លោក Ashley Westwood នឹងចុះចេញពីតំណែងគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហុងកុង បន្ទាប់ពីដឹកនាំក្រុមចាញ់សិង្ហបុរី ធ្លាក់ចេញពីការប្រកួតជម្រុះ Asian Cup ឆ្នាំ ២០២៧ សប្តាហ៍មុន។ សិង្ហបុរី បានកៅអីជើងឯកអាស៊ីលើកដំបូងក្នុងរយៈពេល ៤៣ឆ្នាំ ចាប់តាំងពីធ្វើម្ចាស់ផ្ទះឆ្នាំ ១៩៨៤។
គ្រូបង្វឹកសញ្ជាតិអង់គ្លេស Westwood បានរងការរិះគន់ពីអ្នកគាំទ្រ និងជាពិសេសរដ្ឋមន្ត្រីកីឡាហុងកុងលោកស្រី Rosanna Law ក្រោយលទ្ធផលចាញ់សិង្ហបុរី ២-១ ក្នុងដីខ្លួនឯង នៅឯកីឡដ្ឋាន Kai Tak នៅជំនួបទី៥ ពូល C។ ទោះសល់មួយប្រកួតចុងក្រោយ ប៉ុន្តែសិង្ហបុរីរកបាន១១ពិន្ទុ នាំមុខហុងកុង ៣ពិន្ទុ ដូច្នេះក្រុមអាស៊ីអាគ្នេយ៍មួយបានសិទ្ធិទៅអារ៉ាប៊ីសាអូឌីត ឆ្នាំ ២០២៧។
សហព័ន្ធកីឡាបាល់ទាត់ហុងកុង (HKFA) ក៏បានប្រកាសដែរថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសហការ ជាមួយលោក Westwood។ គ្រូបង្វឹកវ័យ ៤៩ ឆ្នាំរូបនេះ បានលើកឡើងថា នេះជាពេលវេលាដ៏សមស្របដើម្បីលាលែងពីតំណែងផងដែរ។ នេះមានន័យថា លោក Westwood ដឹកនាំហុងកុងបានត្រឹមរយៈពេល ១៥ខែប៉ុណ្ណោះគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសអះអាងពីការទទួលខុសត្រូវរបស់ខ្លួនថា៖«ការខកចិត្ត ចំពោះការខកខានទៅចូលរួម Asian Cup ជាអ្វីដែលខ្ញុំត្រូវទទួលខុសត្រូវ ហើយក៏គ្មាននរណាឈឺចាប់ជាងខ្ញុំដែរ។ ការប្រកួតនៅ Kai Tak ពោរពេញដោយអ្នកគាំទ្រដ៏អស្ចារ្យ ជ័យជម្នះ៧លើកជាប់ៗគ្នា និងមានអ្នកចូលរួមទស្សនាច្រើនបំផុត ជាការចងចាំដែលខ្ញុំមិនអាចបំភ្លេចបានឡើយ»។
ដោយឡែក សិង្ហបុរី ដែលស់មួយប្រកួតចុងក្រោយទល់នឹងបង់ក្លាដែស ជាក្រុមតែមួយគត់ពីពូល B និងជាឱកាសដំបូងក្រោយរយៈពេល ៤៣ឆ្នាំ ដើម្បីទៅបង្ហាញមុននៅ Asian Cup ឆ្នាំ ២០២៧។ ក្រុមអាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បង្ហាញខ្លួននៅជើងឯកទ្វីបអាស៊ីលើកដំបូងនៅឆ្នាំ ១៩៨៤ ក្នុងនាមជាម្ចាស់ផ្ទះ៕
ប្រភព៖ THMEYTHMEY



