Neymar ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពបាល់ទាត់ ដោយសាររបួសរ៉ាំរ៉ៃ

Neymar Jr ខ្សែប្រយុទ្ធក្រុម Santos FC ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពកីឡាករបាល់ទាត់នៅវ័យ ៣៣ឆ្នាំ ដោយសារធុញទ្រាន់នឹងបញ្ហារបួសរ៉ាំរ៉ៃរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

Neymar ជាកីឡាករមួយរូបដែលមិនងាយធ្លាក់ទម្រង់លេង និងងាយបាត់បង់នូវបច្ចេកទេសញាក់បាល់ដ៏ពូកែរបស់គេឡើយ។ ភាគតិចណាស់កីឡាករនៅក្នុងបាល់ទាត់សម័យទំនើបពេលបច្ចុប្បន្ន ពុំសូវជាមានទេពកោសល្យខ្លាំងដូចទៅនឹង សមត្ថភាពរបស់ Neymar។​ ប៉ុន្តែបញ្ហាមិនសូវគោរពវិន័យ និងបញ្ហារបួសជាប្រចាំ ធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលដើរដល់ចំណុចធ្លាក់ចុះលឿន សម្រាប់អាជីពរបស់គេ។

នៅរយៈពេល ៣ឆ្នាំចុងក្រោយ បញ្ហារបួសបានញាំញីខ្លាំងនៅក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ សម្រាប់ Neymar។ ទម្រង់លេងក៏កាន់តែធ្លាក់ចុះបន្តិចម្តងៗ ស្របពេលបញ្ហាផ្លូវចិត្តកំពុងតែស្ទុះឡើងខ្លាំងដាក់សម្ពាធលើខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។

កីឡាករវ័យ ៣៣ឆ្នាំ ជាកីឡាករបាល់ទាត់មួយរូបដែលលេចធ្លោបំផុតមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់។ ប៉ុន្តែភាពល្បីល្បាញរបស់គេក៏បានធ្លាក់ចុះវិញលឿនដូចគ្នា។ ការបង្ហាញទម្រង់លេងល្អបំផុតរបស់គេកាលពីឆ្នាំ ២០១៣ នៅក្លិប ​Santos FC រហូតទាក់ចិត្តក្លិបយក្ស Barcelona ទិញយកគេទៅចូលរួមក្រុមលើទឹកដីអេស្ប៉ាញ ក្នុងតម្លៃជាង ៨១លានដុល្លារ។ ៤ឆ្នាំ នៅអេស្ប៉ាញ ជួយ Neymar សាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ព្រមទាំងឱ្យគេលើកពានជាច្រើន ដូចជា La Liga និង Champions League​ជាដើម។ 

បន្ទាប់មក កីឡាករវ័យ ៣៣ឆ្នាំ ផ្លាស់ទៅក្លិប Paris Saint Germain បង្កើតប្រវត្តិសាស្ត្រជាកីឡាករមានតម្លៃខ្លួនផ្ទេរថ្លៃជាងគេលើពិភពលោក ២២២លានអឺរូ(ជាង ២៤០លានដុល្លារ)។ Neymar លេងបានតែជាង ២រដូវកាលប៉ុណ្ណោះនៅបារាំង ហើយបន្តបន្ទាប់គេតែងជួបបញ្ហារបួសរហូតបាត់ប្រជាប្រិយនៅក្លិបយក្សបារាំង។

Neymar ជួបបញ្ហារបួសញឹកពេក បង្ខំចិត្តឱ្យក្លិប PSG លក់រូបគេទៅកាន់ក្លិប Al Hilal ដើម្បីរកប្រាក់ចំណេញត្រឡប់មកវិញខ្លះ កាលពីរដូវកាល ២០២៤។ ការផ្លាស់ទៅក្លិបនៅអារ៉ាប៊ីសាអូឌីត ក៏មិនបានជួយអ្វីទៅកីឡាករប្រេស៊ីលរូបនេះដែរ។ ផ្ទុយទៅវិញកាន់តែធ្វើឱ្យគេជួបរឿងខកចិត្តបន្ថែម ដោយការបង្ហាញខ្លួនលេងបានត្រឹមតែ ៥ប្រកួត គេក៏ជួបបញ្ហារបួសធ្ងន់ធ្ងរម្តងទៀត គឺដាច់សរសៃពួរជង្គង់ ព្រមទាំងរបួសត្រង់ជង្គងខាងឆ្វេងធ្ងន់ធ្ងរស្របគ្នា។ អតីតកីឡាករក្លិប Barcelona ត្រូវព្យាបាលរបួស រហូតធ្វើឱ្យក្លិប Al Hilal អស់ចិត្ត និងផ្តាច់កិច្ចសន្យារបស់គេមុនដល់ឆ្នាំកំណត់។ 

នៅចុងក្រោយនេះ ក្លិប Santos FC ដែលជាកន្លែងបង្កើត Neymar ក៏ជាកន្លែងដែលបានទទួល ​ការវិលត្រឡប់កីឡាករធ្លាប់លេចធ្លោរ នៅក្លិបរបស់ខ្លួនកាលពីឆ្នាំ ២០១៣ និងពេលនេះជាកីឡាករញាំញីទៅដោយរបួស​។​ Neymar បានបន្តកិច្ចសន្យាលេងជាមួយ Santos FC រហូតដាច់ឆ្នាំ ២០២៦។

បើតាមការចុះផ្សាយរបស់កាសែត Deadline Day ប៉ែកអាម៉េរិកខាងត្បូង កាលពីប៉ុន្មានខែមុន ពោលនៅចុងឆ្នាំ ២០២៥ ឪពុក Neymar បានសារភាពថា​កូនប្រុសរបស់លោក​ បានពិចារណាចង់បោះបង់អាជីពបាល់ទាត់នៅត្រឹមនេះ។ ហេតុអ្វី? ព្រោះតែបញ្ហារបួសញាំញីខ្លាំងលើរូបគេ បង្កជាការរំខានខ្លាំង រហូតធ្វើឱ្យគេលែងចង់បន្តក្តីស្រលាញ់នៅក្នុងវិស័យបាល់ទាត់បន្តទៅទៀត។

«ខ្ញុំមិនអាចទទួលយករឿងនេះ (បញ្ហារបួស) បានទៀតនោះទេ។ ខ្ញុំត្រូវការវះកាត់ព្យាបាលរបួស ប៉ុន្តែខ្ញុំមិនដឹងទេថាវានឹងមានតម្លៃបែបណាសម្រាប់ខ្ញុំនៅពេលនេះ។ ប៉ា! ខ្ញុំហត់ហើយ។»។​ ឪពុក Neymar អះអាងពីសម្តីកូនប្រុសបែបនេះ។

ពេលជួបបញ្ហារបួសភ្លាមៗនៅ Santos ជិតចប់រដូវកាល ២០២៤-២៥ រូបគេថែមទាំងផ្អាកពេលក្នុងការវះកាត់។ ប្តូរមកវិញ គេសុខចិត្តលេងទាំងរបួស ដើម្បីជួយក្លិបឱ្យគេចចេញពីការកាត់ចោលធ្លាក់ទៅលីគកម្រិតទី២ នៅប្រេស៊ីល។ ​ចុងបញ្ចប់គេពិតជាធ្វើបានសម្រេច ដោយជួយរួមចំណែកខ្លាំងដល់ក្លិបគេចផុតពីការកាត់ចោល។

កំណត់ត្រារបួសរបស់អតីតកីឡាករអន្តរជាតិប្រេស៊ីល កើតឡើងទូទាំងអាជីពរបស់គេសរុប ៤៣លើក និងប្រើពេលព្យាបាលសរុប ១៤៤៥ថ្ងៃ។ Neymar ខកខានការប្រកួតដល់ទៅ ២៤៩លើក ទាំងនៅក្លិប និងជម្រើសជាតិប្រេស៊ីល។ របួសយូរបំផុតកើតឡើងក្នុងរដូវកាល ២០២៣-២៤ ដោយគេសម្រាកអស់ពេល ៣០០ថ្ងៃ។ ការវិលត្រឡប់របស់គេម្តងៗ គឺដោយភាពអត់ធ្មត់ខ្លាំង។

ទោះជួបបញ្ហារបួសនេះញឹកក៏ពិតមែន តែ Neymar មិនបោះបង់អាជីពដោយងាយៗ ព្រោះតែគេមានក្តីស្រម៉ៃមួយចង់បំពេញឱ្យបាន។ នោះគឺការបង្ហាញខ្លួនជាថ្មីឱ្យប្រេស៊ីល នៅការប្រកួត World Cup ឆ្នាំ ២០២៦ លើទឹកដីទ្វីបអាម៉េរិកខាងជើង។ 

នៅពេលនេះ Neymar បានចូលវះកាត់របួស ក្នុងការស្តារសមត្ថភាពគេឡើងវិញ​ តាមរយៈការលេងនៅក្លិប Santos FC។ Neymar ក៏ទទួលបានការព្យាបាលយ៉ាងពិសេសពីសំណាក់ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិប្រេស៊ីល។ រឿងនេះកំពុងតែបានផ្តល់ក្តីសង្ឃឹមបន្តិចបន្តួច ដល់តារាបាល់ទាត់ដែលរះលឿនលិចលឿនរូបនេះ ក្នុងការវិលចូលក្រុមប្រេស៊ីល មុនព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ មកដល់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top