ឥណ្ឌូណេស៊ី នឹងផ្តល់រង្វាន់ ៦ម៉ឺនដុល្លារ សម្រាប់អត្តពលិកដណ្តើមបានមេដាយមាសស៊ីហ្គេមនៅថៃ

លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើឱ្យបង្កើនប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ទៅកាន់អត្តពលិក ដែលដណ្តើមបានមេដាយមាសកីឡាអាស៊ីអាគ្នេហ៍លើកទី៣៣ នៅប្រទេសថៃ ដល់ ៦ម៉ឺនដុល្លារ។ ចំនួនប្រាក់រង្វាន់លើកទឹកចិត្តនេះកើន ២ដង បើធៀបនឹងទឹកប្រាក់រង្វាន់កន្លងមក។

ការប្រកាសបង្កើនថ្លៃប្រាក់ឧបត្ថម្ភពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ីនេះ ក្នុងគោលបំណងចង់ជំរុញទឹកចិត្តអត្តពលិកឱ្យកាន់តែខិតខំប្រឹងខ្លាំងថែមទៀតក្នុងពេលប្រកួត។ ការបន្ថែមប្រាក់រង្វាន់ បានកើតឡើង ក្រោយកិច្ចប្រជុំរវាងលោកប្រធានាធិបតី Prabowo ជាមួយនឹងរដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Erick Thohir កាលពីថ្ងៃទី៥ ខែធ្នូ។

ប្រធានាធិបតីវ័យ ៧៤ឆ្នាំ ចាត់ទុកថាការបង្កើនប្រាក់ឧបត្ថម្ភ នឹងលើកទឹកចិត្តខ្លាំងដល់អត្តពលិកក្នុងការដណ្តើមមេដាយជូនប្រទេសឥណ្ឌូណេស៊ី ជាពិសេសជួយដល់អាជីពរបស់អត្តពលិកបានយូរអង្វែង។

«អត្តពលិកមិនមែនប្រកួតដើម្បីតែប្រាក់ជាធំនោះទេ។ ប៉ុន្តែការឧបត្ថម្ភលើកទឹកចិត្តអាចជួយដល់អត្តពលិកបានច្រើនក្រោយពីបញ្ចប់ការប្រកួតទៅ។»។ នេះបើតាមការស្រង់សម្តីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី មុនពេលបន្ថែមទៀតថាការបង្កើនប្រាក់ឧបត្ថម្ភនេះ ដើម្បីបង្ហាញការគោរពចំពោះការលះបង់ និងការបង្ហាញភាពខិតខំប្រឹងប្រែងរបស់អត្តពលិក ក៏ដូចជាការបង្ហាញកម្លាំងរឹងមាំផ្នែកសេដ្ឋកិច្ចពីសំណាក់ឥណ្ឌូណេស៊ីផងដែរ។

សម្រាប់ស៊ីហ្គេមនៅថៃ ឥណ្ឌូណេស៊ីបញ្ជូនប្រតិភូអត្តពលិកកីឡាទៅចូលរួមប្រមាណ ១ ០២១នាក់ ដោយកីឡាគោលដៅចម្បងនោះគឺកីឡាអត្តពលកម្ម ជិះកង់ បាល់ទះ បាល់ទាត់ និងគុនដាវ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងដាក់គោលដៅដណ្តើមឱ្យបាន ៨០មេដាយមាស ផងដែរ។

ក្រឡែកមើលប្រាក់ឧបត្ថម្ភរបស់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀត ក្នុងនោះ វៀតណាមបន្តផ្តល់ទៅអត្តពលិកនូវចំនួនប្រាក់ឧបត្ថម្ភតិចតួច ដោយមេដាយមាសទទួលបានចន្លោះ ១ ៧០០ដុល្លារ, មេដាយប្រាក់ ៩៥០ដុល្លារ និងសំរិទ្ធ ៧៦០ដុល្លារ ខណៈអត្តពលិកបំបែកកំណត់ត្រាចាស់ អាចរកបានជាង ៩០០ដុល្លារបន្ថែម។

ដោយឡែក ប្រទេសមួយចំនួនទៀតនៅមិនទាន់បញ្ជាក់ពីតម្លៃនៃប្រាក់ឧបត្ថម្ភចំពោះការឈ្នះមេដាយមាសទៅអត្តពលិកនៅឡើយ។ ចំណែកកម្ពុជានឹងផ្តល់ ១០ ០០០ដុល្លារទៅអត្តពលិកមេដាយមាស សីង្ហបុរី ផ្តល់ ៧ ៧០០ដុល្លារ និងម៉ាឡេស៊ីផ្តល់ ៤ ៨៦០ដុល្លារ។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅថៃ នឹងចាប់បើកផ្លូវការនៅថ្ងៃទី៩ ធ្នូ ហើយបញ្ចប់នៅថ្ងៃទី២០ ធ្នូ ក្នុងទីក្រុងបាំងកក និងទីក្រុងឈុនបូរី៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top