លោក គ្រី ពីឡុត អ្នកចាប់គូប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា ថាការប្រកួតគុនខ្មែរមិនត្រឹមតែជាការផ្សព្វផ្សាយក្បាច់គុនបុរាណរបស់ខ្មែរនោះទេក៏ជាការផ្សព្វផ្សាយស្នាមញញឹម និងភាពរីកចម្រើន សុខសុវត្តិភាព របស់ប្រទេសកម្ពុជាទៀងផង។
ថ្លែងក្នុងវីដេអូលោក គ្រី ពីឡុត បានបញ្ជាក់ថា ដៃគូរបស់ ពេជ្រ សម្បត្តិ គឺកីឡាករ AARON CLARKE រីករាយដែលបានមកកម្ពុជាលើកនេះ និងសប្បាយចិត្តនៅពេលដែលមានអ្នកស្គាល់ និងហៅរូបគេច្រើនបន្ទាប់ប្រកួតរួចមក។
មុនខ្លួនមកដល់កម្ពុជាមានគេនិយាយប្រាប់ថាប្រទេសនេះមិនល្អ មិនមានសុវត្ថិភាព និងត្រូវប្រយ័ត្នមែនទែន ប៉ុន្តែជាក់ស្ដែងគឺមិនដូច្នោះនោះឡើយ។ ប្រជាជនញញឹមរាក់ទាក់ និងបានបង្ហាញពីភាពកក់ក្ដៅគួរឲ្យស្រឡាញ់ចូលចិត្ត។ លោកស្រឡាញ់កម្ពុជា និងសន្យាថាមានពេលនឹងមកម្ដងទៀតដើម្បីដើរលេងកម្សាន្តពិសេសទស្សនាប្រាសាទនានារបស់ខ្មែរ។
ចំណែកលោក គ្រី ពីឡុត បន្ថែមទៀតថា ការប្រកួតគុនខ្មែរមិនមែនត្រឹមតែផ្សព្វផ្សាយក្បាច់បុរាណរបស់ខ្មែរដល់អន្តរជាតិនោះទេគឺបានផ្សព្វផ្សាយដល់បរទេសឲ្យបានស្គាល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីនេះគឺបញ្ជាក់ដល់ជនបរទេសគ្រប់រូបថានៅកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ប្រជាជនរស់នៅដោយសប្បាយរីករាយ និងស្វាគមន៍ជានិច្ចគ្រប់ជាតិសាសន៍ដែលមកលេង។
បញ្ជាក់ដែរថា កីឡាករ AARON CLARKE មកកម្ពុជាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីប្រកួតដណ្ដើមខ្សែពីកីឡាករ ពេជ្រ សម្បត្តិ។ រូបគេមិនអាចដណ្ដើមខ្សែក្រវាត់ពីជើងខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ បានឡើយដោយចាញ់ពិន្ទុក្រោយតតាំងគ្នាអស់ ៥ទឹករួចមកនៅសង្វៀនហង្សមាស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ប្រភព៖ KAMPUCHEATHMEY



