Henderson ឧទ្ទិសគ្រាប់បាល់ដល់ Jota ក្រោយខកខានទាត់បញ្ចូលទីរយៈពេល ៤ឆ្នាំ

(បរទេស)៖ ខ្សែបម្រើ Jordan Henderson បានឧទ្ទិសគ្រាប់បាល់ដល់អតីតមិត្តរួមក្រុមនៅ Liverpool គឺ Diogo Jota នៅពេលរកបាន ១គ្រាប់ពេល Brentford បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Leeds United កាលពីរាត្រីថ្ងៃអាទិត្យ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជា ១គ្រាប់ក្នុងលីគអង់គ្លេស Premier League របស់ Henderson ក្រោយខកខានក្នុងរយៈពេល ៤ឆ្នាំមកនេះ នៅពេលកីឡាករវ័យ ៣៥ឆ្នាំ និង ១៨០ថ្ងៃរូបនេះ រកបាន ៣៣គ្រាប់ផងដែរ ក្នុងចំណោម ៤៩២ប្រកួតសរុបកាលលេងនៅហង្សក្រហម Liverpool។

ក្រោយពេលទាត់បញ្ចូលទីគ្រាប់នាំមុខនៅកីឡដ្ឋាន Gtech Community ប្រចាំសប្តាហ៍ទី១៦ Henderson បានអង្គុយធ្វើត្រាប់តាមរបស់ Jota ដើម្បីជាសញ្ញាបញ្ជាក់អំពីការឧទ្ទិសដល់វិញ្ញាណក្ខន្ធកីឡាករព័រទុយហ្គាល់ ដែលបានចែកឋាន ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទាំងពីរនាក់ប្អូនប្រុសរបស់លោក Andre Silva។

នេះជា ១គ្រាប់ដំបូងផងដែររបស់ Henderson នៅ Premier League គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ពោលគឺពេលដែល Liverpool បានបំបាក់ស្ករគ្រាប់ Everton ៤-១ ក្នុងជំនួប Derby គ្រាដែល Jota ក៏រកបានគ្រាប់បាល់ដែរ។

ឆ្លងតាមការចែកគ្នាម្នាក់ ១ពិន្ទុនេះដែរ ក្រុមឃ្មុំ Brentford ឈរនៅលេខរៀងទី១៤ បណ្តោះអាសន្ន ដោយមាន ២០ពិន្ទុ ពីកំណត់ត្រាលេងស្មើលើកទី៨ នារដូវកាលនេះរបស់ពួកគេ ដ្បិតគូប្រជែង Leeds United ឈរនៅលេខរៀងទី១៧ ដោយមានតែ ១៦ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top