សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី២៤ ខែវិច្ឆិកា បានបង្ហាញសមាសភាពកីឡាករអាយុក្រោម២២ឆ្នាំ U22 ដើម្បីចូលជំរំហ្វឹកហាត់ត្រៀមប្រជែងកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ។ កម្ពុជា ត្រូវប៉ះថៃ នៅជំនួបចុងក្រោយពូល A បន្ទាប់ពីតទល់ទីម័រខាងកើតសម្រាប់ប្រកួតបើកឆាក។ ដោយឡែកក្រុមនារីកម្ពុជា នៅពូលជាមួយថៃដែរនោះ ក៏បានបង្ហាញសមាសផាពទាំង២៣រូបផងដែរ។
ក្នុងចំណោមកីឡាករទាំង២៣រូប ដែល FFC កោះហៅចូលរួមក្រុម មាន២១រូប កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា និង២រូបពីលីគក្រៅស្រុក។ សមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ណាហ្គាវើលដ៍ ភ្នំពេញក្រោន អាយអេសអាយ ដង្កោសែនជ័យ និងអង្គរថាយហ្គឺរ មានកីឡាករ៣រូបដូចគ្នា។ បឹងកេត និងវិសាខា មានពីររូប ស្របពេល ឡាយហ្វខេត្តព្រះសីហនុ អឹម អូ អាយ កំពង់ដេវ៉ា មានកីឡាករមួយរូបគ្នា។ សម្រាប់កីឡាករពីររូបដែលប្រកបអាជីពនៅលីគក្រៅស្រុក រួមមាន លីម លោកាថុង លេងនៅ Auckland United នៃលីគកំពូលនូវែលសេឡង់ និង ឈឿន ដាវីន ពី York United FC នៃលីគកំពូលកាណាដា។
សម្រាប់វិញ្ញាសាបាល់ទាត់បុរស U22 កម្ពុជា ត្រូវប្រកួតបើកឆាកពូល A របស់ខ្លួន ជាមួយទីម័រខាងកើត នៅថ្ងៃទី៦ ខែធ្នូ និងចុងក្រោយ ប៉ះម្ចាស់ផ្ទះថៃ ថ្ងៃទី១១ ខែធ្នូ នៅកីឡដ្ឋាន Rajamangala ក្នុងក្រុងបាងកក។
ពូល B មានក្រុម រួមមានវៀតណាម ម៉ាឡេស៊ី និងឡាវ និងពូល C មាន៤ក្រុម មានម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី។
ដោយឡែកក្រុមបាល់ទាត់នារីវិញ បានកោះហៅសមាជិកក្រុមភ្នំពេញក្រោនច្រើនជាងគេចំនួន៨រូប វិសាខា ៥រូប ណាហ្គាវើលដ៍ ៣រូប សៀមរាប ២រូប បឹងកេត ២រូប ព្រះខ័នរាជស្វាយរៀង ក្លិបបាល់ទាត់មីស្ទើរលេង និងពី FFC មួយរូបដូចៗគ្នា។
ក្រុមនារីកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី ស្របពេលពូល B មានម្ចាស់ការពារជើងឯក វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងម៉ាឡេស៊ី។
កម្ពុជា បានបញ្ជូន កីឡាករ-ការិនី ២២២នាក់ រួមទាំងមន្ដ្រីកីឡា និងថ្នាក់ដឹកនាំផ្សេងៗទៀត សរុប ៣៣២នាក់ ទៅប្រជែងមេដាយកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ ២០២៥ ក្នុង២១ប្រភេទកីឡា ២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី ២០ ខែធ្នូ។ ២១ប្រភេទកីឡានោះ រួមមាន កីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ការ៉ាតេ បាល់ទះ បាល់ទាត់ ចំបាប់ ទ្រីយ៉ាត្លុង បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ កីឡាអេឡិចត្រូនិក និង ម៉ូតូទឹក៕
ប្រភព៖ KAMPUCHEATHMEY



