អាជ្ញាធរកីឡាថៃ (SAT) បានបញ្ជាឲ្យផ្លាស់ប្តូរទីលានប្រកួតកីឡាប្រដាល់សកល និងប្រហែលទីលានកីឡាបាល់ទាត់ថែមទៀតពីខេត្ត សុងក្លា ទៅទីក្រុងបាងកក វិញ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដោយសារទឹកជំនន់។
តាមការគ្រោងទុក ទីលានដែលកន្លែងរៀបចំសង្វៀនប្រដាល់សកលនៅក្នុងកីឡដ្ឋានមួយនៃខេត្តសុងក្លាត្រូវផ្លាស់ប្តូរទៅទីក្រុងបាងកក។ ជាមួយគ្នានេះ ទីលានបាល់ទាត់ក៏ប្រហែលជាប្តូរទៅប្រកួតនៅទីក្រុងបាងកកវិញដែរ ដោយសារផ្លូវថ្នលឆ្ពោះទៅកាន់កីឡដ្ឋានរងការខូចខាត។
ប្រធានអាជ្ញាធរកីឡាថៃ លោក Kongsak Yodmanee បាននិយាយថា ទីកន្លែងសម្រាប់រៀបចំសង្វៀនប្រដាល់សកលនៅកីឡដ្ឋាន The Southern Major City Stadium បច្ចុប្បន្នកំពុងរងគ្រោះដោយទឹកជំនន់។ កីឡាផ្សេងៗទៀតមិនមានប៉ះពាល់ទេ ប៉ុន្តែទីលានរៀបចំការប្រកួតសម្រាប់ពូល B រងផលប៉ះពាល់ដែរ។
សូមបញ្ជាក់ថា វិញ្ញាសាបាល់ទាត់បុរសអាយុ ២២ ឆ្នាំ សម្រាប់ពូល B ដែលត្រៀមប្រកួតនៅកីឡដ្ឋាន Tinsulanonda ក្នុងខេត្តសុងក្លា មាន ក្រុមជម្រើសជាតិ វៀតណាម ម៉ាឡេស៊ី និង ឡាវ ដែលគ្រោងចាប់ប្រកួតពីថ្ងៃទី៤ ខែធ្នូ។ យ៉ាងណា ការប្រកួតពូលនេះប្រហែលជាប្តូរទៅប្រកួតនៅកីឡដ្ឋាន Rajamangala ឬ កីឡដ្ឋាន Thammasat ក្នុងទីក្រុងបាងកកជំនួសវិញ៕
ប្រភព៖ KAMPUCHEATHMEY



