McTominay បំបែកកំណត់ត្រា Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតក្នុងលោក

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ស្កុតលែនដ៍ កីឡាករ Scott McTominay បានបំបែកកំណត់ត្រារបស់ Cristiano Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតនៅក្នុងពិភពលោក។

Scott McTominay បានបង្ហាញសមត្ថភាពល្អខ្លាំង ជាមួយក្រុមជម្រើសជាតិ ស្កុតលែនដ៍ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ប្រចាំតំបន់ អឺរ៉ុប កន្លងទៅ។ រឿងដ៏អស្ចារ្យ កីឡាករ បានស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់សឹងមិនគួរឱ្យជឿ ជួយឱ្យក្រុម ស្កុតលែនដ៍ យកឈ្នះ ដាណឺម៉ាក ៤-២ នៅក្នុងការចុងក្រោយ នៃវគ្គជម្រុះពូល C ហើយជ័យជម្នះនេះ បានធ្វើឱ្យ ស្កុតលែនដ៍ ទទួលបានកៅអីឡើងទៅកាន់ជុំចុងក្រោយពានរង្វាន់ World Cup ជាលើកដំបូង ដោយរាប់ចាប់ពីឆ្នាំ ១៩៩៨ ។

ការស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់នេះរបស់ McTominay មិនត្រឹមតែជាស្ពានជួយចម្លង ស្កុតលែនដ៍ ឡើងទៅជុំចុងក្រោយ World Cup 2026 ប៉ុណ្ណោះទេ ជាមួយគ្នានេះកីឡាកររបស់ក្រុម Napoli វ័យ ២៨ ឆ្នាំ ក៏បានបំបែកកំណត់ត្រាអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo ជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។

 

អំឡុងពេល Ronaldo លោតបកហ្ស៊ីហ្ស៊ោ នៅក្នុងការប្រកួតរវាង Real Madrid ទល់នឹង Juventus ក្នុងពាន Champions League កាលពីរដូវកាល ២០១៧-២០១៨ គឺរូបគេធ្វើបានក្នុងកម្ពស់ ២.៣៨ ម៉ែត្រ។ ចំណែក McTominay វិញ ធ្វើបានក្នុងកម្ពស់ ២.៥៣ ម៉ែត្រ។

ទោះបីជា មិនទាន់មានការទទួលស្គាល់ផ្លូវការក៏ដោយ ប៉ុន្តែកំណត់ត្រាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតក្នុងពិភពលោក គឺកំពុងកាន់កាប់ដោយ McTominay ហើយ ព្រោះគិតត្រឹមបច្ចុប្បន្ន មិនទាន់មានកីឡាករផ្សេងណា លោកបានខ្ពស់ជាងកម្ពស់នេះនោះទេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top