ថ្នាក់ដឹកនាំ និងអត្តពលិកនៃកីឡាអេឡិចត្រូនិកកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។
ក្រោយចូលរួមក្នុងពិធីសំណេះសំណាល់ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសគឺក្នុងនាមជាសហគមអាស៊ាន និងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍ថា ៖«សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចបញ្ជូន ២ ក្រុមលើវិញ្ញាសា Mobile Legends Bang Bang គឺ ក្រុមបុរស និងក្រុមនារី ទៅចូលរួមប្រកួត។ មួយវិញទៀត ការចូលរួមនេះ ដូចដែលកីឡាករ កីឡាការិនីបានដឹងក្នុងពិធីសំណេះសំណាល់ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន គឺយើងចូលរួមក្នុងនាមជាសហគមតំបន់អាស៊ាន។ ថៃនឹងមើលថែយើងដូចជាប្រតិភូខ្មែរដូចជាប្រតិភូរបស់ប្រទេសផ្សេងទៀតដែរ។ សម្រាប់ការចូលរួមនេះគឺយើងគោរពតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺយើងចូលរួមដោយស្ម័គ្រចិត្ត»។
សមាជិកម្នាក់ក្នុងក្រុមកីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជាបាននិយាយថា ៖«ពួកយើងនឹងខិតខំធ្វើឲ្យបានល្អដើម្បីយកមេដាយជូនជាតិ។ យើងទៅចូលរួមប្រកួតក្នុងនាមជាអ្នកកីឡាដោយគ្មានការភ័យខ្លាច។ សូមបងប្អូនអ្នកគាំទ្រផ្តល់កម្លាំងចិត្តដល់ពួកខ្ញុំផង»។
ដោយសមាជិកក្នុងក្រុមបុរសបាននិយាយថា ៖«ខ្ញុំចង់ទៅប្រកួតដើម្បីស្វែងរកមេដាយមែនទែន។ យើងមានអារម្មណ៍ព្រួយបារម្ភដែរ ប៉ុន្តែរដ្ឋាភិបាលបានលើកឡើងពីការពារសុវត្ថិភាពរបស់ពួកយើង ដូច្នេះយើងធូរចិត្ត»។
កីឡាករបានបន្តថា ៖«ការទៅចូលរួមនេះគឺដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំទេ។ ពួកខ្ញុំរំពឹងថា អាចបានមេដាយជូនជាតិ ហើយសូមអ្នកគាំទ្រតាមដាន លើកទឹកចិត្តដល់ពួកខ្ញុំ»។
កម្ពុជា បានសម្រេចបញ្ជូនកីឡា ២១ ប្រភេទទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសថៃគឺកីឡា អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕
ប្រភព៖ KAMPUCHEATHMEY



