Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី

កីឡាករ Vinicius Jr. ប្រាប់ទៅប្រធានក្លិប Real Madrid លោក Florentino Perez អំពីចេតនារបស់ខ្លួន​ មិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្លិបឡើយ ប្រសិនបើទំនាក់ទំនងរបស់គេជាមួយលោក Xabi Alonso នៅតែបន្តតានតឹងបែបនេះ ប៉ុន្តែកីឡាករក៏បានដាក់លក្ខខណ្ឌពី​ការចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែល Cristiano Ronaldo កាល​នៅទឹកដី Santiago Bernabeu ទើបព្រមបន្តកិច្ចសន្យាថ្មី។

ដើមហេតុនៃភាពតានតឹង ដែលនាំឱ្យទំនាក់ទំនងលោក Alonso មានភាពរកាំរកូសជាមួយ Vinicius ដោយសារអំឡុងការប្រកួតពាន Club World Cup គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះដាក់ឱ្យ Vinicius អង្គុយនៅកៅអីបម្រុង។ បន្ទាប់មកទៀតនៅក្នុងជំនួបទល់ Barcelona លោក Alonso បានផ្លាស់ប្តូរ Vinicius ចេញ ទាំងរូបគេនៅមានឆន្ទៈចង់លេង ហើយក៏បានធ្វើឱ្យកីឡាករវ័យ ២៥ ឆ្នាំខឹងសម្បារយ៉ាងខ្លាំង។

ដោយសារតែបញ្ហាទាំងនេះ បានធ្វើឱ្យ Vinicius មិនចង់បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid ឡើយ ស្របពេលកិច្ចសន្យាចាស់របស់គេនៅសល់ដល់ខែ មិថុនា ឆ្នាំ ២០២៧។ Real Madrid កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលឱ្យ Vinicius បន្តកិច្ចសន្យាថ្មីបន្តទៀត។ ក្លិបបានបញ្ចុះបញ្ចូលរូបគេ ដោយតម្លើងប្រាក់ឈ្នួលឱ្យពីចំនួនបច្ចុប្បន្ន ២០.៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ទៅ ២៣.០៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

 

ទោះបីជាយ៉ាងណា Vinicius jr. មិនបានយល់ព្រមឡើយ ដោយរូបគេទាមទារចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែលវីរបុរស Ronaldo អំឡុងពេលលេងនៅទឹកដី អេស្ប៉ាញ ចំនួន ៣៤.៥៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នោះទើបកីឡាករយល់ព្រមបន្តកិច្ចសន្យាថ្មី៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top