លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានវិវត្តខ្លួនយ៉ាងលឿន រហូតពេលនេះអាចឈានជើងចូលក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ជាលីគបាល់ទាត់ធំជាងគេបំផុតក្នុងពិភពលោក។
លីគកំពូល អាមេរិក MLS បានប្រឹងពង្រីកសក្តានុពលរបស់ខ្លួនជាយូរមកហើយ តាមរយៈការនាំចូលកីឡាករឆ្នើមៗពីតំបន់ អឺរ៉ុប។ កាលពីឆ្នាំ ២០២៣ ក្លិប Inter Miami សមាជិកលីគកំពូល MLS បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Lionel Messi ពី Paris Saint-Germain ដែលធ្វើឱ្យលីគនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំង។
ផ្អែកតាមទិន្ន័យពី Opta ដែលជាស្ថាប័នជំនាញវាយតម្លៃលើចំណាត់ថ្នាក់លីគក្នុងពិភពលោក បានបង្ហាញ ថា លីគ MLS បច្ចុប្បន្នបានឡើងចំណាត់ថ្នាក់ស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ ជាមួយលីគបាល់ទាត់ធំៗផ្សេងទៀតក្នុងពិភពលោក។
លីគទី ២ អង់គ្លេស (English Championship) ស្ថិតនៅចំណាត់ថ្នាក់ទី ៦, លីគកំពូល ប៊ែលហ្ស៊ិក (Belgian Pro League) ស្ថិតនៅចំណាត់ថ្នាក់ទី ៧, លីគកំពូល ប្រេស៊ីល (Brazilian Serie A) ស្ថិតនៅចំណាត់ថ្នាក់ទី ៨, លីគកំពូល ព័រទុយហ្គាល់ (Portuguese Primeira Liga) ស្ថិតនៅចំណាត់ថ្នាក់ទី ៩ និងលីគកំពូល អាមេរិក (Major League Soccer) ស្ថិតនៅចំណាត់ថ្នាក់ទី ១០។ ដោយឡែកលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត ដែលមានវត្តមានកំពូលកីឡាករ Cristiano Ronaldo លេងនៅទីនោះ ស្ថិតនៅចំណាត់ថ្នាក់ទី ៣០។
គួរឱ្យដឹងថា ការវិភាគចំណាត់ថ្នាក់លីគនេះ គឺផ្អែកលើវិធីសាស្ត្រសំខាន់ៗមួយចំនួន ដូចជា ចំណូលដែលរកបាន កម្រិតការប្រកួតប្រជែង គុណភាពកីឡាករ ឬសមត្ថភាពក្លិបក្នុងការប្រកួតកម្រិតទ្វីប៕
ប្រភព៖ KAMPUCHEATHMEY



