នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក រិគី គ្រូបង្វឹកក្លឹបប្រដាល់ខ្លារខិនបានយល់ព្រមទទួលយកកីឡាករ ឡុង ពិសិដ្ឋ ឲ្យចូលហ្វឹកហាត់ក្នុងក្លឹបវិញហើយក្រោយការសម្របសម្រួលពីលោក ហាក់ សុខហេង ព្រមជាមួយលក្ខខណ្ឌតឹងរឹងមួយចំនួន។
នេះបើតាមវីដេអូរបស់ក្លឹបខ្លារខិន គឺបញ្ជាក់ថានៅរសៀលថ្ងៃនេះគឺលោក រិគី បានយល់ព្រមទទួលយកកីឡាករ ឡុង ពិសិដ្ឋ ឲ្យចូលហ្វឹកហាត់ក្នុងក្លឹបវិញហើយចាប់ពីពេលនេះតទៅ។ ការយល់ព្រមនេះដោយសារតែលោក រិគី យល់យោគមុខលោក ហាក់ សុខហេង ដែលជាអ្នកមានគុណមកលើខ្លួននាពេលកន្លងមកអំពីការផ្ដល់ការងារផ្សេងៗនៅស្ថានីយទូរទស្សន៍ថោន។
គ្រូបង្វឹករបស់ក្លឹបខ្លារខិនខាងលើបន្តទៀតថា បើតាមកំហុស និងការប្រមាថរបស់ ឡុង ពិសិដ្ឋ កន្លងមកមកលើរូបលោកគឺលោកមិនអនុញ្ញាតឲ្យកីឡាកររូបនេះវិលត្រឡប់មកកាន់ក្លឹបវិញជាដាច់ខាត។ ដោយសារការប្រមាថ និងកំហុសនេះមានច្រើនដងពេក និងធ្ងន់ធ្ងរចំពោះរូបលោក ប៉ុន្តែដូចបានលើកឡើងខាងលើអីចឹងគឺយល់យោគលោក ហាក់ សុខហេង ទើបមិនអាចប្រកែកបាន។
យ៉ាងណាកីឡាករ ឡុង ពិសិដ្ឋ ត្រូវអនុវត្តន៍លក្ខខណ្ឌទាំងនេះឲ្យបានជាដាច់ខាតគឺហាមមិនឲ្យដើរលេងយប់ ហាមដាច់យប់ ហាមមានស្រីផ្ដេសផ្ដាស និងតម្ដល់ថវិកា ២លានរៀលអំឡុងពេលចូលហ្វឹកហាត់វិញនេះ។ បញ្ជាក់ថាថវិកា ២លានរៀលនេះនឹងប្រគល់ទៅឲ្យ ឡុង ពិសិដ្ឋ វិញនៅពេលធ្វើខ្លួនបានល្អ និងអនុវត្តន៍តាមលក្ខខណ្ឌត្រឹមត្រូវរបស់ក្លឹបនៅថ្ងៃខាងមុខ។
បញ្ជាក់ដែរថា ឡុង ពិសិដ្ឋ បន្ទាប់ពីមានបញ្ហាជាមួយលោក រិគី ដែលជាគ្រូបង្វឹកក្លឹបប្រដាល់ខ្លារខិន លើកចុងក្រោយនេះបានចាកចេញ និងឈប់ពីប្រដាល់ប្រហែលជិត ៤ខែមកហើយ។ ការសម្របសម្រួលរបស់លោក ហាក់ សុខហេង រវាងគ្រូប្រដាល់លោក រិគី និងកីឡាករ ឡុង ពិសិដ្ឋ នេះធ្វើឡើងនៅឯក្លឹបខ្លារខិនផ្ទាល់នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕
ប្រភព៖ KAMPUCHEATHMEY



