Neymar តកិច្ចសន្យាថ្មីជាមួយ Santos ដើម្បីស្វែងរកឱកាសទៅលេង World Cup 2026

ខ្សែប្រយុទ្ធ Neymar Jr បន្តកិច្ចសន្យាថ្មីជាមួយក្លិប Santos FC ដែលនឹងធ្វើឱ្យគេអាចបន្តអាជីពរហូតដាច់ឆ្នាំ ២០២៦។ កិច្ចសន្យាថ្មីនេះ ជាការផ្តល់ឱកាសដល់កីឡាករវ័យ ៣៣ឆ្នាំ ស្វែងរកការវិលត្រឡប់ចូលរួមក្នុងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឡើងវិញ ដើម្បីឱ្យគេបង្ហាញខ្លួនម្តងទៀត នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រឿងចចាមអារ៉ាមទៅនឹងអនាគតបាល់ទាត់របស់ Neymar Jr ដែលថាគេនឹងចាកចេញពីក្លិប Santos ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើកយកមកនិយាយ។ ព្រោះតែកិច្ចសន្យារបស់គេត្រូវផុតកំណត់ត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥។ ​ប៉ុន្តែចូលថ្ងៃទី១ មករា ដើមឆ្នាំ២០២៦ ភ្លាម ក្លិប Santos FC បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មី ១ឆ្នាំពេញ ទៅកាន់ Neymar ហើយរឿងនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបរីករាយខ្លាំង។

កិច្ចសន្យាថ្មីនោះ កើតឡើងស្របពេលដែល អតីតកីឡាករ Barcelona និង Paris Saint Germain កំពុងតែព្យាបាលបញ្ហារបួសជង្គង់របស់គេផងដែរ។ 

ឆ្នាំ ២០២៥ ជារដូវកាលដំបូងសម្រាប់ Neymar វិលត្រឡប់លេងឱ្យក្លិបដើមកំណើតរបស់គេវិញ។ ប៉ុន្តែការត្រឡប់នោះ ពុំសូវសមប្រកប ព្រោះគេជួបបញ្ហារបួសញឹកញាប់ដដែល។ យ៉ាងណាមិញ នៅការប្រកួត ៣លើកចុងក្រោយ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ រកបានគ្រាប់ស៊ុតបញ្ចូលទី៤ គ្រាប់ រួមចំណែកជួយឱ្យ Santos FC គេចផុតពីតំបន់កាត់ចោលធ្លាក់ទៅលីគកម្រិតទី២ របស់ប្រេស៊ីល នៅចុងបញ្ចប់រដូវកាល កាលពីខែធ្នូ កន្លងទៅ។

Neymar ព្យាយាមលេងទាំងមានរបួសជាប់ខ្លួន រហូតជួយក្លិបរួចផុតពីការកាត់ចោល ហើយពេលបញ្ចប់រដូវកាលភ្លាម គេបានទៅវះកាត់របួសជង្គង់ភ្លាមតែម្តង។ បើតាមក្លិប Santos FC កីឡាករវ័យ ៣៣ឆ្នាំ បានវះកាត់ជោគជ័យ ហើយការព្យាបាលនោះ គឺជាមួយក្រុមគ្រូពេទ្យនៅក្នុងជម្រើសជាតិប្រេស៊ីលដោយផ្ទាល់។ 

ភាពជាអ្នកដឹកនាំរបស់អតីតកីឡាករ Barcelona ថែមទាំងជួយឱ្យក្រុមរបស់គេត្រឡប់ឈរនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាងលីគកំពូលប្រេស៊ីល (Serie A)។ ក្រុមរបស់គេ ក៏មានកៅអីសម្រាប់ការប្រកួតប្រជែងនៅពានរង្វាន់ក្នុងទ្វីបអាម៉េរិកខាងត្បូង Copa Sudamericana ផងដែរ។

ការបន្តកិច្ចសន្យាថ្មីនេះ ក៏បង្ហាញថា Neymar កំពុងតែស្វែងរកឱកាសបង្ហាញសមត្ថភាពខ្លាំងឡើងវិញ ដើម្បីស្វែងរកឱកាសវិលត្រឡប់ចូលរួមក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមសម្រាប់ World Cup ឆ្នាំ​ ២០២៦។ បើទោះបីជា លោក Carlo Ancelotti មិនទាន់បានបង្ហាញការចាប់អារម្មណ៍ក្នុងការកោះហៅ Neymar ឱ្យចូលរួមក្រុម ចាប់តាំងពីលោកចូលដឹកនាំក៏ដោយ ប៉ុន្តែ កីឡាករវ័យ ៣៣ឆ្នាំ ហាក់បីមិនបោះបង់បំណងគេដោយងាយឡើយ។ 

រដូវកាល ២០២៦ គេនឹងរង់ចាំមើលថាតើ Neymar អាចនឹងរកបានសមត្ថភាពខ្លាំងរបស់គេឡើងវិញឬទេ ដើម្បីធ្វើឱ្យលោក Ancelotti ទន់ចិត្ត ហៅគេឱ្យទៅជួយក្នុងក្រុមប្រេស៊ីលឡើងវិញ។ Neymar បច្ចុប្បន្នជាកីឡាករ រកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមប្រេស៊ីល ចំនួន ៧៩គ្រាប់ តែគេមិនទាន់ជួយក្រុមឈ្នះពាន World Cup ម្តងនៅឡើយ។ 

ចំណែកប្រេស៊ីលវិញ ត្រូវបានចាប់ពូល ចូលក្នុងពូល C ដែលមានវត្តមានក្រុមខ្លាំងមកពីអាហ្វ្រិក ម៉ារ៉ុក ហៃទី និងស្កុតឡែន សម្រាប់ការប្រកួត World Cup 2026 ដែលនឹងធ្វើឡើងលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក​៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top