កីឡាករ Cristiano Ronaldo កំពុងមានព័ត៌មានលេចឮដ៏គួរឱ្យចាប់អារម្មណ៍ អាចនឹងក្លាយជាតួអង្គមួយរូបក្នុងខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា Fast X វគ្គ ២ ដែលជារឿងក្នុងជំនាន់ទី ១១ របស់ “Fast & Furious”។
តារាសម្ដែងអាមេរិកលោក Vin Diesel បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបជាមួយតារាបាល់ទាត់ឆ្នើម Ronaldo នៅលើ Instagram អមជាមួយសំណេរ ថា៖ «មនុស្សគ្រប់គ្នាសួរថា តើគាត់នឹងមានវត្តមាននៅក្នុងពិភព Fast ដែរឬទេ… ខ្ញុំត្រូវប្រាប់ថា គាត់ជាមនុស្សពិតម្នាក់។ យើងបានសរសេរតួនាទីមួយសម្រាប់គាត់…»។
តាមអត្ថន័យសំណេរខាងលើ តារាសម្តែងអាមេរិករូបនេះចង់បង្ហាញជាសញ្ញា ថា Ronaldo នឹងក្លាយជាតួអង្គមួយរូបនៅក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១។ ខ្សែភាពយន្តដ៏ល្បីនេះ ធ្លាប់មានវត្តមានតួអង្គល្បីៗលំដាប់ពិភពលោកចូលរួមសម្តែងជាច្រើនដូចជា Dwayne “The Rock” Johnson, Vin Diesel, Jason Statham ហើយក៏មានអតីតកីឡាកាសដ៏ល្បីលោក John Cena ផងដែរ។
ទោះបីជាការចូលរួមរបស់ Ronaldo មិនទាន់បានបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែការបញ្ជាក់ពី Diesel បានបង្កើតជាការការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ហើយរឿងនេះត្រូវបានគេចាត់ទុក ថា មិនមែនជារឿងលេងសើចនោះទេ។ ខ្សែភាពយន្តចំណងជើង Fast & Furious ១១ នេះ ត្រូវបានគេគ្រោងទុក នឹងចាក់បញ្ចាំងជាផ្លូវការនៅខែ មេសា ឆ្នាំ ២០២៧៕
ប្រភព៖ KAMPUCHEATHMEY



