កីឡាករ និងអតីតកីឡាករចំនួន ៥ រូប ត្រូវបានគេវិភាគ កំពុងមានភាគរយខ្ពស់ជាងគេបំផុត នឹងអាចឈ្នះពានឯកត្តជនកំពូល Super Ballon d’Or នៅឆ្នាំ ២០២៩។
នៅឆ្នាំ ១៩៨៩ មានការបង្កើតពានពិសេសមួយហៅថា Super Ballon d’Or ដែលផ្តល់ឲ្យកីឡាករល្អបំផុតក្នុងរយៈពេល ៣០ ឆ្នាំ។ ពាននេះត្រូវបានប្រគល់ឲ្យវីរបុរស Real Madrid លោក Alfredo Di Stéfano ដែលបាននាំមុខគូប្រជែងលោក Johan Cruyff និង Michel Platini។
ពានឯកត្តជននេះ នឹងឈានចូលគម្រប់ខួបទី ៤០ ឆ្នាំនៅឆ្នាំ ២០២៩ ខណៈសារព័ត៌មាន GiveMeSport បានធ្វើការវិភាគមួយ ដោយបានរៀបចំចំណាត់ថ្នាក់កីឡាករ ដែលមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពានដ៏កម្រ និងតែម្តងក្នុងជីវិតនេះ ដោយផ្អែកលើសមត្ថភាពល្អដាច់គេក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។
៥. លោក Ronaldinho ជាតារាប្រេស៊ីលដែលមានសមត្ថភាពពិសេស និងមានចង្វាក់លេងបែបសាំបាគួរឱ្យចាប់អារម្មណ៍។ វីរបុរស Barcelona រូបនេះ បានឈ្នះពានកំពូលៗជាច្រើន ពោលគឺគ្រប់គ្រឿងទៅហើយ ទាំង Ballon d’Or, Champions League និង World Cup។
៤. លោក Ronaldo Nazario (R9) ត្រូវបានគេឱ្យរហស្សនាមថា “Phenomenon” ដោយសារចំណុចល្អទាំងព្រមនៅលើទីលាន អំពីល្បឿន កម្លាំង និងសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងកម្រ។ ការដឹកនាំប្រេស៊ីលឲ្យឈ្នះ World Cup 2002 ត្រូវបានចាត់ទុកជាចំណុចខ្ពស់បំផុត និងជារឿងអស្ចារ្យបំផុតក្នុងអាជីពរបស់លោក។
៣. លោក Zinedine Zidane ជាវីរបុរសបាល់ទាត់បារាំង ដែលល្បីល្បាញ ដោយសារសមត្ថភាពបច្ចេកទេស កម្លាំង និងភាពវៃឆ្លាតនៅលើទីលាន។ ទោះមានហេតុការណ៍ប៉ះទង្គិចក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2006 ក៏ដោយ វាមិនអាចបំបាត់ឥទ្ធិពល និងភាពអស្ចារ្យរបស់លោកបានឡើយ។ Zidane បានឈ្នះគ្រប់ពានធំៗក្នុងអាជីពជាកីឡាករ ហើយថែមទាំងជោគជ័យយ៉ាងខ្លាំងជាគ្រូបង្វឹកផងដែរ។
២. កីឡាករ Cristiano Ronaldo ជាប្រធានក្រុមនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជោគជ័យនៅក្នុងលីគធំៗ ៣ នៅអឺរ៉ុប។ តារាឆ្នើមវ័យ ៤០ ឆ្នាំ រូបនេះ ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ Real Madrid និងជាអ្នកដឹកនាំប្រទេសរបស់ខ្លួនឲ្យឈ្នះពានអន្តរជាតិជាលើកដំបូង។ ទោះបីជា Ronaldo ជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក៏ដោយ ប៉ុន្តែការមិនទាន់ឈ្នះពាន World Cup ត្រូវបានគេមើលឃើញ ថា ជាចំណុចធំ ដែលធ្វើឲ្យគាត់មិនអាចឈានដល់លេខ ១ បាន។
១. កីឡាករ Lionel Messi ត្រូវបានគេចាត់ទុក ជាបេក្ខភាពធំបំផុត ដែលអាចឈ្នះពាន Super Ballon d’Or នាពេលខាងមុខ។ ការហ៊ានអះអាងបែបនេះ គឺផ្អែកលើអំណះណាងមួយចំនួនអំពីអាជីពរបស់គាត់ ដូចជាឈ្នះពាន Ballon d’Or ច្រើនជាងគេ រហូតដល់ ៨ ដង, ឈ្នះពានលីគចំនួន ១២ ដង, ឈ្នះពាន Champions League ៤ ដង, ឈ្នះពាន Copa America ២ ដង និង World Cup ១ ដង។ តាមរយៈស្ថិតិនេះ បានធ្វើឱ្យគេចាត់ទុក Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល និងប្រហែលជាក្នុងប្រវត្តិសាស្ត្របាល់ទាត់ទាំងមូលតែម្តង៕
ប្រភព៖ KAMPUCHEATHMEY



