ដើមឆ្នាំ២០២៦ ទើបតែមួយថ្ងៃប៉ុណ្ណោះ រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើងភ្លាម នៅលីគកំពូលអង់គ្លេស (Premier League) ដោយក្លិប Chelsea ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក Enzo Maresca។ ការចែកផ្លូវគ្នានេះ កើតឡើងក្រោយថ្នាក់ដឹកនាំក្លិបរហស្សនាមតោខៀវ ឃើញក្រុមធ្លាក់ទម្រង់លេងខ្លាំង ទោះក្រុមទើបឈ្នះពាន Europa Conference League និង FIFA Club World Cup ឆ្នាំ២០២៥ ក៏ដោយ។
រឿងរ៉ាវក្លិប Chelsea និងលោក Enzo Maresca នេះ នាំមកនូវភាពស្រឡាំងកាំងសម្រាប់អ្នកគាំទ្របាល់ទាត់ ពិសេសអ្នកគាំទ្រក្លិបតោខៀវផ្ទាល់។ ក្លិបបានប្រកាសចំថ្ងៃដើមឆ្នាំ២០២៦ តែម្តងពីការចែកផ្លូវជាមួយគ្រូបង្វឹក សញ្ជាតិអ៊ីតាលី ទោះបីមានកិច្ចសន្យាជាមួយគ្នារហូតដល់ឆ្នាំ២០២៩ ក៏ដោយ។
ការសម្រេចចិត្តរបស់ Chelsea ធ្វើឡើងដោយពុំខ្វល់ខ្វាយខ្លាំងចំពោះសមិទ្ធផល ដែលបុរសអ៊ីតាលី ធ្លាប់ជួយឱ្យ ក្រុមដណ្តើមបានពានរង្វាន់ Club World Cup ឆ្នាំ២០២៥ ដែលរកចំណូលបានរាប់លានដុល្លារនោះឡើយ។
បើតាមការប្រកាសរបស់ក្លិប Chelsea បានបង្ហាញថាថ្នាក់ដឹកនាំកំពូលរបស់ក្លិប ហាក់បាត់ជំនឿលើលោក Maresca ក្នុងតំណែងជាគ្រូបង្វឹក។ នេះក៏ព្រោះតែមើលឃើញពីទម្រង់លេងក្រុមធ្លាក់ចុះខ្លាំង ខុសពីកាលដើមរដូវ កាល។ នៅចំណោម ១០ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់បុរសវ័យ ៤៥ឆ្នាំ Chelsea រកបានជ័យជម្នះ ត្រឹម តែ ៣ប្រកួតប៉ុណ្ណោះ និងចាញ់ ៣ប្រកួត ស្មើ ៤ប្រកួត។
បច្ចុប្បន្នឆ្លងកាត់សប្តាហ៍ទី១៩ ក្នុងក្របខណ្ឌ Premier League ក្រុម Chelsea កំពុងឈរនៅកម្រិតលេខ ៥ ដោយរកបាន ៣០ពិន្ទុ និងកំពុងតែប្រជែងកៅអីទៅកាន់ UEFA Champions League រដូវកាលក្រោយ។
ចំណែកបើតាមគេហទំព័រស្ថិតិរបស់ Opta លោក Enzo Maresca បានក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់ប្រចាំ Premier League ត្រូវបានដើរចេញពីតំណែង នៅចំថ្ងៃដើមឆ្នាំថ្មី ២០២៦ តែម្តង។
ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនប្រចាំអង់គ្លេស បានលើកពីហេតុផលដែល គ្រូបង្វឹកវ័យ ៤៥ឆ្នាំ សម្រេចចិត្តចាកចេញពីក្រុម ព្រោះតែលោកមានបញ្ហាផ្ទៃក្នុងជាមួយនឹងក្រុមការងារគ្រូពេទ្យប្រចាំក្រុមផ្ទាល់តែម្តង។ រឿងនោះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បុរសអ៊ីតាលី ក្នុងពេលបំពេញការងារ ហើយប៉ះពាល់ដល់ការងារក្នុងក្រុមរបស់លោក។
ការចាកចេញរបស់លោក Maresca ពីក្រុមតោខៀវ ដោយលោកទើបដឹកនាំបាន ៩២ប្រកួត ប៉ុណ្ណោះ រាល់ពានរង្វាន់ ទាំងអស់ដែលក្រុមបានប្រជែង។ ចំណោមការប្រកួតទាំងអស់នោះ Chelsea យកឈ្នះការប្រកួត ៥៥លើក ស្មើ ១៦ លើក និងចាញ់ ២១លើក៕
ប្រភព៖ THMEYTHMEY



