Paul Pogba បានទទួលពានរង្វាន់ Comeback Award ពីកម្មវិធី BEYOND Developments Globe Soccer លើកទី១៦ ក្នុងនាមជាកីឡាករវិលត្រឡប់ចូលប្រកបអាជីពកីឡាបាល់ទាត់ដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ២០២៥។ កីឡាករបារាំង Ousmane Dembele ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ Globe Soccer Awards
ក្នុងកម្មវិធីរបស់ Globe Soccer ដែលរៀបចំឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមេរ៉ាតអារ៉ាប់រួម នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កំពូលកីឡាករគុនចម្រុះដ៏ល្បីល្បាញ Khabib Nurmagomedov បានប្រគល់ពានរង្វាន់ Comeback Award ទៅឱ្យកីឡាករបារាំង Paul Pogba។
Globe Soccer បានអបអរចំពោះការវិលត្រឡប់ចូលសកម្មភាពកីឡាបាល់ទាត់សារជាថ្មីរបស់ Pogba បន្ទាប់ពីចាកឆ្ងាយពីទីលានបាល់ទាត់ជាងមួយឆ្នាំ។ អតីតកីឡាករ Manchester United រូបនេះ ជាប់បម្រាម ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់ ក្រោយធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន អំឡុងប្រកបអាជីពនៅក្លិប Juventus របស់អ៊ីតាលី។ យ៉ាងណាក៏ដោយ បន្ទាប់ពីប្តឹងឧទ្ធរណ៍ តុលាការអាជ្ញាកណ្តាលកីឡាករអាជីព ក៏បានបន្ថយបម្រាមនៅត្រឹម១ឆ្នាំកន្លះវិញ។
Pogba នៅតែជាខ្សែបម្រើដ៏ខ្លាំងបំផុតម្នាក់។ Globe Soccer ចាត់ទុកកីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ ពិតជាសមនឹងទទួលបានពានរង្វាន់ Comeback Award នេះ។ Comeback Award បង្កើតឡើងក្នុងគោលបំណងផ្តល់តម្លៃឱ្យ Pogba និងជាការស្វាគមន៍ការវិលត្រឡប់របស់គេ ទៅកាន់អាជីពបាល់ទាត់ដោយភាពជឿជាក់ និងទំនុកចិត្ត។
ក្លិប AS Monaco នៃលីគកំពូលបារាំង នៅថ្ងៃទី២៩ មិថុនា បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Pogba ទៅរួមក្រុម និងជាការផ្តល់ឱកាសដល់រូបគេបង្ហាញសមត្ថភាពលើទីលានបាល់ទាត់ឡើងវិញ។
នៅពេលចាកចេញពី Manchester United វិលត្រឡប់ទៅ Juventus ជាលើកទី២ ពុំធ្វើឱ្យ Pogba ដែលជួយបារាំងឈ្នះ FIFA World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី រកឃើញពន្លឺអាជីពប្រសើរឡើងឡើយ។ ផ្ទុយទៅវិញ រូបគេតែងជួបបញ្ហារបួសជារឿយៗ និងឈានដល់ការធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់ថែមទៀត។
ដោយឡែក Ousmane Dembele ដែលជួយ Paris Saint-Germain ឈ្នះ Ligue1 និង UEFA Champions League រដូវកាល ២០២៤-២៥ ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២៥ (Globe Soccer Awards)៕
ប្រភព៖ THMEYTHMEY



