លោក Javier Mascherano បង្ហាញក្តីរំភើបខ្លាំង និងប្តេជ្ញាចិត្តជួយ Inter Miami ដណ្តើមពានរង្វាន់ MLS Cup ជាលើកដំបូងឱ្យបាន បន្ទាប់ដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះ New York City FC គ្រងជើងឯកលីគ MLS ភាគខាងកើតរួចមក។ Inter Miami នឹងត្រូវតទល់ Vancouver Whitecaps ក្នុងជំនួបផ្តាច់ព្រ័ត្រនៃលីគកំពូលអាម៉េរិក។
ការប្រកួតក្នុងកីឡដ្ឋាន Chase ថ្ងៃទី៣០ វិច្ឆិកា Inter Miami ផ្តួលក្រុមភ្ញៀវ New York City FC លទ្ធផល ៥-១ ដើម្បីគ្រងជើងឯកលីគកំពូលអាម៉េរិក Major League Soccer តំបន់ខាងកើត។ ជ័យជម្នះនោះបានរុញឱ្យក្រុមដែលមានវត្តមានខ្សែប្រយុទ្ធ Lionel Messi ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃវគ្គ Playoffs ដើម្បីដណ្តើមពានរង្វាន់ MLS Cup ឆ្នាំ ២០២៥។
មិនត្រឹមតែប៉ុណ្ណោះ នោះក៏ជាការឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រ MLS Cup លើកដំបូងសម្រាប់ពួកគេ បន្ទាប់ពីក្រុមបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២០។ Inter Miami ក៏បានក្លាយជាក្រុមដំបូងគេចារប្រវត្តិសាស្ត្រក្នុងលីគកំពូល MLS ក្នុងនាមជាក្រុមឈ្នះ៣លើកជាប់ៗគ្នា ដោយស៊ុតបាល់បញ្ចូលទីគូប្រកួតលើសពី ៤គ្រាប់ ឡើងទៅ ប្រចាំរដូវកាល ២០២៥ ផងដែរ។ តែយ៉ាងណា Inter Miami នៅសល់ការប្រកួតសំខាន់មួយចុងក្រោយ នោះគឺការប្រជែងពាន។
នៅពេលក្រុមទទួលបានលទ្ធផលល្អប្រសើរខ្លាំងបែបនេះ លោក Mascherano អ្នកចាត់ការទូទៅក្រុម បង្ហាញក្តីរំភើបរីករាយខ្លាំង ស្របពេលលោកថាពានរង្វាន់លីគ MLS តំបន់ខាងកើត គឺផ្តល់សម្រាប់អ្នកគាំទ្រក្លិប Inter Miami ទាំងមូល។ លើសពីនេះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនក៏ប្តេជ្ញាថានឹងជួយក្រុមដណ្តើមបានឱ្យបាន នៅការប្រកួតសំខាន់ចុងក្រោយ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ ៤១ឆ្នាំ បានថ្លែងដូច្នេះថា៖«នៅពេលនេះគឺជារឿងដ៏ពិសេសអស្ចារ្យមួយវាបានមកដល់ ហើយវាបានផ្តល់ឱ្យយើងនូវកម្លាំងចិត្ត និងតស៊ូ ដើម្បីបន្តការប្រជែងផ្សេងទៀត។ យើងនឹងចងចាំប្រវត្តិសាស្រ្តនេះទុកនៅក្លិបមួយនេះ ក្នុងនាមជាជើងឯកតំបន់ ហើយរឿងសំខាន់នោះគឺ ពានរង្វាន់ធំ ដែលវាជាពានរង្វាន់ដែលយើងចង់បានខ្លាំងបំផុត។ ពានរង្វាន់នេះគឺសម្រាប់អ្នកគាំទ្រ Miami ប៉ុន្តែយើងនៅមានគោលដៅត្រូវបន្តប្រជែងមួយបន្ថែមទៀត ការប្រកួតដ៏សំខាន់ថែមមួយទៀត។»។
Inter Miami នឹងត្រូវប្រកួតប្រជែងទល់នឹងក្រុម Vancouver Whitecaps នៅថ្ងៃទី៦ ខែធ្នូ សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ MLS Cup ហើយការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Chase របស់ក្រុម Miami ផ្ទាល់៕
ប្រភព៖ THMEYTHMEY



