សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីថ្មី លោក John Herdman ជាអ្នកមានបទពិសោធន៍ដឹកនាំក្រុមកាណាដា នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។ គ្រូបង្វឹកថ្មីសញ្ជាតិអង់គ្លេស ជាតួអង្គដឹកនាំក្រុមជម្រើសជាតិជំនួស លោក Patrick Kluivert ដែលបានចែកផ្លូវគ្នាកាលពីខែតុលា។
បើតាមការប្រកាសរបស់ PSSI លោក Herdman នឹងចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា២ឆ្នាំបន្ថែម ហើយបុរសអង់គ្លេស នឹងចាប់ផ្តើមការងារនៅដើមឆ្នាំ ២០២៦។ ពោលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកាណាដា ទំនងដឹកនាំក្រុមឥណ្ឌូណេស៊ីដល់ឆ្នាំ២០៣០ និងបំណងសំខាន់បំផុតគឺការប្រជែងកៅអី World Cup ឆ្នាំ២០៣០ នោះតែម្តង។
ក្រៅពីដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បុរសវ័យ៥០ឆ្នាំ ក៏នឹងដឹកនាំក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី ព្រមទាំងជួយអភិវឌ្ឍដល់យុវជនថ្នាល់ទន្ទឹមគ្នាដែរ។
នៅមុនពេលដែលឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Herdman ទៀតសោត ក៏ត្រូវបានសហព័ន្ធបាល់ទាត់ហុងឌូរ៉ាស ទាក់ទងចង់ឱ្យទៅដឹកនាំក្រុមដូចគ្នាដែរ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី បានផ្តល់ជម្រើសកិច្ចសន្យារយៈពេលវែង ព្រមទាំងប្រាក់ខែប្រមាណ ៤ម៉ឺនដុល្លារ ជាប្រចាំខែ។
បើតាមលោក Ronny Pangemanan អ្នកវិភាគបាល់ទាត់ឥណ្ឌូណេស៊ី សមត្ថភាពរបស់លោក Herdman នឹងត្រូវវាយតម្លៃពីសំណាក់សហព័ន្ធនៅពេល លោកដឹកនាំក្រុមឥណ្ឌូណេស៊ីប្រកួតប្រជែងក្នុងពានរង្វាន់ Asian Cup ឆ្នាំ ២០២៧។
លទ្ធផលដឹកនាំក្រុមក្នុងឆ្នាំ២០២៦ នឹងមិនត្រូវលើកយកមកវាយតម្លៃសម្រាប់ការងាររបស់បុរសអង់គ្លេសឡើយ។
ម្យ៉ាងទៀត PSSI ក៏បានដាក់គោលដៅ ឡើងឱ្យដល់វគ្គ ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៧ នោះដែរ។ កាលពីឆ្នាំ២០២៣ ក្រុមឥណ្ឌូណេស៊ី បានធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមអូស្ត្រាលី។
ប្រវត្តិរបស់គ្រូបង្វឹកវ័យ ៥០ឆ្នាំ ជាមនុស្សដំបូងគេ ដែលបានដឹកនាំក្រុមជម្រើសជាតិកាណាដា ទាំងបុរស និងនារី ឱ្យអាចឈានជើងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Cup។ ពីឆ្នាំ២០១១-១៨ លោក Herdman ដឹកនាំក្រុមនារីកាណាដា ហើយជួយក្រុមប្រជែងឈ្នះមេដាយសំរឹទ្ធអូឡាំពិក ឆ្នាំ២០១២ និងនៅឆ្នាំ២០១៦ នាំក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ Women’s World Cup។ រីឯឆ្នាំ២០២២ គ្រូបង្វឹកដដែលរូបនេះ ដឹកនាំក្រុមបុរសកាណាដា ទៅប្រជែង World Cup ឆ្នាំ២០២២ លើកដំបូងនៅក្នុងពេល ៣៦ឆ្នាំ៕
ប្រភព៖ THMEYTHMEY



