លន បញ្ញា​ នឹង​ដក​ថវិកា​​ ២០០​ដុល្លារ​ពី​តម្លៃ​ខ្លួន​ប្រកួត​ និង​បង្កើត​មូលនិធិ​ដើម្បី​សងគុណ​វីរកងទ័ព​កម្ពុជា​

កីឡាករ​គុន​ខ្មែរ​ លន​ បញ្ញា​ ប្រកាស​ដក​ថវិកា​ចំនួន​ ២០០​ដុល្លារ​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN នៅ​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ និង​បង្កើត​មូលនិធិ​មួយ​ប្រមូល​ថវិកា​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជា​ការ​តបស្នងសងគុណ​ដល់​វីរកងទ័ព​កម្ពុជា។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បាន​លើក​ឡើង​ថា​ ដោយ​មាន​ការ​ស្នើសុំ​ពី​វីរកងទ័ព​នៅ​ជួរមុខ​ជា​ច្រើន​សុំ​ជំនួយ​ជា​សម្ភារ​ប្រើប្រាស់​ដូច​ជា​ Power Bank វិទ្យុទាក់ទង​ អង្រឹង​ បារី​ ទឹក​ និង​សម្ភារ​សំខាន់ៗ​មួយ​ចំនួន​ ដូច្នេះ​ខ្លួន​នឹង​ដក​ថវិកា​ចំនួន​ ២០០​ដុល្លារ​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN​ នៅ​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ ដើម្បី​ទិញ​សម្ភារ​ជា​ការ​តបស្នងសងគុណ​។​

ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ឆ្នាំ​២០២៣​ រូប​នេះ​បន្ត​ទៀត​ថា​ ក្រៅ​តែ​ពី​ថវិកា​ផ្ទាល់​ខ្លួន​ហើយ​នោះ​នឹង​បង្កើត​ជា​មូលនិធិ​មួយ​ដើម្បី​រៃអង្គាស់​ថវិកា​ពី​សប្បុរសជន​គ្រប់​ទិសដែល​មាន​បំណង​ចង់​ចូលរួមក្នុង​​សកម្មភាព​ឧបត្ថម្ភ​ជា​មួយ​ខ្លួន​លើក​នេះ។​ បញ្ញា​ បន្ត​ថា​នេះ​ជា​ការ​តបស្នង​សងគុណ​ដល់​វីរកងទ័ព​ដែល​បាន​លៈបង់​សាច់​ស្រស់​ ឈាម​ស្រស់ ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​អំឡុង​ការ​ឈ្លានពាន​ពី​សត្រូវ​សៀម​កន្លង​ទៅ​នេះ។

បញ្ជាក់​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ និង​លោក​ ធន់​ សុភា​ រួម​ទាំង​សិស្ស​គុន​ក្នុង​ក្លឹប​របស់​ខ្លួន​បាន​ដឹកនាំ​សម្ភារ​ប្រើប្រាស់​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ដង​រួច​ហើយ​ទៅ​ជួយ​ដល់​វីរកងទ័ព​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។​ រូប​គេ​មាន​គម្រោង​នឹង​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​វីរកទ័ព​ជា​លើក​ទី​ពីរ​បន្ទាប់​ពី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WKN​ ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ឯ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល រួច​ហើយ​។​ ប្រសិន​បើ​សាធារណៈជន​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ ឬ​សម្ភារ​ផ្សេង​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ផក​ លន បញ្ញា-Lorn Panha Kun Khmer នេះបាន៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top