មក​ស្គាល់​ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើល​ក្នុង​លីគកំពូលកម្ពុជា

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបាល់ទាត់ បឹងកេត កីឡាករ Dehmie Cyrus កំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនៃក្របខណ្ឌលីគកំពូល កម្ពុជា ដែល បឹងកេត បានយកឈ្នះលើក្រុម កងយោធពលខេមរភូមិន្ទ នៅស្តាតចាស់ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦។

កីឡាករ Dehmie Cyrus ត្រូវបាន បឹងកេត ចុះកិច្ចសន្យាយកបានកាលពីខែ ធ្នូ កន្លងទៅ ជាមួយកីឡាករសញ្ជាតិ នូវែលសេឡង់ Myer Bevan ម្នាក់ទៀត ដើម្បីចូលរួមការប្រកួតលីគជុំទី ២។ វត្តមាន​កីឡាករថ្មីទាំង ២ ជាពិសេស Dehmie បានធ្វើឱ្យទម្រង់លេងរបស់ក្រុម បឹងកេត មានការប្រែប្រួលមកល្អប្រសើរជាខ្លាំង បើធៀបនឹងកាលពីជើងទី ១។ Dehmie កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុង​ជ័យជម្នះ ៦-០ លើ​ក្រុម កងយោធពលខេមរភូមិន្ទ។

 

ត្រឡប់ថយក្រោយអំពីប្រវត្តិរបស់ខ្សែប្រយុទ្ធប្រអប់សញ្ជាតិ អូស្ត្រាលី វ័យ ២៣ ឆ្នាំរូបនេះ គឺបានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Brisbane Roar នៃលីគកំពូល អូស្ត្រាលី ក្នុងឆ្នាំ ២០២១។ ក្រោយលេងនៅទីនេះបាន ១ ឆ្នាំកន្លះ Dehmie ក៏ត្រូវបានផ្លាស់ទៅលេងជាមួយក្លិបលីគទី ៣ ដាណឺម៉ាក Naestved BK នាដើមឆ្នាំ ២០២៣។ កីឡាករបានលេងនៅទីនេះត្រឹមតែកន្លះរដូវកាលប៉ុណ្ណោះ។

បន្ទាប់មកទៀត Dehmie ក៏ត្រឡប់មក អូស្ត្រាលី វិញ ដោយចូលរួមជាមួយក្រុម Olympic FC ដែលជាក្រុមពាក់កណ្តាលអាជីពរបស់ អូស្ត្រាលី ពីខែ មេសា ឆ្នាំ ២០២៤ ដល់ខែ មករា ឆ្នាំ ២០២៥។ ចុងក្រោយរូបគេបានផ្លាស់ទៅកាន់ក្រុម Sydney Olympic នៃលីគទី ២ អូស្ត្រាលី មុនពេលផ្លាស់មកចូលរួមជាមួយក្រុម បឹងកេត ។

ក្នុងចំណោមក្រុមពីមុន ដែល Dehmie បានលេង មានក្រុម ២ គឺ Brisbane Roar និង Sydney Olympic ដែលអាជីពរបស់គេហាក់លេចធ្លោជាងគេ។ អំឡុងពេលលេងនៅ Brisbane Roar ១ ឆ្នាំកន្លះ កីឡាកររកបានគ្រាប់បាល់ចំនួន ៣ គ្រាប់ និង ១ បញ្ជូន (assists) ពីការលេងសរុប ៣០ ប្រកួត។ ចំណែកនៅក្រុម Sydney Olympic កីឡាករវ័យ ២៣ ឆ្នាំ រកបានគ្រាប់បាល់បានចំនួន ១៣ គ្រាប់ និង ២ បញ្ជូន ពីការបង្ហាញខ្លួនសរុប ៣៤ ប្រកួត។

ថ្វីដ្បិតអាជីពរបស់ Dehmie កន្លងមក ចូលរួមជាមួយក្លិបនីមួយៗមិនសូវបានយូរអង្វែង ប៉ុន្តែកីឡាកររូបនេះ ត្រូវបានគេមើលឃើញ ថា ជាកីឡាករ ដែលមានការប្រឹងប្រែងខ្លាំង ហើយម្យ៉ាងវ័យរបស់គេក៏នៅក្មេងនៅឡើយ។ Demie នៅពេលនេះ កំពុងត្រូវបានអ្នកគាំទ្រ បឹងកេត ដាក់ក្តីសង្ឃឹមក្នុងតំណែងប្រយុទ្ធប្រអប់របស់ក្រុម ក្រោយតំណែងនេះ ក្លាយជាចំណុចខ្វះខាតរបស់ក្រុមជាយូរមកហើយ ចាប់តាំងពីលោក ឃួន ឡាបូរ៉ាវី ចូលនិវត្តន៍ និង ចាន់ វឌ្ឍនាកា តែងតែញាំញីដោយរបួស៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top