្សាចំណាត់ថ្នាក់ដដែល

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងនោះក្រុមនៅ អាស៊ាន ភាគច្រើនធ្លាក់ចំណាត់ថ្នាក់ បើធៀបនឹងខែមុន។ ដោយឡែកក្រុម​បាល់ទាត់​ជម្រើសជាតិ កម្ពុជា បានរក្សានៅចំណាត់ថ្នាក់លេខ ១៧៩ ដដែល ដោយមិនមានអ្វីប្រែប្រួលនោះទេ។

បន្ទាប់ពីមិនមានការប្រកួតអំឡុងថ្ងៃ FIFA Day ២ លើកជាប់គ្នា នៅខែ វិច្ឆិកា នេះ ក្រុមជម្រើសជាតិ កម្ពុជា បានមានការប្រកួតជាថ្មី ដោយបានប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសកោះចិនហុងកុង កាលពីថ្ងៃ ទី ១៣ ខែ វិច្ឆិកា ហើយជាលទ្ធផល គឺបានបញ្ចប់ដោយស្មើគ្នា ១ ទល់នឹង ១។

លទ្ធផលស្មើគ្នានេះ បានធ្វើឱ្យ កម្ពុជា ទទួលបានពិន្ទុ ១.៣៣ ពិន្ទុ និងបច្ចុប្បន្នមានពិន្ទុសរុបចំនួន ៩១១.៥៤ ពិន្ទុ។ ទោះបីជាយ៉ាងណា ចំណាត់ថ្នាក់របស់ កម្ពុជា គឺពុំមានអ្វីប្រែប្រួលនោះទេ ដោយរក្សានៅលេខ ១៧៩ ដដែល។

ក្រឡេកមកមើលក្រុមក្នុងតំបន់ អាស៊ាន ១០ ទៀតវិញ មាន ៦ ក្រុមបានឡើងចំណាត់ថ្នាក់ ក្នុងនោះ ថៃ បានឡើងពី ៩៦ ទៅ ៩៥។ វៀតណាម ឡើងពីលេខ ១១១ ទៅ ១១០។ ម៉ាឡេស៊ី ឡើងពី ១១៨ ទៅ ១១៦។ ហ្វីលីពីន ឡើងពី ១៤១ ទៅ ១៣៦។ សិង្ហបុរី ឡើងពី ១៥៥ ទៅលេខ ១៥១ និងចុងក្រោយ ឡាវ ឡើងពី ១៨៨ ទៅលេខ ១៨៧។

ដោយឡែក ឥណ្ឌូណេស៊ី នៅរក្សាចំណាត់ថ្នាក់លេខ ១២២ ដដែល។ មីយ៉ាន់ម៉ា ក៏នៅរក្សាចំណាត់ថ្នាក់លេខ ១៦៣ របស់ខ្លួនដដែល។ រីឯ ប្រ៊ុយណេ ធ្លាក់ពីលេខ ១៨៥ មកលេខ ១៨៩។ ទីម័រខាង​កើត ធ្លាក់ពីលេខ ១៩៧ មកលេខ ១៩៨។

ចាប់អារម្មណ៍ជាមួយចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ក្នុងពិភពលោកវិញ គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ក្នុងនោះ អេស្ប៉ាញ បន្តឈរនៅចំណាត់ថ្នាក់ទី ១ ដដែល។ ចំណែក អាហ្សង់ទីន ឈរនៅលេខ ២, បារាំង ឈរនៅលេខ ៣, អង់គ្លេស ឈរនៅលេខ ៤ និង ប្រេស៊ីល ឈរលេខ ៥ ដោយទម្លាក់ ព័រទុយហ្គាល់ ទៅលេខ ៦៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top