ស៊ីហ្គេម៖ អត្តពលិកម្ចាស់ផ្ទះថៃ ៨នាក់ដេកពេទ្យ ដោយសារពុលអាហារ

អត្តពលិកថៃ ៨ នាក់ដែលស្ថិតក្នុងការប្រកួតស៊ីហ្គេមលើកទី ៣៣ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារពុលអាហារ។ ជុំវិញបញ្ហាហូបចុកនេះ ត្រូវបានក្រុមអត្តពលិកនៃប្រទេសចូលរួមផ្សេងៗបង្ហាញការមិនពេញចិត្តផងដែរ។

បើតាមការប្រកាសរបស់ក្រុមមន្ត្រីរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែធ្នូ ក្រុមគ្រូពេទ្យ បានបង្ហាញករណីសង្គ្រោះបន្ទាន់លើអត្តពលិករបស់ម្ចាស់ផ្ទះថៃចំនួន ៨ នាក់ នៅទីតាំងភូមិកីឡា។ ពួកគេសុទ្ធតែមានអាការឈឺពោះ ចង្អោរ វិលមុខ និងរាគ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឈុនបុរី។ ក្នុងចំណោមអ្នកទាំង ៨ ដែលជាសមាជិកក្រុមជម្រើសជាតិថៃ មាន ៧នាក់ជាកីឡាករបាល់ទះ។

យោងតាមការផ្សាយរបស់ vnexpress ប្រធានគណៈកម្មាធិការវេជ្ជសាស្ត្ររបស់គណៈប្រតិភូថៃ ឱ្យដឹងថាអត្តពលិកទាំង៨នាក់ បានទទួលទានអាហារប្រអប់នៅពេលថ្ងៃត្រង់ពីសណ្ឋាគារនៅថ្ងៃទី ១១ ខែធ្នូ។ យ៉ាងណាក៏ដោយ ប្រធានរូបនេះ បដិសេធថាអ្នកពុលអាហារទាំង៨នាក់នេះ មិនមែនដោយសារទទួលទានអាហារដែលរៀបចំដោយម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ នេះឡើយ។

ករណីមានអត្តពលិករបស់ម្ចាស់ផ្ទះថៃខ្លួនឯងពុលអាហាររហូតដល់ថ្នាក់ដេកពេទ្យ បានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញចំពោះការរៀបអាហារហូបចុកនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣នេះ។ គណៈប្រតិភូចូលរួមជាច្រើនប្រទេស សុទ្ធតែបង្ហាញការព្រួយបារម្ភចំពោះអាហារដែលរៀបចំដោយម្ចាស់ផ្ទះថៃ ជាពិសេសអាហារហាឡាល់។

ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ និងប្រទេសកាន់សាសនាអ៊ីស្លាមមួយចំនួន បានប្តឹងតវ៉ាទៅម្ចាស់ផ្ទះជុំវិញការកង្វះអាហារូបត្ថម្ភក្នុងអាហារ ​ដែលម្ចាស់ផ្ទះថៃរៀបចំសម្រាប់អ្នកចូលរួម។ 

ម្ចាស់ផ្ទះថៃរងការរិះគន់មិនសំចៃពីភ្ញៀវចូលរួមប្រកួត ព្រោះតែបញ្ហាអាហារហូបចុកមិនគ្រប់គ្រាន់ គ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ ហើយប៉ះពាល់ដល់កម្រិតនៃការប្រកួតរបស់អត្តពលិក។ លើសពីនេះ អត្តពលិកជាច្រើនបានទិញអាហារពីខាងក្រៅមកបរិភោគដោយខ្លួនឯង ដើម្បីរក្សាកម្លាំង និងកម្រិតប្រកួតប្រជែងពួកគ។ 

ក្រៅពីអាហារ គណៈប្រតិភូបានរាយការណ៍ពីបញ្ហាភស្តុភារកម្មចាប់ពីការដឹកជញ្ជូនពីអាកាសយានដ្ឋានយឺត រហូតដល់ការច្រឡំកន្លែងស្នាក់នៅផ្សេងៗ។ ក្នុងនោះដែរ វៀតណាម បានតវ៉ាប្រឆាំងនឹងការបង្កកំហុងម្តងហើយម្តងទៀតដែលពាក់ព័ន្ធនឹងទង់ជាតិក្នុងអំឡុងពេលផ្សាយតាមទូរទស្សន៍ និងពិធីប្រគល់មេដាយ រួមទាំងកំហុសអំឡុងពេលការប្រកួតបាល់ទាត់បុរស ជាមួយម៉ាឡេស៊ីទៀតផង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top