Messi របូតពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូងភ្លាម បន្ទាប់​ពីចូលឆ្នាំថ្មី ២០២៦

កំពូលខ្សែប្រយុទ្ធ Lionel Messi ទទួលបានដំណឹងអាក្រក់ភ្លាមៗ បន្ទាប់ពីចូលឆ្នាំថ្មី ២០២៦ បានត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ កីឡាករម្ចាស់ពានរង្វាន់ MLS Cup របូតឱកាសឈ្នះពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូង ២០២៥ (Best South American Player of the Year) នៅក្នុងឆ្នាំ។ ​Messi ថែមទាំងបាត់បង់វត្តមានមិត្តរួមក្រុមដ៏ជិតស្និទ្ធគឺកីឡាករ Sergio Busquets និង Jordi Alba ផងដែរ ចូលឆ្នាំ ២០២៦ នេះ។

បើតាមការចុះផ្សាយរបស់ WorldSoccerTalk អ្នកកាសែតប្រមាណ ២៥០នាក់ ទូទាំងទ្វីបអាម៉េរិកខាងត្បូង បានបោះឆ្នោតឱ្យ Messi មានវ័យ ៣៨ឆ្នាំ ឈរនៅលេខ ២ ចំពោះការប្រជែងពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាម៉េរិកខាងត្បូង។ 

កីឡាករ Giorgian De Arrascaeta ដែលលេងឱ្យក្លិប Flamengo របស់ប្រទេសប្រេស៊ីល ក្លាយជាកីឡាករលេងល្អជាងគេបង្អស់ប្រចាំទ្វីបអាម៉េរិកខាងត្បូង ឆ្នាំ ២០២៥។ ចំណែកកីឡាករ Adrian Martinez ឈរនៅលេខ ៣ បន្ទាប់ពីទទួលបានការបោះឆ្នោតពីសំណាក់តំណាងអ្នកកាសែត ២៥០នាក់ ប្រចាំទ្វីបអាម៉េរិកខាងត្បូងផ្ទាល់។ 

កីឡាករ De Arrascaeta ដែលមានវ័យ ៣១ឆ្នាំ កាលរដូវកាល ២០២៥ កន្លងទៅ គេបង្ហាញខ្លួនយ៉ាងអស្ចារ្យ និងក្លាយជាកីឡាករសំខាន់បំផុតសម្រាប់ក្រុម Flamengo។ 

កីឡាករខ្សែបម្រើប្រយុទ្ធរូបនោះ បង្ហាញខ្លួនលេង ៦៤ប្រកួត ដោយគេរកបាន ២៥គ្រាប់ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ ២០គ្រាប់ឱ្យមិត្តរួមក្រុមរបស់គេ។ វត្តមានរបស់គេជួយ Flamengo ឈ្នះពានរង្វាន់ ​Brazileirao (Seria A), Copa Libertadores, Brazil Super Cup, Campeonato Carioca, Challenger Cup ព្រមទាំងឈ្នះពានរង្វាន់ Derby of the Americas ផងដែរ។

សម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្កាយ វ័យ ៣១ឆ្នាំ ទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ ១៧៩សំឡេង (៦៧,៨ភាគរយ)។ Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបានត្រឹម ៣៩សំឡេង (១៤,៨ភាគរយ) ខណៈកីឡាករ Martinez ទទួលបានត្រឹមតែ ១២សំឡេង (៥ភាគរយ)។

ដោយឡែកនៅក្នុងឆ្នាំ ២០២៦ ដដែល កីឡាករ Inter Miami ក៏នឹងបាត់បង់សមាជិកសំខាន់រួមក្រុមចំនួន ២នាក់ ជារួមគឺជាមិត្តជិតស្និទ្ធរបស់គេតែម្តង មានកីឡាករខ្សែបម្រើ Sergio Busquets និងខ្សែការពារ Jordi Alba ដែលបានប្រកាសចូលនិវត្តន៍នៅដើមថ្មីតែម្តង។ ​Messi និងមិត្តរួមក្រុមកាលនៅក្លិប Barcelona បានរួមគ្នាជួយក្រុម Inter Miami ឈ្នះពានរង្វាន់ MLS Cup ដែលជាពានរង្វាន់លើកដំបូងសម្រាប់ពួកគេប្រចាំប្រវត្តិសាស្រ្តលីគបាល់ទាត់លើទឹកដីអាម៉េរិក។

ខុសពីមិត្តរួមក្រុមដែលបានសម្រេចចិត្តព្យួរស្បែកជើង ប៉ុន្តែ Messi បានសម្រេចចិត្តបន្តកិច្ចសន្យាជាមួយ Inter Miami រហូតដល់ឆ្នាំ ២០២៨ កីឡាករម្ចាស់ពាន World Cup 2022 សម្លឹងការជួយផ្សព្វផ្សាយបាល់ទាត់របស់ក្លិប Inter Mi​ami ជាពិសេសការជួយផ្សព្វផ្សាយវិស័យបាល់ទាត់អាម៉េរិកបន្ថែមទៀត៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top