ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន រំពឹង​ទទួល​បាន​លទ្ធផល​ល្អល្ងាច​នេះ

គូ​ប្រជែងកំពូល​តារាង​ទាំង​ពីរ​គឺ ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១៥ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​មករា ឆ្នាំ ២០២៦។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ដើម្បី​តទល់​នឹង​ក្រុម ឡាយហ្វ ខេត្តព្រះ​សីហនុ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍​នេះ។ គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង រំពឹង​ទទួល​បាន​ ៣ ពិន្ទុ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​គាំទ្រ បន្ទាប់​ពី​​ចាញ់ ២ ប្រកួត​ជាប់​គ្នា។

 

លោក Mattew McConkey បាន​លើក​ឡើង​ថា ៖««បញ្ហា​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​​សម្រាប់​អ្នក​គាំទ្រគឺ យើង​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​លំបាក។ យើង​ស្ថិត​ក្នុង​ការ​លំបាក ​​២ ​ប្រកួត​ជាប់​គ្នា​​ដែល​យើង​មិន​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​យើង​ចង់​បាន។ ខ្ញុំ​​ពិត​ជា​អរគុណ​សម្រាប់​ការ​គាំទ្រ​ដែល​ពួក​គាត់​ផ្តល់​​ឲ្យ។ ​យើងខ្ញុំ​​ត្រូវ​ការ​​ការគាំទ្រ។ កីឡាករ​ត្រូវ​ការ​ការ​គាំទ្រ។ យើង​ស្ថិត​ក្នុង​ពេល​វេលា​ដូច​រដូវ​កាល​មុន​ៗ​​ដែរ​ដែល​យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​មួយ​​ឬ​ពីរ​ប្រកួត​។ ប្រហែល​ជា​យើង​គ្មាន​សំណាង។ ខ្ញុំ​​​សង្ឃឹម​​ថា ​នឹងឆ្លង​ផុត​​ពេល​វេលា​លំបាក​នេះ ហើយ​កីឡាករ​ចាប់​ផ្តើម​ហ្វឹក​ហាត់​វិញ ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ដើម្បីស្វែង​រក​ឲ្យ​បាន ៣ ពិន្ទុ​សម្រាប់​ការ​ប្រកួត​បន្ទាប់។ សូម​បន្ត​គាំទ្រ​ពួក​យើង​ទៀត»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាញ់ បឹងកេត ១-២ និង​ចាញ់ វិសាខា ១-២ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ធ្លាក់​ពី​កំពូល​តារាងមក​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន ៣៣ ពិន្ទុ តាម​រយៈ​ការ​ឈ្នះ ១១ ប្រកួត និង​ចាញ់ ៣ ប្រកួត។

ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​ដោយ​មាន ៣៣ ពិន្ទុ ហើយ​នៅ​សល់​ ១ ​ប្រកួត​ក្នុង​ដៃ​ទៀត។ ពួក​គេ​ជា​ក្រុម​តែ​មួយ​គត់​ក្នុង​រដូវ​កាល​នេះ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ បន្ទាប់​ពីឈ្នះ ១០ ប្រកួត និង​ស្មើ ៣ ប្រកួត។

នៅ​សប្តាហ៍​ទី​១៥​នេះ ភ្នំពេញ​ក្រោន រំពឹង​ធ្វើ​បាន​ល្អ​ទៀត​​ដើម្បី​រក្សា​កំណត់​ត្រា​មិន​ចាញ់ និង​បង្កើន​ភាព​រឹង​មាំ​នៅ​លើ​កំពូល​តារាង។ ទោះ​បី​ជា​យ៉ាង​ណា ដៃ​គូ​របស់​ពួក​គេ​គឺ​ អឹមអូអាយ កំពង់ដេវ៉ា ក៏​ជា​ក្រុម​ដែល​បង្ក​ការ​លំបាក​ខ្លាំង​ដែរ។

អឹមអូអាយ កំពង់ដេវ៉ា កំពុង​ឈរ​លេខ ៧ ពី​ការឈ្នះ​៤​ប្រកួត ស្មើ ៥ ប្រកួត និង​ចាញ់ ៥ ប្រកួត​ដោយ​មាន​១៧​ពិន្ទុ។ ក្រុម​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ ដោយសារ​ពួក​គេ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ ពួក​គេ​មាន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ៤ នាក់ កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី ២ នាក់ ព្រម​ទាំង​មាន​កីឡាករ​ចូល​សញ្ជាតិ​កម្ពុជា​១​នាក់ ដូច្នេះ​ជាក្រុម​ដ៏​ល្អ​មួយ។

សម្រាប់​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា បឹងកេត ទទួល​ក្រុម ISI ដង្កោសែន​ជ័យ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ វិសាខា ទទួល​ក្រុម គិរីវង់សុខសែន​ជ័យ នៅ​កីឡដ្ឋាន​វិសាខា និង ណាហ្គាវើលដ៍ ទទួល​ក្រុម អង្គរថាយហ្គឺរ នៅ​ខេត្ត​កំពង់ស្ពឺ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top