Man Utd បញ្ចប់ភាពមិនចាញ់របស់ ​Crystal Palace រីឯ Liverpool ស្តាមុខមាត់ឡើងវិញក្រោយឈ្នះ West Ham

Manchester United បញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងទឹកដីរយៈពេល ៩ខែ របស់ Crystal Palace ក្រោយ កីឡាករ Joshua Zirkzee និង Mason Mount រកម្នាក់ ១គ្រាប់ ជួយដណ្តើម ៣ពិន្ទុពីកីឡដ្ឋាន Selhurst Park ហើយក្រុមហក់ឡើងឈរលេខ ៧ ក្នុងតារាង Premier League។ រីឯក្រុម Liverpool ស្តាមុខមាត់ឡើងវិញ ដោយផ្តួល West Ham United លទ្ធផល ២-០ ក្រោយពួកគេចាញ់ ៣ប្រកួតធំៗជាប់គ្នា។ ចំណែកក្រុម ​Chelsea ដែឡសល់គ្នាត្រឹម ១០នាក់ ទប់ Arsenal ក្នុហលទ្ធផលស្មើ ១-១។

កំណត់ត្រាប្រកួត ក្នុងទឹកដីកីឡដ្ឋាន​ Selhurst Park មិនដែលចាញ់របស់ ​Crystal Palace បានបញ្ចប់ហើយ ក្រោមថ្វីជើងក្រុមរហស្សនាមបិសាចក្រហម ត្រឹមការប្រកួតសប្តាហ៍ទី១៣ នៃក្របខណ្ឌ Premier League។ ទោះបីជាត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុនតាំងតែនាទី៣៦ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ពីសំណាក់ខ្សែប្រយុទ្ធ Phillipe Mateta ក្តី។ ប៉ុន្តែខ្សែប្រយុទ្ធ Joshua Zirkzee ស៊ុត ១គ្រាប់នាទី៥៤ និង Mason Mount បង្កើតឱកាសគ្រាប់ទី២ តាមរយៈការទាត់បាល់ Freekick ដ៏ល្អ ក្នុងនាទី៦៣ ជួយឱ្យក្រុមក្រសោបបាន ៣ពិន្ទុយ៉ាងសំខាន់។

ជ័យជម្នះជាការឈ្នះលើកទី២ សម្រាប់ការប្រកួតក្រៅទឹកដីរបស់ក្រុម Man Utd ប៉ុណ្ណោះ ចំណោមការប្រកួតក្រៅទឹកដី ១២លើកក្រោយ។ ក្រុមម្ចាស់ជើងឯក Premier League ២០សម័យ ឡើងឈរលេខ ៧ ក្នុងតារាង Premier League រកបាន ២១ពិន្ទុ ពីការប្រកួត ១៣លើក ស្របពេល Crystal Palace បន្តធ្លាក់ទៅឈរលេខ ៩ មាន ២០ពិន្ទុក្នុងដៃ។ 

Crystal Palace ហាក់បីធ្វើមិនបានល្អខ្លាំងដូចកាលពីដើមរដូវកាលនោះឡើយ ដែលពួកគេតែងឈ្នះក្រុមខ្លាំងៗ ប្រចាំលីគ និងតែងផ្តួលក្រុមដទៃផ្សេងទៀតដូចគ្នាដែរ។

ក្រឡែកទៅមើលការប្រកួតនៅកីឡដ្ឋាន London ឯណោះវិញ ក្រុមភ្ញៀវ Liverpool ក៏ដណ្តើមបាន ៣ពិន្ទុ ត្រឡប់មកវិញ ដែលប្រៀបបានជាការស្តាមុខមាត់ បន្ទាប់ពីពួកគេចាញ់ការប្រកួតធំៗ ៣លើកជាប់គ្នារួចមក។ បន្ទាប់ពីបរាជ័យ ៩ប្រកួត ចំណោម ១២ប្រកួតចុងក្រោយ និងបានក្លាយជាកំណត់ត្រាអាក្រក់លើកដំបូងដែល Liverpool មិនធ្លាប់ជួបតាំងពីឆ្នាំ ១៩៥៤ មក នៅពេលនេះជ័យជម្នះទល់ West Ham កើតចេញពីការស៊ុតបញ្ចូលទីរបស់កីឡាករ Alexander Isak គ្រាប់ដំបូងរបស់គេប្រចាំរដូវកាល និង Cody Gakpo គ្រាប់បង្ហើយយកឈ្នះ ជួយបន្ថយសម្ពាធការរិះគន់លើ់លោក Arne Slot ជាអ្នកចាត់ការទូទៅ។

នៅដើមរដូវកាលថ្មី Liverpool ទើបគ្រងជើងឯកលើកទី ២០ ក្នុងប្រវតិ្តសាស្ត្រហាក់បីជួបរឿងនឹកស្មានមិនដល់នៅដើមរដូវកាលថ្មីនេះ ព្រោះតែចាញ់ការប្រកួតទាំងក្នុងនិងក្រៅដីញឹកញាប់ពេក។

យ៉ាងណាតាមរយៈជ័យជម្នះជួយឱ្យ Liverpool លោតឡើងមកឈរនៅលេខ ៨ វិញ បន្ទាប់ពីសប្តាហ៍មុន ពួកគេធ្លាក់ឈរលេខរៀងក្រោមចំណាត់ថ្នាក់លេខ ១០ ឯណោះ។ Liverpool រកបាន ២០ពិន្ទុ ពីក្រោម Man Utd។

ជំនួបធំប្រចាំសប្តាហ៍ ក្រុម Chelsea វិញដែលមានសមាជិកត្រឹម ១០នាក់លើទីលាន អាចទប់ទល់ក្រុមភ្ញៀវ Arsenal កំពុងឈរកំពូលតារាង ឱ្យបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១។ តោខៀវបង្អាក់ដំណើរក្រុមកាំភ្លៀងធំមួយពេល កុំឱ្យមានគម្លាតពិន្ទុដាច់ឆ្ងាយខ្លាំងពេក នៅតំបន់កំពូលតារាង។ 

ជាការប្រកួតសម្បូរទៅដោយការពិន័យកាតលឿង ជាពិសេសនោះកាតក្រហម ១សន្លឹកបានផ្តល់ឱ្យកីឡាករ Moises Caicedo តាំងនាទី៣៨ ធ្វើឱ្យ Chelsea ពិបាកក្នុងការតទល់ក្រុម ​Arsenal។ តែយ៉ាងមិញ ខ្សែការពារ Trevoh Chalobah មានឱកាសរកបានគ្រាប់បាល់បញ្ចូលទី ១គ្រាប់ នៅនាទី៤៨ បង្វែរការដាក់សម្ពាធលើ Arsenal ដែលមានសមាជិក ១១នាក់វិញ។ កាតលឿង ៦សន្លឹកធ្លាក់លើកីឡាករ Arsenal ប៉ុន្តែពួកគេ ខំព្យាយាមសម្រុកខ្លាំងយ៉ាងណាក៏នៅតែរកបានត្រឹម ១គ្រាប់ តាមស្មើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ៕

Chelsea ដណ្តើមបាន ១ពិន្ទុ ឡើងឈរនៅលេខ ៣ ដោយរកបាន ២៤ពិន្ទុ ឈរពីក្រោមក្រុម Manchester City នៅលេខ ២ រកបាន ២៥ពិន្ទុ ក្រោយពួកគេប្រកួតឈ្នះក្រុម Leeds United លទ្ធផល ៣-២ ទាំងលំបាក។ Arsenal ឈរកំពូលតារាង មាន ៣០ពិន្ទុ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top