គូប្រជែងកំពូលតារាងទាំងពីរគឺ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង រំពឹងទទួលបានលទ្ធផលល្អដូចគ្នាសម្រាប់ការប្រកួតសប្តាហ៍ទី១៥ នៃលីគបាល់ទាត់កំពូលកម្ពុជា នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។
ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅទឹកដីខេត្តព្រះសីហនុ ដើម្បីតទល់នឹងក្រុម ឡាយហ្វ ខេត្តព្រះសីហនុ វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍នេះ។ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងទទួលបាន ៣ ពិន្ទុដើម្បីជាកម្លាំងចិត្តដល់អ្នកគាំទ្រ បន្ទាប់ពីចាញ់ ២ ប្រកួតជាប់គ្នា។
លោក Mattew McConkey បានលើកឡើងថា ៖««បញ្ហាមួយដែលខ្ញុំចង់និយាយសម្រាប់អ្នកគាំទ្រគឺ យើងកំពុងស្ថិតក្នុងពេលវេលាលំបាក។ យើងស្ថិតក្នុងការលំបាក ២ ប្រកួតជាប់គ្នាដែលយើងមិនទទួលបានលទ្ធផលតាមអ្វីដែលយើងចង់បាន។ ខ្ញុំពិតជាអរគុណសម្រាប់ការគាំទ្រដែលពួកគាត់ផ្តល់ឲ្យ។ យើងខ្ញុំត្រូវការការគាំទ្រ។ កីឡាករត្រូវការការគាំទ្រ។ យើងស្ថិតក្នុងពេលវេលាដូចរដូវកាលមុនៗដែរដែលយើងមិនទទួលបានលទ្ធផលល្អមួយឬពីរប្រកួត។ ប្រហែលជាយើងគ្មានសំណាង។ ខ្ញុំសង្ឃឹមថា នឹងឆ្លងផុតពេលវេលាលំបាកនេះ ហើយកីឡាករចាប់ផ្តើមហ្វឹកហាត់វិញ ហ្វឹកហាត់ឲ្យខ្លាំងដើម្បីស្វែងរកឲ្យបាន ៣ ពិន្ទុសម្រាប់ការប្រកួតបន្ទាប់។ សូមបន្តគាំទ្រពួកយើងទៀត»។
ព្រះខ័នរាជស្វាយរៀង បានចាញ់ បឹងកេត ១-២ និងចាញ់ វិសាខា ១-២ ដែលធ្វើឲ្យពួកគេបានធ្លាក់ពីកំពូលតារាងមកចំណាត់ថ្នាក់លេខ២ ដោយមាន ៣៣ ពិន្ទុ តាមរយៈការឈ្នះ ១១ ប្រកួត និងចាញ់ ៣ ប្រកួត។
ភ្នំពេញក្រោន បានឡើងទៅឈរលើកំពូលដោយមាន ៣៣ ពិន្ទុ ហើយនៅសល់ ១ ប្រកួតក្នុងដៃទៀត។ ពួកគេជាក្រុមតែមួយគត់ក្នុងរដូវកាលនេះដែលមិនទាន់ស្គាល់បរាជ័យ បន្ទាប់ពីឈ្នះ ១០ ប្រកួត និងស្មើ ៣ ប្រកួត។
នៅសប្តាហ៍ទី១៥នេះ ភ្នំពេញក្រោន រំពឹងធ្វើបានល្អទៀតដើម្បីរក្សាកំណត់ត្រាមិនចាញ់ និងបង្កើនភាពរឹងមាំនៅលើកំពូលតារាង។ ទោះបីជាយ៉ាងណា ដៃគូរបស់ពួកគេគឺ អឹមអូអាយ កំពង់ដេវ៉ា ក៏ជាក្រុមដែលបង្កការលំបាកខ្លាំងដែរ។
អឹមអូអាយ កំពង់ដេវ៉ា កំពុងឈរលេខ ៧ ពីការឈ្នះ៤ប្រកួត ស្មើ ៥ ប្រកួត និងចាញ់ ៥ ប្រកួតដោយមាន១៧ពិន្ទុ។ ក្រុមនេះកំពុងស្ថិតក្រោមការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារពួកគេបានត្រៀមខ្លួនយ៉ាងល្អ។ ពួកគេមានកីឡាករសញ្ជាតិប្រេស៊ីល ៤ នាក់ កីឡាករសញ្ជាតិឥណ្ឌូណេស៊ី ២ នាក់ ព្រមទាំងមានកីឡាករចូលសញ្ជាតិកម្ពុជា១នាក់ ដូច្នេះជាក្រុមដ៏ល្អមួយ។
សម្រាប់ថ្ងៃអាទិត្យ ទី១១ ខែមករា បឹងកេត ទទួលក្រុម ISI ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយ វិសាខា ទទួលក្រុម គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានវិសាខា និង ណាហ្គាវើលដ៍ ទទួលក្រុម អង្គរថាយហ្គឺរ នៅខេត្តកំពង់ស្ពឺ៕
ប្រភព៖ KAMPUCHEATHMEY



