សំបុត្រទស្សនា World Cup 2026 លក់អស់ ២លានសន្លឹកហើយ

សំបុត្រទស្សនាព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ លើកទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក លក់អស់ ២លានសន្លឹក នៅត្រឹមការដាក់លក់ដំណាក់កាលទី២ ត្រឹមថ្ងៃទី២៧ វិច្ឆិកា។ នេះបើតាមការប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ការដាក់លក់សំបុត្រដំណាក់កាលទី៣ នឹងបើកដំណើរការ ក្រោយការចាប់ឆ្នោតចែកពូល។

បើតាមសេចក្តីប្រកាសរបស់ ​FIFA សំបុត្រ ២លានសន្លឹក ត្រូវបានអ្នកគាំទ្រមកពីជុំវិញពិភពលោក ២១២ប្រទេស ទិញបានដោយជោគជ័យ ក្រោយការដាក់លក់ដំណាក់កាលទី១ និងទី២ គិតចាប់ពីខែសីហាមក។ 

ពលរដ្ឋរបស់ប្រទេសសហម្ចាស់ផ្ទះរៀបចំការប្រកួត នៅឆ្នាំក្រោយ រួមមានអាម៉េរិក កាណាដា ម៉ិកស៊ិក បានទិញសំបុត្រការប្រកួតច្រើនជាងគេបង្អស់។ បន្ទាប់ពីម្ចាស់ផ្ទះទាំង ៣ អ្នកគាំទ្រមកពីអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល កូឡុំប៊ី អេស្ប៉ាញ អាហ្សង់ទីន និងបារាំង ជាអ្នកទិញសំបុត្រច្រើនបន្ទាប់។

FIFA នឹងបើកលក់សំបុត្រដំណាក់កាលទី៣ នៅថ្ងៃទី១១ ធ្នូ ពោលគឺក្រោយពេលដែល ពិធីចាប់ឆ្នោតវគ្គចែកពូលការប្រកួតធ្វើឡើងរួចរាល់ នៅថ្ងៃទី៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ ការជ្រើសរើសការផ្តល់សំបុត្រទៅអ្នកគាំទ្រដែលមានលក្ខណៈសមស្រប អាចធ្វើដំណើរទៅទឹកដីអាម៉េរិក និងសហម្ចាស់ផ្ទះ ២ផ្សេងទៀតបាន FIFA នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ 

បើតាមទិន្នន័យនៃការលក់សំបុត្ររបស់ FIFA ការប្រកួតក្នុងវគ្គចែកពូលប្រមាណជិត ៤០ប្រកួត មានតម្លៃ​ សំបុត្រលក់ចេញផ្តើមពី ៦០ដុល្លារឡើងទៅ។ ដោយឡែកសំបុត្រសម្រាប់ការប្រកួតថ្ងៃបើកឆាក របស់ម្ចាស់ ផ្ទះអាម៉េរិក ស្ថិតក្នុងទីក្រុង Inglewood កីឡាដ្ឋាន Sofi មានតម្លៃសំបុត្រចន្លោះពី ៥៦០ដុល្លារ ដល់ ២ ៧៣៥ ដុល្លារ ឯណោះ។

កាលពីការលក់សំបុត្រដំណាក់កាលទី១ ចន្លោះខែសីហា និងតុលា FIFA ធ្លាប់បានប្រកាសថា សំបុត្រជាង ១,៦លានសន្លឹក ត្រូវបានលក់អស់ទៅកាន់អ្នកគាំទ្រ មានបំណងចង់ទស្សនា World Cup ឆ្នាំ ២០២៦។

គូសរំលឹកថាព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ លើកទឹកដីទ្វីបអាម៉េរិកខាងជើង នឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា​ រហូតដល់ ១៩ កក្កដា។ នោះក៏នឹងក្លាយការប្រកួតលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA ដែលបានបង្កើនចំនួនក្រុមរហូតដល់ ៤៨ ឱ្យមកប្រកួតប្រជែងគ្នាលើកដំបូង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top