ថៃ ធ្វើ​ឲ្យ​រញីរញ៉ៃ ថ្ងៃ​បើក​ឆាក​ប្រកួត​បាល់ទាត់​ក្នុង​កីឡាស៊ីហ្គេម រហូត​ចេញ​លិខិត​សុំ​ទោស

ប្រទេស​វៀតណាម បាន​ផ្ទុះ​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​ផ្ទះថៃ​ដែល​បាន​ប្រើ​ទង់​ជាតិ​ និង​ឈ្មោះ​​ខុស​សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទាត់ ថ្ងៃ​បើក​ឆាក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ ២០២៥។

អ្វី​ដែល​ខុស​គឺ ថៃ បាន​ដាក់​ទង់​ជាតិ និង​ឈ្មោះ​ប្រទេស​ខុសជា​ច្រើន​ប្រទេស។ ​នៅ​ពេល ក្រុម U22 វៀតណាម​ ប្រកួត​ជា​មួយ​ក្រុម U22 ឡាវ គឺ​ដាក់​ឈ្មោះ ថៃ ប៉ុន្តែទង់​ជាតិ​វៀតណាម ហើយ​ដាក់​ទង់​ជាតិ​ឡាវ ប៉ុន្តែឈ្មោះ​ឥណ្ឌូណេស៊ី​វិញ។ ប្រទេស​ផ្សេង​ទៀត​ក៏​ប្រើ​ខុស​ដែរ។

 

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ថៃ​​ធ្វើ​ខុស ជា​ពិសេស​លើ​ប្រទេស​វៀតណាម​ជុំ​វិញ​ការ​ប្រើ​​ប្រាស់​ទង់​ជាតិ។ កាល​ពី​ប៉ុន្មាន​ខែ​មុន ថៃ​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ចាប់​ឆ្នោត​កីឡា​ហ្វូតសាល​អាស៊ី គឺ ប្រទេស​វៀតណាម ត្រូវ​បាន​ដាក់​ទង់​ជាតិ​​ចិន ដែល​បាន​ធ្វើ​ឲ្យ​​ វៀតណាម​ ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ពេល​នោះ​មិន​ត្រឹម​ចេញ​លិខិត​សុំ​ទោស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ​ទេ ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេសវៀតណាម​ផ្ទាល់​ដើម្បីសុំ​ទោស​ទៀត​ផង។

រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ នៅ​ពេល ក្រុម U22 វៀតណាម ប្រកួត​ជា​មួយ ក្រុម U22 ឡាវ កាល​ពី​ល្ងាច​ថ្ងៃទី​៣ ខែ​ធ្នូ គឺ ពេល​គោរព​ទង់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ មិន​អាច​​ចាក់​បទ​ភ្លេង​ជាតិ​​កើត​ទេ​ដែល​ធ្វើ​ឲ្យ​កីឡាករ​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ច្រៀង​ផ្ទាល់​មាត់។ ពេល​នោះ​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វៀតណាម​ម្នាក់​ច្រៀង​មិន​កើត​រហូត​សើច​ញញឹម​ម្នាក់​ឯង ខណៈ​​កីឡាករ​ឡាវ​បាន​ច្រៀង​ស្រុះ​គ្នា។

ការប្រើ​ឈ្មោះប្រទេស និង​ទង់​ជាតិ​ខុស ក៏​ដូច​ជាមាន​បញ្ហា​ក្នុង​ការចាក់​បទ​ភ្លេង​ជាតិ​បាន​ធ្វើ​ឲ្យ​មាន​ការរិះ​គន់​យ៉ាង​ខ្លាំង ក្នុង​នោះ​ប្រទេស​វៀតណាម​បាន​ខឹង​សម្បារ ហើយ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ជា​ច្រើន​ពី​កំហុស​ឆ្គង់។ ជុំ​វិញ​បញ្ហា​នេះ​ហើយ ថៃ បាន​ចេញ​លិខិត​សុំ​ទោស​ទាំង​យប់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top