សំបុត្រទស្សនាព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ លើកទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក លក់អស់ ២លានសន្លឹក នៅត្រឹមការដាក់លក់ដំណាក់កាលទី២ ត្រឹមថ្ងៃទី២៧ វិច្ឆិកា។ នេះបើតាមការប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ការដាក់លក់សំបុត្រដំណាក់កាលទី៣ នឹងបើកដំណើរការ ក្រោយការចាប់ឆ្នោតចែកពូល។
បើតាមសេចក្តីប្រកាសរបស់ FIFA សំបុត្រ ២លានសន្លឹក ត្រូវបានអ្នកគាំទ្រមកពីជុំវិញពិភពលោក ២១២ប្រទេស ទិញបានដោយជោគជ័យ ក្រោយការដាក់លក់ដំណាក់កាលទី១ និងទី២ គិតចាប់ពីខែសីហាមក។
ពលរដ្ឋរបស់ប្រទេសសហម្ចាស់ផ្ទះរៀបចំការប្រកួត នៅឆ្នាំក្រោយ រួមមានអាម៉េរិក កាណាដា ម៉ិកស៊ិក បានទិញសំបុត្រការប្រកួតច្រើនជាងគេបង្អស់។ បន្ទាប់ពីម្ចាស់ផ្ទះទាំង ៣ អ្នកគាំទ្រមកពីអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល កូឡុំប៊ី អេស្ប៉ាញ អាហ្សង់ទីន និងបារាំង ជាអ្នកទិញសំបុត្រច្រើនបន្ទាប់។
FIFA នឹងបើកលក់សំបុត្រដំណាក់កាលទី៣ នៅថ្ងៃទី១១ ធ្នូ ពោលគឺក្រោយពេលដែល ពិធីចាប់ឆ្នោតវគ្គចែកពូលការប្រកួតធ្វើឡើងរួចរាល់ នៅថ្ងៃទី៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ ការជ្រើសរើសការផ្តល់សំបុត្រទៅអ្នកគាំទ្រដែលមានលក្ខណៈសមស្រប អាចធ្វើដំណើរទៅទឹកដីអាម៉េរិក និងសហម្ចាស់ផ្ទះ ២ផ្សេងទៀតបាន FIFA នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
បើតាមទិន្នន័យនៃការលក់សំបុត្ររបស់ FIFA ការប្រកួតក្នុងវគ្គចែកពូលប្រមាណជិត ៤០ប្រកួត មានតម្លៃ សំបុត្រលក់ចេញផ្តើមពី ៦០ដុល្លារឡើងទៅ។ ដោយឡែកសំបុត្រសម្រាប់ការប្រកួតថ្ងៃបើកឆាក របស់ម្ចាស់ ផ្ទះអាម៉េរិក ស្ថិតក្នុងទីក្រុង Inglewood កីឡាដ្ឋាន Sofi មានតម្លៃសំបុត្រចន្លោះពី ៥៦០ដុល្លារ ដល់ ២ ៧៣៥ ដុល្លារ ឯណោះ។
កាលពីការលក់សំបុត្រដំណាក់កាលទី១ ចន្លោះខែសីហា និងតុលា FIFA ធ្លាប់បានប្រកាសថា សំបុត្រជាង ១,៦លានសន្លឹក ត្រូវបានលក់អស់ទៅកាន់អ្នកគាំទ្រ មានបំណងចង់ទស្សនា World Cup ឆ្នាំ ២០២៦។
គូសរំលឹកថាព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ លើកទឹកដីទ្វីបអាម៉េរិកខាងជើង នឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ ១៩ កក្កដា។ នោះក៏នឹងក្លាយការប្រកួតលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA ដែលបានបង្កើនចំនួនក្រុមរហូតដល់ ៤៨ ឱ្យមកប្រកួតប្រជែងគ្នាលើកដំបូង៕
ប្រភព៖ THMEYTHMEY



