ប្រទេសវៀតណាម បានផ្ទុះការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះថៃដែលបានប្រើទង់ជាតិ និងឈ្មោះខុសសម្រាប់ការប្រកួតកីឡាបាល់ទាត់ ថ្ងៃបើកឆាកកីឡាស៊ីហ្គេម លើកទី៣៣ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥។
អ្វីដែលខុសគឺ ថៃ បានដាក់ទង់ជាតិ និងឈ្មោះប្រទេសខុសជាច្រើនប្រទេស។ នៅពេល ក្រុម U22 វៀតណាម ប្រកួតជាមួយក្រុម U22 ឡាវ គឺដាក់ឈ្មោះ ថៃ ប៉ុន្តែទង់ជាតិវៀតណាម ហើយដាក់ទង់ជាតិឡាវ ប៉ុន្តែឈ្មោះឥណ្ឌូណេស៊ីវិញ។ ប្រទេសផ្សេងទៀតក៏ប្រើខុសដែរ។
នេះមិនមែនជាលើកទី១ទេដែលថៃធ្វើខុស ជាពិសេសលើប្រទេសវៀតណាមជុំវិញការប្រើប្រាស់ទង់ជាតិ។ កាលពីប៉ុន្មានខែមុន ថៃបានធ្វើម្ចាស់ផ្ទះចាប់ឆ្នោតកីឡាហ្វូតសាលអាស៊ី គឺ ប្រទេសវៀតណាម ត្រូវបានដាក់ទង់ជាតិចិន ដែលបានធ្វើឲ្យ វៀតណាម ខឹងសម្បារយ៉ាងខ្លាំង។ ពេលនោះមិនត្រឹមចេញលិខិតសុំទោសជាផ្លូវការប៉ុណ្ណោះទេ ថៃ បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមផ្ទាល់ដើម្បីសុំទោសទៀតផង។
រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ នៅពេល ក្រុម U22 វៀតណាម ប្រកួតជាមួយ ក្រុម U22 ឡាវ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ គឺ ពេលគោរពទង់ជាតិនៃប្រទេសទាំងពីរ មិនអាចចាក់បទភ្លេងជាតិកើតទេដែលធ្វើឲ្យកីឡាករនៃប្រទេសទាំងពីរត្រូវច្រៀងផ្ទាល់មាត់។ ពេលនោះគេចាប់អារម្មណ៍ខ្លាំងលើកីឡាករវៀតណាមម្នាក់ច្រៀងមិនកើតរហូតសើចញញឹមម្នាក់ឯង ខណៈកីឡាករឡាវបានច្រៀងស្រុះគ្នា។
ការប្រើឈ្មោះប្រទេស និងទង់ជាតិខុស ក៏ដូចជាមានបញ្ហាក្នុងការចាក់បទភ្លេងជាតិបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ក្នុងនោះប្រទេសវៀតណាមបានខឹងសម្បារ ហើយក៏មានការផ្សព្វផ្សាយជាច្រើនពីកំហុសឆ្គង់។ ជុំវិញបញ្ហានេះហើយ ថៃ បានចេញលិខិតសុំទោសទាំងយប់៕
ប្រភព៖ KAMPUCHEATHMEY



