លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ទទួលមរណភាព នៅអាយុ៥៩ឆ្នាំ ដោយជំងឺលើសឈាម

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិបាល់ទាត់កម្ពុជាទសវត្សរ៍ទី៩០ ទទួលមរណភាពដោយសារជំងឺលើសឈាម ក្នុងជន្មាយុ ៥៩ឆ្នាំ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោក ផាត ចំរុងរស្មី កូនប្រុសច្បងអតីតជម្រើសជាតិរូបនេះ។ លោក ប្រាក់ សុវណ្ណារ៉ា អតីតមិត្តរួមអាជីពបាល់ទាត់ បានសរសើរពីទេពកោសល្យ លោក អ៊ុក ចំរុង ថាជាកីឡាករ មានស្មារតី និងកម្លាំងចិត្តខ្ពស់។

លោក អ៊ុក ចំរុង បានលាចាកលោកនេះ ប៉ុន្ដែស្នារតី និងកិច្ចការចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជាមួយចំនួន បានបន្សល់ទុកនៅ។ លោក ចំរុង បានចាប់ផ្ដើមលេងបាល់ទាត់ដំបូងក្នុងឆ្នាំ១៩៨៥ ក្នុងនាមជាអ្នកចាំទីឲ្យក្រុមបាល់ទាត់របស់វិទ្យាល័យសន្ធរមុខ។ លុះចូលដល់ ឆ្នាំ១៩៩០ កីឡាកររូបនេះ​ បានជាប់ជាជម្រើសកីឡាកររបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ៣ឆ្នាំបន្ទាប់ នៅឆ្នាំ១៩៩៣ អ្នកចាំទីរូបនេះ ក៏បានចូលរួមអាជីពជាមួយក្រុមបាល់ទាត់អាកាសចរស៊ីវិល។ 

លោក ប្រាក់ សុវណ្ណារ៉ា បានដំណាលប្រាប់សារព័ត៌មានឌីជីតលថ្មីៗត្រួសៗពីជីវប្រវត្តិរបស់អតីអ្នកចាំទី អ៊ុក ចំរុង ថា នៅឆ្នាំ១៩៩៣ កីឡាករជើងចាស់ទាំង២នេះ បានក្លាយជាមិត្តរួមក្រុមនឹងគ្នា។ លុះចូលដល់ឆ្នាំ១៩៩៦ លោក អ៊ុក ចំរុង ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសចូលក្រុមជម្រើសជាតិ ដើម្បីចូលរួមក្នុងពានរង្វាន់ Tiger Cup ដែលពានរង្វាន់នេះ បច្ចុប្បន្នត្រូវបានគេស្គាល់ថាពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (Asean Championship) ចំនួន២លើក និងបានចូលរួមលេង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី១៩ និងទី២០ ផងដែរ។

នៅឆ្នាំ២០០៦ លោក អ៊ុក ចំរុង និងលោក ប្រាក់ សុវណ្ណារ៉ា បានចូលនិវត្តន៍ពីកីឡាករអាជីព។ លោក អ៊ុក ចំរុង បានចូលធ្វើជាគ្រូបង្វឹកអ្នកចាំទីឲ្យក្រុមភ្នំពេញអេមផាយអឺ នៅឆ្នាំ២០០៦ ហើយក៏បានបន្ដមកធ្វើជាគ្រូបង្វឹកនៅសាលាបាល់ទាត់ជាតិបាទី និងធ្លាប់ធ្វើជាគ្រូបង្វឹកអ្នកចាំទី នៅគិរីវង់សុខសែនជ័យ ផងដែរ។

លោក ប្រាក់ សុវណ្ណារ៉ា សរសើរលោក អ៊ុក ចំរុង ថាជាអ្នកចាំទីដែលមានកម្លាំងចិត្តខ្ពស់ បើទោះជាគាត់មានកម្ពស់ត្រឹមតែ ១៧០សងទីម៉ែត្រ ដែលជាកម្ពស់ទាបសម្រាប់ការបំពេញតួនាទីនេះ។ បើតាមមិត្តរួមក្រុមរូបនេះ ការប្រជែងតំណែងក្នុងក្រុមជម្រើសជាតិមិនងាយស្រួលឡើយ ប៉ុន្ដែលោក អ៊ុក ចំរុង នៅតែអាចជាប់ជាក្រុមជម្រើសជាតិ ព្រោះតែការតស៊ូខ្ពស់ រួមផ្សំជាមួយភាពរហ័សរហួន និងបច្ចេកទេសល្អ។

«គាត់ គឺជាកីឡាករ ដែលមានផ្លូវចិត្តខ្លាំង។ បើយើងនិយាយពីអ្នកចាំទីជម្រើសជាតិ កម្ពស់គាត់ត្រឹមតែ ១.៧០ម៉ែត្រ មិនអាចទៅប្រជែងជាមួយអ្នកណាបានទេ ព្រោះគាត់ទាបណាស់។ បើគាត់មិនល្អខ្លាំងទេ គាត់មិនអាចប្រជែងកៅអីជម្រើសជាតិជាមួយគេផ្សេងបានទេ។ ម្យ៉ាងវិញទៀត កីឡាករជំនាន់នោះ ក៏មានកីឡាករខ្ពស់ៗដែរ ប៉ុន្ដែគាត់នៅតែប្រជែងបានជាជម្រើសជាតិដែរ។ គាត់មានភាពរហ័សរហួនណាស់។»

ក្នុងអាជីពបាល់ទាត់នេះ លោក អ៊ុក ចំរុង​ បណ្ដុះបានធនធានអ្នកចាំទីមួយចំនួន ហើយអ្នកចាំទីខ្លះកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា។ អ្នកចាំទី ដែលធ្លាប់ជាកូនសិស្សលោកគ្រូ អ៊ុក ចំរុង រួមមានកីឡាករ កយ សាលីម និង ថា ចាន់រិទ្ធី របស់បឹងកេត និង កីឡាករ ទូច សារូត អ្នកចាំទីរបស់ណាហ្គាវើលដ៍។

បើតាមការបញ្ជាក់ពី លោក ផាត ចំរុងរស្មី ជាកូនប្រុសច្បង សពរបស់អតីតជម្រើសជាតិកម្ពុជារូបនេះ នឹងត្រូវបូជា នៅថ្ងៃទី៧ មករា វេលាម៉ោង ៣:០០ រសៀល នៅវត្តពោធិ៍ចិនតុង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top