ក្លិប​ Johor ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup មុន​ហោះ​មក​កម្ពុជា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្លិប​ធំ​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី Johor Darul Ta’zim បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ Malaysia FA Cup បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Kuching City ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៤-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​ជើង​ទី១ ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម Kuching City ដោយ​លទ្ធផល ២-១ កាល​ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា និង​ជើង​ទី២​បាន​ឈ្នះ ២-០ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ បើ​ក្រឡេក​មើល​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មក ពួកគេ​បានឈ្នះ​ក្រុម UM-Damanara United ទាំង​ពីរ​ជើង ១០-៣ និង​ឈ្នះ​ក្រុម Penang ទាំង​ពីរ​ជើង ៥-១ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Johor Darul Ta’zim ត្រូវ​ជួប​ក្រុម Sabeh នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ ២០២៥។ ពួក​គេ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ចំនួន​ ៤ លើក​ហើយ​គឺ​ឆ្នាំ ២០១៦ ២០២២ ២០២៣ និង ២០២៤-២៥។

ការ​ប្រកួត​ជា​មួយ​ក្រុម Kuching City កាល​ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ មុន​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​​ប្រកួត​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្នុង​ពាន​រង្វាន់ ASEAN Club Championship។

ឆ្លង​កាត់ ២ ប្រកួត​ក្នុង​ពាន​រង្វាន់ ​ASEAN Club Championship ក្រុម Johor Darul Ta’zim កំពុង​ឈរ​លើ​កំពូល​តារាង​ពូល B បន្ទាប់​ពី​បាន​យក​ឈ្នះ Lion City Sailors ៣-១ និង​ឈ្នះ Bangkok United ៤-០ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ ២ ពី​ការ​ឈ្នះ Shan United ៣-០ និងចាញ់ Nam Dinh ១-២។

ការ​ជួប​គ្នារវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ Johor Darul Ta’zim គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា។ ព្រះ​ខ័នរាជ​ស្វាយរៀង ជា​ក្រុម​​​ជោគជ័យ និង​កំពុង​ឡើង​ខ្លាំង​​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ចំណែក​ Johor Darul Ta’zim ជោគ​ជ័យ​បំផុត​នៅ​ម៉ាឡេស៊ី ហើយ​ពួក​គេ​ជា​ក្រុម​លេង​កម្រិត​​ទី១​ប្រចាំ​ទ្វីប​អាស៊ី។

ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​កម្ពុជា​គឺ​ជា​លើក​ទី២​សម្រាប់​ក្រុម Johor Darul Ta’zim បន្ទាប់​ពី​លើក​ទី១​ធ្លាប់​ប្រកួត​ឈ្នះ​បឹងកេត នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top