ក្លិប Manchester United នៅថ្ងៃទី៥ ខែមករា បានសម្រេចបញ្ចប់តំណែងលោក Amorim ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមប្រកួតស្មើ Leeds United ១-១ ក្នុងជំនួបលីគ Premier League។ លោក Darren Fletcher អតីតកីឡាករ Man Utd នឹងជំនួសលោក Amorim។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់ រងការរិះគន់យ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីដឹកនាំក្រុមចាញ់១ និង៣ និងឈ្នះ១ប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតចុងក្រោយ។ ឆ្លងកាត់២០ប្រកួត Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយរកបាន៣១ពិន្ទុ ក្នុងនោះឈ្នះ៨ ចាញ់៥ និងស្មើ ៧លើក។
បើតាមការផ្សាយរបស់ក្លិប Man Utd បន្ទាប់ពីសម្រេចដកលោក Amorim ក្រោយដឹកនាំបានរយៈពេល១៤ខែ ក្លិបបិសាចក្រហមនឹងតែងតាំង លោក Darren Fletcher ដឹកនាំក្រុមក្នុងជំនួបលីគកំពូលអង់គ្លេសទល់នឹង Burnley នៅរាត្រីថ្ងៃទី៧ ខែមករា នេះ។
លោក Amorim ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ Man Utd ជំនួសលោក Erik ten Hag ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកចាត់ការវ័យ ៤០ ឆ្នាំដែលចាកចេញពី Sporting បានដឹកនាំក្រុមយក្សអង់គ្លេសមួយនេះនៅរដូវកាលដំបូងយ៉ាងត្រដាបត្រដួស ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៥ ក្នុងតារាង Premier League រដូវកាល ២០២៤-២៥ និងចាញ់ក្រុម Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ថែមទៀត៕
ប្រភព៖ THMEYTHMEY



